COVID-19
អន្តរជាតិ
ប៉េរូពន្យារពេលសាកល្បងវ៉ាក់សាំង COVID-19 របស់ចិនសិន
13, Dec 2020 , 2:03 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ កង ម៉េងហុង
ប៉េរូបានផ្អាកការសាកល្បងជាបណ្តោះអាសន្ននូវការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដែលផលិតដោយក្រុមហ៊ុនយក្សរបស់ចិន Sinopharm បន្ទាប់ពីបានរកឃើញបញ្ហាសរសៃប្រសាទនៅក្នុងខ្លួនអ្នកស្ម័គ្រចិត្តធ្វើតេស្តវ៉ាក់សាំងម្នាក់។



កាលពីថ្ងៃ ១១ ខែធ្នូ វិទ្យាស្ថានសុខភាពជាតិរបស់ប៉េបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តផ្អាកការសាកល្បងការចាក់វាក់សាំង កូវីដ-១៩  បន្ទាប់ពីអ្នកស្ម័គ្រចិត្តម្នាក់មានការពិបាកក្នុងការធ្វើចលនាដៃរបស់គេ។

បើតាមសារព័ត៌មាន AFP ប្រធានក្រុមស្រាវជ្រាវលោក German Malaga បាននិយាយថា៖« កាលពីប៉ុន្មានថ្ងៃមុនយើងបានផ្តល់សញ្ញាទៅអាជ្ញាធរថា មានអ្នកចូលរួមក្នុងការសាកល្បងវ៉ាក់សាំងរបស់យើងម្នាក់ បានបង្ហាញរោគសញ្ញាប្រព័ន្ធប្រសាទដែលអាចទាក់ទងទៅនឹងស្ថានភាពមួយដែលហៅថារោគសញ្ញា Guillain-Barre» ។

រោគសញ្ញា Guillain-Barre គឺជាជំងឺដ៏កម្រនិងមិនឆ្លង ដែលប៉ះពាល់ដល់ចលនាដៃនិងជើង។ អ្វីដែលគួរឲ្យកត់សម្គាល់ ប៉េរូក៏ធ្លាប់ប្រកាសអាសន្នពីបញ្ហាសុខភាពជាបណ្តោះអាសន្ននៅក្នុងតំបន់ចំនួន ៥ កាលពីខែមិថុនាឆ្នាំមុន បន្ទាប់ពីមានជំងឺនេះផ្ទុះឡើងច្រើនករណី។

ដោយឡែកការសាកល្បងវ៉ាក់សាំង Sinopharm របស់ប៉េរូ គ្រោងនឹងត្រូវបញ្ចប់ជាផ្លូវការនៅសប្តាហ៍នេះ បន្ទាប់ពីការធ្វើតេស្តិ៍លើមនុស្សចំនួន ១២០០០ នាក់។

ប្រសិនបើទទួលជោគជ័យ រដ្ឋាភិបាលប្រទេសប៉េរូត្រូវបានគេរំពឹងថានឹងទិញរហូតដល់ទៅ ២០ លានដូស សម្រាប់ចំនួន ២/៣ នៃប្រជាជនរបស់ខ្លួន។ ប៉ុន្តែរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១ឯណោះទើបគេអាចដឹងលទ្ធផលជាផ្លូវការនៃប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងនេះ។
គួរបញ្ជាក់ថា មកដល់បច្ចុប្បន្ន មនុស្សចំនួន ៦០០០០ នាក់នៅទូទាំងពិភពលោកបានចាក់វ៉ាក់សាំង Sinopharm រួចហើយក្នុងនោះមានអ្នកស្ម័គ្រចិត្តនៅអាហ្សង់ទីន រុស្ស៊ី និង អារ៉ាប៊ីសាអ៊ូឌីត។

គិតត្រឹមថ្ងៃទី ១១  ប៉េរូមានអត្រាមនុស្សស្លាប់ខ្ពស់បំផុតក្នុងលោក បានបណ្តាលឱ្យមនុស្សស្លាប់ ៣៦,៤៩៩ នាក់និង ៩៧៩,១១១ នាក់បានឆ្លងជំងឺកូវីដ-១៩  ៕






Tag:
 ប៉េរូ
  វ៉ាក់សាំងកូវីដ ១៩
  Sinopharm
© រក្សាសិទ្ធិដោយ thmeythmey.com