ជាតិ
សង្គមជាតិ
ការធ្វើស្រែបែបប្រពៃណីរបស់អ្នកនៅតំបន់អង្គរ ជួយលើកតម្លៃរមណីយដ្ឋានប្រវត្តិសាស្ត្រ
12, Dec 2020 , 6:59 pm        
រូបភាព
front ពលរដ្ឋក្នុងតំបន់អង្គរ ប្រវាស់ដៃគ្នាច្រូតកាត់(រូបភាពពី ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា)
front ពលរដ្ឋក្នុងតំបន់អង្គរ ប្រវាស់ដៃគ្នាច្រូតកាត់(រូបភាពពី ហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា)
ដោយ:
ភ្នំពេញ៖  ពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែរក្សាការការធ្វើស្រែ បែបប្រពៃណីដដែល នៅក្នុងសម័យកាលដែលមធ្យោបាយក្នុងការធ្វើកសិកម្មកាន់តែទំនើប បច្ចេកវិទ្យាក៏កាន់តែជឿនលឿននេះ។ សម្រាប់ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរាការធ្វើស្រែតាមបែបប្រពៃណី របស់ពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ ជាផ្នែកមួយបង្ហាញពីវប្បធម៌នៃការរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់អង្គរ បង្ហាញពីការចេះសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក និងជួយលើកតម្លៃរមណីយដ្ឋានអង្គរ។


បច្ចុប្បន្នពលរដ្ឋ ក្នុងតំបន់អង្គរនៅតែរក្សាប្រពៃណី ការធ្វើដោយប្រវាស់ដៃគ្នា ដូចជាការ សាបព្រោះ ដក ស្ទូងនិងការច្រូតកាត់ជាដើម។ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរទាំងអស់ នៅតែធ្វើស្រែតាមបែបប្រពៃណី ដូចជា ការប្រើកម្លាំងមនុស្ស សត្វពាហនៈ ពិសេសការធ្វើស្រែ ដោយប្រវាស់ដៃគ្នាជាដើម ហើយវប្បធម៌នេះនៅតែរក្សារហូតទៅ។ លោកបន្តថា៖«ការធ្វើស្រែ បែបប្រពៃណី មិនត្រឹមតែចំណាយតិចទេ តែជាការបង្ហាញពីរបៀបរស់នៅរបស់ពលរដ្ឋខ្មែរ តាំងពីបុរាណ បានបង្ហាញពីការសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ថែមទាំងជាផ្នែកមួយជួយលើកតម្លើងតម្លៃ នៃតំបន់រមណីយដ្ឋានអង្គរផងដែរ»។

លោកលើកឡើងទៀតថា កត្តាបីយ៉ាង ដែលធ្វើឲ្យតំបន់អង្គរ ក្លាយជាតំបន់បេតិកភណ្ឌ គឺមាន ប្រាសាទ ព្រៃឈើ និងសហគមន៍មនុស្ស។ «សហគមន៍មនុស្ស» គឺបង្ហាញពីការរស់នៅរបស់ពលរដ្ឋក្នុងសហគមន៍ផ្ទាល់ ដូចជាការរស់នៅតាមបែបប្រពៃណី និងការធ្វើស្រែចម្ការ ជាមុខរបរចម្បង។ នេះជាការបន្ថែមរបស់លោក ឡុង កុសល។

កាធ្វើស្រែបែបប្រពៃណី មានន័យថា ជាការធ្វើស្រែ ដោយប្រើប្រាស់ ឧបករណ៍ និងសម្ភារ ក្នុងដំណើរការផលិត តាមបែបបុរាណ (នង្គ័ល រនាស់ កណ្ដៀវ) និងត្រូវប្រើប្រាស់កម្លាំងពលកម្មច្រើន ជាងការធ្វើស្រែតាមបែបបច្ចេកទេសទំនើប ដូចជាការ ភ្ជួររាស់ ការដកស្ទូង មធ្យោបាយដឹកជញ្ជូន និងការប្រមូលផលជាដើម។
ដ្បិតពលរដ្ឋក្នុងតំបន់អង្គរ នៅតែរក្សារបៀបរស់នៅតាមបែបប្រពៃណី តែពួកគាត់មិនពឹងតែរបរធ្វើស្រែតែម្យ៉ាងនោះទេ។ ក្រៅពីការធ្វើស្រែតាមរដូវហើយនោះ ពលរដ្ឋក្នុងតំបន់នោះក៏ជាភ្នាក់ងារទេសចរ អ្នករត់ម៉ូតូឌុប និងអ្នកថែទាំប្រាសាទ ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com