ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ក្នុងបរិបទកូវីដ-១៩ អភិបាលខេត្តពោធិ៍សាត់ ជំរុញឱ្យពលរដ្ឋបង្កើនការដាំបន្លែ និងចិញ្ចឹមសត្វ
12, Dec 2020 , 8:30 pm        
រូបភាព
 
លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យពលរដ្ឋបង្កើនការដាំដុះបន្លែ និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ជាពិសេសក្នុងបរិបទជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។



អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន បានណែនាំ ដល់ពលរដ្ឋដែលមានដីទំនេរ ត្រូវប្រឹងប្រែងដាំដុះបន្លែ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។ លោក បានប្រាប់ដូច្នេះថា៖« កាលណាប្រជាពលរដ្ឋយើង មានការយល់ដឹង និងរួមគ្នាដាំបន្លែសុវត្ថិភាពបានកាន់តែច្រើន នោះជីវភាពក្នុងគ្រួសារ និងសហគមន៍កាន់តែធូរធារ ហើយការនាំចូលបន្លែពីក្រៅប្រទេស នឹងត្រូវបានកាត់បន្ថយ»។

លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ បានលើកឡើងថា មន្ទីរកសិកម្មខេត្ត បានប្រឹងប្រែងដោះស្រាយបញ្ហានៃការដាំដុះបន្លែចម្រុះរយៈពេលខ្លី មានដូចជា ត្រកួន ស្ពៃ តាសក់ សណ្ដែកគួរ និងគ្រាប់ពូជផ្សេងទៀត។ លើសពីនេះ មន្ទីរកសិកម្ម ក៏បានជួយស្វែងរកទីផ្សារសម្រាប់លក់ផលិតផលកសិកម្មរបស់ពលរដ្ឋផងដែរ។

សូមជម្រាបថា កាលពីដើមខែមេសាឆ្នាំ២០២០ ក្នុងស្ថានភាពប្រទេសជាតិកំពុងប្រឈមនឹងវិបត្តិកូវីដ-១៩ (COVID-19) សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋដាំបន្លែ និងចិញ្ចឹមសត្វនានា ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ សម្តេច ហ៊ុន សែន បានបញ្ជាក់ទៀតថា វិបត្តិមេរោគកូវីដ-១៩ ថ្វីដ្បិតធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម នៅកម្ពុជាមែន ប៉ុន្តែវិបត្តិនេះមិនធ្វើឲ្យប៉ះពាល់ដល់វិស័យកសិកម្មនោះទេ។ ផ្ទុយទៅវិញ កលានុវត្តភាព គឺមានសម្រាប់វិស័យកសិកម្ម ដែលតម្រូវឲ្យប្រជាជនដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ៕


Tag:
 ដំណាំ
 កសិកម្ម
  ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com