ជាតិ
សង្គមជាតិ
របាយការណ៍លីកាដូ៖ ៣ឆ្នាំនេះ​ ជិត១ភាគ៣​ នៃករណីរំលោភ គឺពាក់ព័ន្ធនឹងសាច់ញាតិ
12, Dec 2020 , 10:30 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ជិត ១ ភាគ៣នៃករណីរំលោភសេពសន្ថវៈប្រឆាំងស្ត្រី និងកុមារ គឺត្រូវបានប្រព្រឹត្តឡើងដោយសាច់ញាតិខ្លួនផ្ទាល់ក្នុងរយៈពេល៣ឆ្នាំនេះ។ ស្ត្រី​និងកុមាររងអំពើរំលោភសេពសន្ថវៈដោយមានការបង្ខិតបង្ខំ និងការគំរាមពីសាច់ញាតិគ្រួសារ។ នេះបើតាមអង្គការលីកាដូ ដែលបានចេញផ្សាយរបាយការណ៍ស្តីពី«ទម្លាយភាពស្ងៀមស្ងាត់របស់ក្មេងស្រី និងស្ត្រីដែលត្រូវបានរងអំពើរំលោភសេពសន្ថវៈ» ដើម្បីចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ ប្រឆាំងនឹងអំពើហិង្សាផ្នែកយែនឌ័រ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។



របាយការណ៍អង្គការលីកាដូ ដែលបានអន្តរាគមន៍ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្មេងស្រី និងស្ត្រីមួយចំនួនភាគច្រើនត្រូវបានទទួលរងនូវអំពើហិង្សាផ្នែករំលោភសេពសន្ថវៈ ឬប៉ុនប៉ងរំលោភសេពសន្ថវៈ ដោយមានការបង្ខិតបង្ខំ និងការគំរាមពីសាច់ញាតិបង្កើតដូចជា ឪពុក ឪពុកចុង ឬសាច់ញាតិឪពុកចុង សាច់ថ្លៃ ពូ និងជីតាបង្កើត។  

របាយការណ៍លីកាដូ បានបញ្ជាក់ថា ជនរងគ្រោះជិតពាក់កណ្ដាលបានទទួលរងអំពើហិង្សាផ្លូវភេទពីសំណាក់សាច់ញាតិបង្កើតដូចជា ឪពុក ពូ ឬជីតាបង្កើត ស្មើ៤៦ភាគរយ ។ អ្នកផ្សេងទៀតបានរាយការណ៍ពីអំពើហិង្សាផ្លូវភេទប្រព្រឹត្តដោយឪពុកចុង ឬសាច់ញាតិឪពុកចុង និងសាច់ថ្លៃ ៥៤ភាគរយ ។

បើតាមរបាយការណ៍ដដែល ក្មេងស្រី និងស្ត្រី ដែលជិត ១ ភាគ៣ ស្មើ ១៣៧ ករណី នៃចំនួនសរុប៤៤៦ករណី ជាប់ពាក់ព័ន្ធនឹងជនសង្ស័យដែលជាសាច់ញាតិរបស់ជនរងគ្រោះ ដែលបានរាយការណ៍ពីករណីរំលោភបំពានទាំងនោះ ។ ក្នុងនោះមាន៣៥៨ករណី គឺស្មើនឹង៨០ភាគរយ ជាប់ពាក់ព័ន្ធនឹងកុមារអាយុក្រោម១៨ឆ្នាំ។

របាយការណ៍លីកាដូ បានបញ្ជាក់ដូច្នេះថា៖«ករណីជាច្រើនមិនត្រូវបានរាយការណ៍មកអាជ្ញាធរតាមមូលដ្ឋានឡើយ ដោយសារតែក្មេងស្រី និងស្ត្រីមួយចំនួនបានលាក់លៀមករណីនេះ ដោយសារតែជនសង្ស័យបានប្រើពាក្យសម្តីគំរាមសម្លាប់ពួកគេ បើកាលណាពួកគេរាយការណ៍ករណីនេះទៅអាជ្ញាធរ»។

ហេតុផលផ្សេងទៀត ដែលជនរងគ្រោះមិនរាយការណ៍មកអាជ្ញាធរ ដោយសារតែពួកគេមានភាពភ័យខ្លាចនៃការរើសអើងនៅក្នុងសង្គម ទំនៀមទម្លាប់ប្រពៃណី និងកង្វះភាពស្មោះត្រង់ក្នុងប្រព័ន្ធយុត្តិធម៌។ ម្យ៉ាងទៀតជនរងគ្រោះយល់ថា បើកាលណាជនសង្ស័យត្រូវបានជាប់ពន្ធនាគារ ពួកគេនឹងប្រឈមនឹងជួបផលលំបាក ដោយសារពួកគេត្រូវពឹងផ្អែកលើជនសង្ស័យក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារ ឬការមើលថែពីគ្រួសារ។ នេះបើតាមរបាយការណ៍លីកាដូ។
លីកាដូ បានបន្ថែមថា ករណីរំលោភសេពសន្ថវៈ បានកើតឡើងច្រើន កាលពីឆ្នាំ២០១៩ ខណៈដែលជនរងគ្រោះខ្លះមិនបានទៅសាលារៀន ហើយគ្មានការងារធ្វើដោយសារវិបត្តិកូវីដ-១៩ ដែលជាហេតុនាំឲ្យជនរងគ្រោះ មានពេលនៅផ្ទះច្រើន និងនៅក្បែរជនល្មើស។

ករណីរំលោភសេពសន្ថវៈខ្លះ បានឈានដល់ការជំនុំជម្រះក្តីដោយជនល្មើសត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ ដែលបានអនុវត្តពេញលេញនូវច្បាប់ពាក់ព័ន្ធ ហើយករណីខ្លះទៀតជនល្មើសត្រូវបានទទួលទោសស្រាល ទោសជាប់ពន្ធនាគាររយៈពេលខ្លី ការកាត់ទោសកំបាំងមុខ និងមិនត្រូវបានចាប់ខ្លួន។ នេះបើតាមរបាយការណ៍។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូបានលើកឡើងថា រាជរដ្ឋាភិបាលមិនទាន់បានចាត់វិធានការគ្រប់គ្រាន់ សម្រាប់ជួយជនរងគ្រោះដែលរងអំពើរំលោភសេពសន្ថវៈ ដោយសារសាច់ញាតិនៅឡើយទេ។ លោកស្រីបាននិយាយថា ភាពខ្វះខាតនៃការរាយការណ៍អំពីករណីនេះ ទៅកាន់អាជ្ញាធរ គឺធ្វើឲ្យជនរងគ្រោះ មិនអាចទទួលបានភាពយុត្តិធម៌ឡើយ។

លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ ក៏បានលើកឡើងថា អាជ្ញាធរមិនទាន់ចាត់វិធានការគ្រប់គ្រាន់ ដើម្បីឲ្យប្រាកដថាជនល្មើសត្រូវយកមកផ្តន្ទាទោស ខណៈដែលករណីរំលោភសេពសន្ថវៈក្នុងរង្វង់គ្រួសារ បានកើតឡើងច្រើនក្នុងបច្ចុប្បន្ននេះ។ «សិទ្ធិរបស់ស្ត្រី និងក្មេងស្រី ត្រូវបានមើលរំលង ដែលនេះបង្ហាញថា អំពើរំលោភសេពសន្ថវៈគឺជាអ្វីដែលអាចអត់ឱនបាន»។ នេះជាការបញ្ជាក់របស់លោក អំ សំអាត។

សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងយុត្តិធម៌ ដើម្បីឆ្លើយតបនឹងអង្គការលីកាដូ ដែលលើកឡើងថា រាជរដ្ឋាភិបាលមិនទាន់បានចាត់វិធានការគ្រប់គ្រាន់ សម្រាប់ជួយជនរងគ្រោះដែលរងអំពើរំលោភសេពសន្ថវៈ ដោយសារសាច់ញាតិនៅឡើយទេ។

ប៉ុន្តែដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើរំលោភសេពសន្ថវៈគឺទាមទារឲ្យមានការលុបបំបាត់ការស្តីបន្ទោសលើជនរងគ្រោះ មានការសហការជាមួយនឹងអាជ្ញាធរដើម្បីចាត់វិធានការ។ បង្កើនកិច្ចការពារជនរងគ្រោះ ការផ្តល់សេវាកម្ម និងការគាំទ្រផ្នែកហរិញ្ញវត្ថុសម្រាប់អ្នកដែលបានរាយការណ៍អំពីករណីនេះ។ នេះបើតាមរបាយការណ៍របស់អង្គកាលីកាដូ៕


 


© រក្សាសិទ្ធិដោយ thmeythmey.com