ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កម្មវិធី«អាស្ប៉ាយ» រួមចំណែកលើកកម្ពស់ជីវភាពកសិករជាង១៤ម៉ឺនគ្រួសារ ឲ្យធូរធារជាងមុន
13, Dec 2020 , 2:46 pm        
រូបភាព
ដោយ:
 ភ្នំពេញ៖ តាំងពីឆ្នាំ២០១៥មក មានកសិករចំនួន  ១៤.៤ ម៉ឺនគ្រួសារ កំពុងអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅថា «អាស្ប៉ាយ»។ ការវាយតម្លៃរបស់ស្ថាប័នឯករាជ្យមួយ បានបង្ហាញថាកម្មវិធី«អាស្ប៉ាយ»នេះ ចូលរួមចំណែកលើកកម្ពស់ជីវភាពកសិករឲ្យធូរធារជាងមុន ពោលគឺកសិករមួយគ្រួសារមានចំណូលកើនឡើងប្រមាណ១៦ភាគរយ គឺកើនពី២,៨៥៩ដុល្លារ នៅឆ្នាំ២០១៧ ដល់ ៣,៣០៨ដុល្លារ  នៅឆ្នាំ២០២០។



អាស្ប៉ាយ (ASPIRE) គឺជាកម្មវិធីផ្សព្វផ្សាយពីបច្ចេកវិទ្យាកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដែលគាំទ្រថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា «IFAD»។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា គិតចាប់ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន មានកសិករ ១៤៤,០០០គ្រួសារ នៅទូទាំងប្រទេស បាន និងកំពុងអនុវត្តកម្មវិធី«អាស្ប៉ាយ»នេះ។
ដំណាំកសិករក្នុងកម្មវិធី អាស្ប៉ាយ

បំណងសំខាន់ របស់«អាស្ប៉ាយ» គឺធ្វើឲ្យប្រសើរឡើងនូវការផ្តល់ធាតុចូលកសិកម្ម សម្រាប់គាំទ្រកសិករ ដែលមានទំហំផ្ទៃដីបង្កបង្កើនផលតូច និងងាយរងគ្រោះ តាមរយ:ការធ្វើអាជីវកម្មធន់នឹងការប្រែប្រួលអាកាសធាតុ ដែលជាផ្នែកមួយនៃការរក្សានិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។ នេះបើតាមលោក វេង សាខុន មុននឹងលោកបន្តសរសេរថា កម្មវិធី អាស្ប៉ាយ អាចឲ្យកសិករមានជីវភាពធូរធារជាងមុន។ «តាមរយៈការវាយតម្លៃរបស់ស្ថាប័នឯករាជ្យមួយ ឈ្មោះថា SBK នៅរយៈពេល ៣ឆ្នាំមុន (២០១៧) កសិករមានចំណូលត្រឹម ២,៨៥៩ដុល្លារក្នុងមួយគ្រួសារ កើនដល់ ៣,៣០៨ដុល្លារ នៅឆ្នាំ២០២០។ គិតជាភាគរយ មាន ១៦ភាគរយ»។

បើតាមលោករដ្ឋមន្រ្តីកសិកម្ម  តាមរយៈកម្មវិធីនេះ កសិករក៏ទទួលយកបច្ចេកទេសថ្មី ទៅអនុវត្តន៍ កែលម្អ ច្នៃប្រឌិត និងធ្វើនវានុវត្តន៍ និងមានភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិត ពីការផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាព។ មិនតែប៉ុណ្ណោះ កសិករ អាចបង្កើតបរិយាកាសអំណោយផល ដល់ការធ្វើអាជីវកម្ម ជាលក្ខណៈប្រកួតប្រជែង ក្នុងរង្វង់បណ្តុំសហគមន៍ តំបន់ និងនៅទូទាំងប្រទេស ក៏ដូចជាអាចបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមរយ:ការធ្វើផលិតកម្មកសិកម្ម តាមកិច្ចសន្យា។ ការអនុវត្តកម្មវិធីនេះ ក៏ធ្វើឲ្យកសិករ និងឈ្មួញមានភាពងាយស្រួល ក្នុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងជៀសវាងបានការបន្ទាបតម្លៃពីឈ្មួញ និងកំណត់តម្លៃមួយសមរម្យ រវាងអ្នកលក់ និងអ្នកទិញផងដែរ៕

 

Tag:
 អាស្ប៉ាយ
  ជីវភាព
  កសិករ
© រក្សាសិទ្ធិដោយ thmeythmey.com