ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ការងារប្រមូលផលស្រូវវស្សា ក្នុងខេត្តព្រះសីហនុសម្រេចបាន ៣៥ភាគរយ
12, Dec 2020 , 4:10 pm        
រូបភាព
ដោយ:
គិតត្រឹមថ្ងៃទី ១០ ខែធ្នូ ការងារប្រមូលផលស្រូវវស្សា ក្នុងខេត្តព្រះសីហនុ សម្រេចបាន  ៣,៦៩៣ហិកតា លើផ្ទៃដីសរុបជាង ១ម៉ឺនហិកតា គិតជាភាគរយ ៣៥ភាគរយ។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០ថា ជាមធ្យមកសិករ ទទួលបានទិន្នផលស្រូវចំនួន  ៣.២តោន នៅលើផ្ទៃដីស្រែមួយហិកតា។



លោក នេន ចំរើន បន្តពន្យល់ប្រាប់សារព័ត៌មាន ThmeyThmey25 មូលហេតុដែលនាំឲ្យ ការប្រមូលផលស្រូវវស្សាយឺត ព្រោះពលរដ្ឋក្នុងខេត្តមានការងារផ្សេង ជាអាទិភាព ដូចជាការនេសាទត្រី និងការដាំដំណាំរួមផ្សំ និងបន្លែ។ ម្យ៉ាងចំនួនអ្នកធ្វើស្រែ នៅក្នុងខេត្តព្រះសីហនុ មានតិចតួចប៉ុណ្ណោះ បើប្រៀបនឹងខេត្តដទៃ។ លោកប្រធានមន្ទីរ គូសបញ្ជាក់ថា ការងារជលផល ជាការងារចម្បងមួយ និងនិយមបំផុត សម្រាប់ពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

ទាក់ទងនឹងការងារជលផលនេះ បើតាមលោក នេន ចំរើន ខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិ ដែលអាចផ្គត់ផ្គង់បានប្រមាណ៥០០តោន ក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២០នេះ ទិន្នផលបង្គាធម្មជាតិ ដែលទទួលបានមិនខុសគ្នានោះ ក្នុងបរិមាណប្រហាក់ប្រហែលដូចរាល់ឆ្នាំ។ រីឯលទ្ធភាពក្នុងការផលិតបង្គានេះ អាចឲ្យកម្ពុជាកាត់បន្ថយការនាំចូលពីបរទេស បង្កើតការងារ និងកាត់បន្ថយការចំណាក ស្រុករបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។ នេះជាការបញ្ជាក់របស់លោក នេន ចំរើន៕


© រក្សាសិទ្ធិដោយ thmeythmey.com