អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ត្រាំ រិះគន់​តុលាការ​កំពូល​ដែល​ទាត់ចោល​បណ្ដឹង​រដ្ឋ Texas
13, Dec 2020 , 10:42 am        
រូបភាព
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណ្តិតអាមេរិក និងអង្គុយនៅក្បែរលោក គឺរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក William Barr ។ រូបពី AFP
លោក ដូណាល់ ត្រាំ ប្រធានាធិបតីជិតផុតអាណ្តិតអាមេរិក និងអង្គុយនៅក្បែរលោក គឺរដ្ឋមន្ត្រីយុត្តិធម៌អាមេរិក William Barr ។ រូបពី AFP
ដោយ:
​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​រិះគន់​ធ្ងន់ៗ​លើ​តុលាការ​កំពូល​អាមេរិក ក្រោយ​បដិសេធ​បណ្ដឹង​របស់​រដ្ឋ Texas ដែល​ព្យាយាម​ផាត់​ចោល​ជ័យជម្នះ​លោក ចូ បៃ​ឌិន ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ លើសពី​រិះគន់​តុលាការ​កំពូល លោក ត្រាំ ក៏​ព្រមាន​បណ្ដេញ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក​ពី​តំណែង​ផងដែរ​។

 
​កាលពី​ថ្ងៃទី ១១ ខែធ្នូ តុលាការ​កំពូល​អាមេរិក បាន​បដិសេធ​បណ្ដឹង​របស់​រដ្ឋ Texas ដែល​ចង់​កែ​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ​ចំនួន​៤ ដែល​ប្រធានាធិបតី​ជាប់ឆ្នោត បៃ​ឌិន ឈ្នះ​។ ការសម្រេចចិត្ត​នេះ ធ្វើឡើង​៣​ថ្ងៃមុន​ជំនួប​របស់​ប្រតិភូ​បោះឆ្នោត​អាមេរិក នឹង​បោះឆ្នោត​ទទួលស្គាល់​ជ័យជម្នះ​លោក​បៃ​ឌិន​ជា​ផ្លូវការ​។ 
 
​លោក ត្រាំ បាន​បដិសេធ​ទទួលស្គាល់​លទ្ធផល​ឆ្នោត ទោះបីជា​ចាញ់​លោក​បៃ​ឌិន ដែលមាន​ប្រតិភូ​បោះឆ្នោត​រហូតដល់ ៣០៦ ទល់នឹង​លោក ២៣២ ប៉ុណ្ណោះ ។ តាម​រដ្ឋធម្មនុញ្ញ​អាមេរិក បេក្ខជន​ប្រធានាធិបតី ត្រូវការ​ប្រតិភូ​បោះឆ្នោត​យ៉ាងតិច ២៧០ ដើម្បី​គ្រង​សេត​វិមាន​អាមេរិក​។ 
​មួយថ្ងៃ​ក្រោយ​ការចេញ​សេចក្តីសម្រេច​ទាត់ចោល​បណ្ដឹង​រដ្ឋ Texas លោក ត្រាំ បាន​សរសេរ​លើ​បណ្ដាញ​សង្គម Twitter ថា ទង្វើ​នេះ​គឺជា​ការខុស​ធ្លោយ​ដ៏​ធំធេង​របស់​តុលាការ​កំពូល ហើយ​សង្កត់ធ្ងន់ថា ពលរដ្ឋ​អាមេរិក ត្រូវបាន​បោកប្រាស់​។ 
 
​ទាក់ទិន​នឹង​ការបដិសេធ​បណ្ដឹង​នេះ តុលាការ​កំពូល​អាមេរិក បាន​អះអាងថា រដ្ឋ Texas អត់​មាន​មូលដ្ឋាន​ច្បាប់​គ្រប់គ្រាន់​ដើម្បី​លើកយក​សំណុំ​រឿងនេះ​ទៅ​ជំនុំជម្រះ​ក្នុង​តុលាការ​ឡើយ​។ គួរ​រ​បញ្ជាក់​បន្តិច​ថា បណ្ដឹង​របស់​រដ្ឋ​Texas អះអាងថា ការកែប្រែ​នីតិវិធី​បោះឆ្នោត​ពី​សំណាក់​រដ្ឋ​ទាំង​៤ រួមមាន Georgia, Michigan, Pennsylvania និង Wisconsin ក្នុង​កាលៈទេសៈ​ជំងឺ​កូ​វីដ​-១៩ ដោយ​ពង្រីក​ការបោះឆ្នោត​តាមរយៈ​ប្រៃសណីយ៍ ជា​រឿង​ខុសច្បាប់​។ 
 
​បន្ថែម​ពី​រិះគន់​ធ្ងន់ៗ​លើ​តុលាការ​កំពូល លោក​ប្រធានាធិបតី ត្រាំ ក៏បាន​វាយប្រហារ​លើ​រដ្ឋមន្ត្រី​យុត្តិធម៌​អាមេរិក William Barr ផងដែរ ក្រោយ​កាសែត​អាមេរិក Wall Street Journal បាន​ចុះផ្សាយ​ថា​លោក​រដ្ឋមន្ត្រី​បានដឹង​មុន​ពី​ព័ត៌មាន​ពាក់ព័ន្ធ​ការស៊ើបអង្កេត​ករណី​ពន្ធ​របស់​កូនប្រុស​លោក​បៃ​ឌិន គឺ Hunter តែ​សម្រេច​នៅ​ស្ងៀម​។ ត្រង់ចំណុច​នេះ លោក ត្រាំ បាន​ព្រមាន​បណ្ដេញ​លោក Barr ពី​តំណែង ហើយ​ខកចិត្ត​ជាខ្លាំង​ចំពោះ​លោក Barr ។​
 
​មែនទែនទៅ វាសនា​លោក​រដ្ឋមន្ត្រី Barr ក្នុងពេល​ចុងក្រោយ​នៃ​រដ្ឋបាល​លោក​ត្រាំ កាន់​តែមាន​ភាពស្រពេចស្រពិល ចាប់តាំងពី​លោក​បានបញ្ជាក់​កាលពី​សប្ដាហ៍​មុន​ថា ការស៊ើបអង្កេត​ក្រសួងយុត្តិធម៌​អាមេរិក រក​មិនឃើញ​ភស្តុតាង​ដំ​កំភួន​ណាមួយ​ពាក់ព័ន្ធ​នឹង​ការលួចបន្លំ​ទ្រង់ទ្រាយ​ធំ​ក្នុងការ​បោះឆ្នោត​អាមេរិក​។ នេះ​គឺ​ផ្ទុយ​ពី​ការអះអាង​របស់លោក​ត្រាំ ៕ 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com