ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ទោះគ្មានទេសចរដូចមុន តែការធ្វើស្ករត្នោតរបស់អ្នកស្រី វណ្ណ សាវ៉ាត នៅលក់ដាច់ជាធម្មតា
13, Dec 2020 , 11:57 am        
រូបភាព
សៀមរាប៖ ក្រៅពីនំបញ្ចុក ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ក៏មានភាពល្បីល្បាញលើការផលិតស្ករត្នោតផងដែរ។ ក្រោយរដូវប្រាំងចូលមកដល់ ទឹកត្នោតចាប់មានទឹកច្រើន ដែលការណ៍នេះអនុញ្ញាតឱ្យអ្នកភូមិចាប់ផ្តើមផលិតស្ករត្នោត។ អ្នកស្រី វណ្ណ សាវ៉ាត ជាអ្នកភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី និងបានប្រកបរបរផលិតស្ករត្នោតលក់អស់ជាង២០ឆ្នាំមកហើយ។ សព្វថ្ងៃ អ្នកស្រីនៅផលិតស្ករត្នោតលក់ជាធម្មតា ទោះបីពុំមានទេសចរឆ្លងកាត់ច្រើនដូចមុនៗ។ អតិថិជនដែលចូលទិញស្ករអ្នកស្រី សាវ៉ាត ច្រើនជាភ្ញៀវខ្មែរ ហើយក្នុងមួយថ្ងៃៗ អ្នកស្រីអាចលក់ស្ករពី៥ទៅ១០គីឡូក្រាម។



ដើម្បីជ្រាបព័ត៌មានកាន់តែច្បាស់ សូមអញ្ជើញទស្សនាវីដេអូនៃកិច្ចសម្ភាសរវាងអ្នកសារព័ត៌មានថ្មីៗប្រចាំខេត្តសៀមរាប ជាមួយអ្នកស្រី វណ្ណ សាវ៉ាត ដែលកំពុងរម្ងាស់ស្ករផលិតស្ករត្នោតនៅតាមបណ្ដោយផ្លូវ ក្នុងភូមិសណ្ដាយ ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ដូចតទៅនេះ

 

ជារៀងរាល់ថ្ងៃស្រ្ដីរូបនេះប្រាប់ថា អាចផលិតស្ករត្នោតពី១០ទៅ១៥គីឡូក្រាម គឺអាចរម្ងាស់ទឹកត្នោតបាន២ទៅ៣ខ្ទះ ដែលក្នុងមួយខ្ទះៗប្រើទឹកត្នោតអស់២៥ទៅ៤០លីត្រ ផលិតជាស្ករបាន៥គីឡូក្រាម និងត្រូវប្រើពេលរម្ងាស់រហូត៣ម៉ោង។ ក្នុងស្កររាវមួយគីឡូក្រាម អ្នកស្រី សាវ៉ាត លក់បានក្នុងតម្លៃ ៨ពាន់រៀល ដែលជាស្ករល្អ និងឆ្ងាញ់។ ក្រៅពីស្កររាវ អ្នកស្រីក៏មានធ្វើស្ករផែន និងស្ករហ៊ុយ (ស្ករលាយកាហ្វេ) ផងដែរ។


មានវ័យ៤៦ឆ្នាំ អ្នកស្រី វណ្ណ សាវ៉ាត បានចាប់របរផលិតស្ករត្នោត ចាប់តាំងពីអ្នកស្រីមានវ័យខ្ទង់២០ឆ្នាំ។ របរនេះ ដ្បិតថាមានភាពនឿយហត់មិនចាញ់ធ្វើស្រែចម្ការប៉ុន្មាននោះទេ តែវាបានជួយឱ្យអ្នកស្រីមានពេលគ្រប់គ្រាន់ដើម្បីមើលកូនប្រុសស្រី៣នាក់នៅផ្ទះ រៀបចំម្ហូបអាហារជូនពួកគាត់ពេលត្រឡប់មកពីរៀនវិញ។ មិនតែប៉ុណ្ណោះ របរនេះជួយសេដ្ឋកិច្ចគ្រួសារអ្នកស្រី សាវ៉ាត មួយផ្នែកធំ។ របរមួយនេះ អាចចិញ្ចឹមគ្រួសារអ្នកស្រី សាវ៉ាត បានងាយស្រួល ហើយអ្នកស្រី ក៏មិនចង់ធ្វើការងារអ្វីផ្សេងដែរ៕





 

Tag:
 ស្ករត្នោត
  បន្ទាយស្រី
© រក្សាសិទ្ធិដោយ thmeythmey.com