អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុបនិងអាមេរិក ចោទកូរ៉េខាងជើងប្រើបញ្ហាកូវីដ-១៩ដើម្បីរំលោភសិទ្ធិមនុស្ស
12, Dec 2020 , 5:05 pm        
រូបភាព
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន (AFP)
មេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន (AFP)
ដោយ:
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានពិភាក្សានៅថ្ងៃទី១១ ខែធ្នូ ជុំវិញបញ្ហារំលោភសិទ្ធិមនុស្សក្នុងកូរ៉េខាងជើង។ នោះគឺក្រោយបញ្ហានេះត្រូវបានលើកឡើងដោយសមាជិក៧ប្រទេស ដែលបានចោទប្រកាន់ក្រុងព្យុងយ៉ាងថាប្រើជំងឺរាតត្បាតកូវីដ-១៩ ដើម្បីបង្ក្រាបសិទ្ធិមនុស្សក្នុងប្រទេសខ្លួនកាន់តែខ្លាំងថែមទៀត។



អាល្លឺម៉ង់ ចក្រភពអង់គ្លេស បារាំង បែលហ្ស៊ិក អេស្តូនី  សហរដ្ឋអាមេរិក និងសាធារណរដ្ឋ ដូមីនីក បានលើកយកបញ្ហារំលោភសិទ្ធិមនុស្សដោយប្រើលេសជំងឺកូវីដ-១៩ ក្នុងកិច្ចប្រជុំបិទទ្វារមួយ តាមប្រព័ន្ធអនឡាញ។ នេះបើតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន Reuters ។

សេចក្តីថ្លែងការណ៍រួមរបស់ប្រទេសទាំង៧នេះ ដែលអានដោយអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំ UN លោក Christoph Heusgen មានខ្លឹមសារដូច្នេះថា៖«ការរំលោភបំពានសិទ្ធិមនុស្សរបស់កូរ៉េខាងជើង បង្ករការគំរាមកំហែងដល់សន្តិសុខនិងសន្តិភាពអន្តរជាតិ។ រដ្ឋាភិបាលកូរ៉េខាងជើង បង្វែរធនធានចេញពីពលរដ្ឋទៅចំណាយលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលប៉ាលីស្ទិកខុសច្បាប់របស់ខ្លួន»។

កន្លងទៅ កូរ៉េខាងជើង បានបដិសេធការចោទប្រកាន់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សក្នុងប្រទេសខ្លួន ហើយថែមទាំងទម្លាក់កំហុសលើការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិសម្រាប់ស្ថានការណ៍ជីវភាពដ៏យ៉ាប់យ៉ឺនរបស់ពលរដ្ឋខ្លួនផងដែរ។ ក្រុងព្យុងយ៉ាង ស្ថិតក្រោមទណ្ឌកម្ម UN ចាប់តាំងពី២០០៦ លើមីស៊ីលប៉ាលីស្ទិក និងកម្មវិធីនុយក្លេអ៊ែរ។

ក្នុងសេចក្តីថ្លែងការណ៍រួមដដែល លោក Heusgen បានបញ្ជាក់ថា ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការផ្ដល់អាទិភាពចំពោះកម្មវិធីអាវុធនុយក្លេអ៊ែរជាងតម្រូវការរបស់ប្រជាជនខ្លួន ហើយដាក់ខ្លួននៅឯកោពីសហគមន៍អន្តរជាតិ  គឺមិនអាចចៀសផុតពីការធ្វើឲ្យផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩កាន់តែអាក្រក់លើពលរដ្ឋកូរ៉េខាងជើង។

ចន្លោះពីឆ្នាំ២០១៤ និងឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខ បានរៀបចំកិច្ចប្រជុំសាធារណៈប្រចាំឆ្នាំស្តីពីបញ្ហារំលោភសិទ្ធិមនុស្សក្នុងកូរ៉េខាងជើង ។ ក្នុងឆ្នាំ២០១៨ ក្រុមប្រឹក្សានេះអត់បានពិភាក្សាបញ្ហានេះឡើយ ដោយកាលនោះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រឹងប្រែងចរចាឲ្យក្រុងព្យុងយ៉ាងបញ្ចប់កម្មវិធីនុយក្លេអ៊ែរខ្លួន តែកិច្ចប្រឹងប្រែងនេះត្រូវបរាជ័យ។

យ៉ាងណាមិញ កាលពីឆ្នាំមុន យ៉ាងហោចណាស់ សមាជិកក្រុមប្រឹក្សាចំនួនប្រទេស បានជំរុញឲ្យបើកកិច្ចប្រជុំលើបញ្ហសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើង ដែលធ្វើឲ្យក្រងព្យុងយ៉ាងចេញសារព្រមានថា ខ្លួននឹងពិចារណាវាយបកធ្ងន់ធ្ងរលើរឿងនេះ៕  


© រក្សាសិទ្ធិដោយ thmeythmey.com