COVID-19
អន្តរជាតិ
រលកឆ្លងទី៣៖ ២៤ម៉ោង កូរ៉េខាងត្បូង រកឃើញកូវីដ-១៩ជាង១ពាន់ករណីថ្មី ស្ត្រី២នាក់ ដើរនៅលើផ្លូវស្ងាតជ្រងំមួយក្នុងទីក្រុង សេអ៊ូល ដោយសារវិធានការគម្លាតសុវត្ថិភាពរបស់រដ្ឋាភិបាល កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២០ ។ រួបពី Reuters
× កូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងកូវីដ-១៩ថ្មី ១០៣០ករណី នៅថ្ងៃទី ១៣ ខែធ្នូ។ នេះជាករណីឆ្លងប្រចាំថ្ងៃខ្ពស់ពីរថ្ងៃជាប់គ្នាហើយ ខណៈប្រទេសអាស៊ីមួយនេះ ចាប់ផ្ដើមប្រយុទ្ធប្រឆាំងរលកឆ្លងទី៣នៃជំងឺកូវីដ-១៩។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីឆ្លងទាំង១០៣០ករណីថ្មី អ្នកជំងឺ១០០២នាក់ជាករណីឆ្លងសហគមន៍។ បូកទាំងករណីឆ្លងថ្មីនេះ ករណីឆ្លងសរុបក្នុងប្រទេសនេះឡើងដល់ ៤២ ៧៦៦ករណី ជាមួយអ្នកស្លាប់ ៥៨០នាក់។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Sye-kyun បានអះអាងនៅថ្ងៃទី១២ ខែធ្នូថា ការបង្កើនការរឹតបណ្ដឹងលើវិធានការគម្លាតសុវត្ថិភាពទៅដល់កម្រិតខ្ពស់បំផុត នឹងមិនអាចចៀសផុតឡើយ ប្រសិនបើការឆ្លងរាលដាលនៅតែបន្ត។ បើកើតឡើងមែននោះ នេះនឹងក្លាយជាការបិទប្រទេសទីមួយសម្រាប់ប្រទេសអាស៊ីដែលមានសេដ្ឋកិច្ចលំដាប់លេខ៤នេះ។
កន្លងទៅ រដ្ឋាភិបាល កូរ៉េខាងត្បូង ត្រូវបានលើកសរសើរសម្រាប់ភាពជោគជ័យក្នុងការរាំងខ្ទប់ជំងឺកូវីដ-១៩ ដោយមិនបានអនុវត្តវិធានការបិទប្រទេស ពោលគឺប្រទេសនេះពឹងផ្អែកខ្លាំងលើការតាមរក អ្នកពាក់ព័ន្ធនឹងអ្នកជំងឺ ក៏ដូចជាធ្វើតេស្តទ្រង់ទ្រាយធំ ជាដើម។
ក្រោយកូរ៉េខាងត្បូង បានរាយការណ៍ករណីឆ្លងថ្មី ៩៥០ករណី កាលពីថ្ងៃទី ១២ ខែធ្នូ ប្រធានាធិបតី មូន ចេអ៊ីន បានដាក់ពង្រាយប៉ូលិស កងទ័ព និងបុគ្គលិកសុខាភិបាលរដ្ឋ ដើម្បីគ្រប់គ្រងការឆ្លងរាលដាល ដែលលោកចាត់ទុកថាជារឿងអាសន្ន។
រដ្ឋធានី សេអ៊ូល គឺស្ថិតនៅការរឹតត្បិតកម្រិត២,៥ ហើយការដំឡើងដល់កម្រិត ៣ ដែលខ្ពស់បំផុតគឺកម្រិត៥ នឹងតម្រូវឲ្យការរៀនសូត្ររៀបចំឡើងតាមប្រព័ន្ធអនឡាញ, អនុញ្ញាតឲ្យតែបុគ្គលិកចាំបាច់ប៉ុណ្ណោះធ្វើការនៅការិយាល័យ និងហាមឃាត់ការប្រមូលផ្ដុំមនុស្ស១០នាក់ឡើងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com