ជាតិ
សង្គមជាតិ
ពលរដ្ឋចេះតាមដានព័ត៌មានកូវីដ-១៩ តែមិនប្រុងប្រយ័ត្នការពារខ្លួន
13, Dec 2020 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា
ភ្នំពេញ៖ ជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋកម្ពុជា ចាប់ផ្តើមយកចិត្តទុកដាក់ តាមដានព័ត៌មានទាក់ទងនឹងព្រឹត្តិការណ៍ដែលកើតឡើងប្រចាំថ្ងៃ។ ដ្បិតពួកគេចេះព្រួយបារម្ភពីសុវត្តិភាពផ្ទាល់ និងអ្នកដទៃក្តី ប៉ុន្តែពួកគេនៅខ្វះការយកចិត្តទុកដាក់លើវិធានការអនាម័យ។


ក្នុងរយៈពេលជាងមួយឆ្នាំដែលកើតជំងឺកូវីដ១៩ បានធ្វើឱ្យពលរដ្ឋកម្ពុជាភាគច្រើនចាប់ផ្ដើមចាប់អារម្មណ៍លើព័ត៌មានទាក់ទងនឹងសុខភាពទូទៅ ដែលពួកគាត់មិនសូវបានគិតគូរ និងយកចិត្តទុកដាក់ពីមុនពេលមានជំងឺកូវីដ១៩កើតឡើង ។

ត្បិតថាមានប្រជាជនភាគច្រើនបានប្តូរទម្លាប់ និងសកម្មភាពក្នុងការរស់នៅ ប៉ុន្តែក៏នៅមានពលរដ្ឋមួយចំនួន ដែលទទួលបានព័ត៌មានកូវីដ-១៩ហើយ ក៏ពួកគាត់នៅតែធ្វេសប្រហែសក្នុងការការពារខ្លួនដដែល។ អ្នកខ្លះបានការពារខ្លួន នៅកន្លែងធ្វើការ នៅផ្សារ និងកន្លែងជួបជុំ តែនៅពេលមកដល់ផ្ទះមិនបានប្រយ័ត្ននិងការពារអនាម័យនោះទេ។ អ្នកខ្លះ រវល់រកស៊ី រហូតភ្លេចពីការអនុវត្តវិធានការអនាម័យទៀតផង។

ស្ត្រី៥១ឆ្នាំមួយរូប ជាអ្នកលក់បន្លែនៅក្នុងផ្សារដើមថ្កូវ នៅក្នុងរាជធានីភ្នំពេញបាននិយាយថា ខ្លួនតែងតែតាមដានតាមព័ត៌មានជំងឺកូវីដ-១៩ ជាប្រចាំ ពេលទំនេរពីលក់ដូរ តែមិនសូវបានអនុវត្តតាមការណែនាំរបស់ក្រសួងបាន១០០ភាគរយទេ ដោយសារតែរវល់លក់ដូរ។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ស្ត្រីអាជីករលក់បន្លែរូបនេះ បាននិយាយដូច្នេះថា៖« ព័ត៌មានភាគច្រើន គេបង្ហោះតាមបណ្ដាញសង្គមខ្ញុំបានឃើញ  នៅពេលទៅផ្ទះសមាជិកគ្រួសាររបស់ខ្ញុំនិងអ្នកលក់ជាប់ៗគ្នា និយាយពីរបៀបការពារខ្លួន បានជានៅពេលមកលក់ឥវ៉ាននៅផ្សារខ្ញុំតែងពាក់ម៉ាស់ជានិច្ច គ្រាន់តែមិនបានបាញ់អាកុលគ្រប់ពេល ដូចជាការណែនាំរបស់ក្រសួងឡើយ។ រវល់លក់ពេលខ្លះមិនបានបាញ់អាកុលឯណា លក់គិតតែហៅអ្នកទិញពេលខ្លះភ្លេចបាញ់អាកុលទៀត»។ នេះជាសម្តីរបស់អាជីវករលក់បន្លែនៅក្នុងផ្សារមួយក្នុងរាជធានីភ្នំពេញ។

ភ្នែកសម្លឹងរំពៃរកមើលអ្នកទិញដើរកាត់តូបខ្លួន អ្នកស្រីនិយាយបន្តថា មួយថ្ងៃៗអ្នកស្រីជួបមនុស្សច្រើនណាស់ក្នុងស្ថានភាពបែបនេះ ដែលធ្វើឲ្យអ្នកស្រី និងអ្នកលក់ដទៃទៀតសុទ្ធតែព្រួយបារម្ភដូចគ្នា ទោះបីការពារជំងឺតាមលទ្ធភាពក្តី។ « មានពេលខ្លះឃើញព័ត៌មានហើយ មិនចង់ហ៊ានធ្វើដំណើរមកលក់ក៏មានដែរ ប៉ុន្តែឈប់មិនបាន ព្រោះរបរនៅផ្សារទៅហើយ បើឈប់ទៅមានអ្វីចិញ្ចឹមគ្រួសារ។ ពេលខ្លះខ្ញុំជាអ្នកលក់នៅតាមផ្សារពិតជាមានការធ្វេសប្រហែសក្នុងការលាងដៃនឹងទឹកអាកុលពិតមែន តែពួកយើងបានពាក់ម៉ាសជាប់រហូត»។ នេះជាការលើកឡើងរបស់ស្ត្រីវ័យ៥១ឆ្នាំ ។

កំពុងឈរយាមម៉ូតូ ទាំងមិនពាក់ម៉ាស់ លោក ចន ថា ហាក់មិនសូវចាប់អារម្មណ៍ពីវិធានការការពារខ្លួន ពីជំងឺកូវីដ-១៩ឡើយ។ មូលហេតុដែលបុរសវ័យ៥៣ឆ្នាំរូបនេះ ខ្វះការប្រុងប្រយ័ត្ននោះ ដោយសារលោកគិតថា ការងារយាមម៉ូតូរបស់ខ្លួន មិននៅក្បែរអ្នកដទៃច្រើន និងសំអាងលើកម្ដៅអាកាសធាតុ។

នៅពេលសារព័ត៌មានថ្មីសួរថា តើលោកមិនខ្លាចឆ្លងកូវីដ-១៩ដែរទេ? បុរសវ័យ៥៣ឆ្នាំរូបនេះ ឆ្លើយថា« ខ្លាច» ប៉ុន្តែលោកបែរជាអះអាងថា នៅកន្លែងធ្វើការខ្លួន គ្មានជំងឺនេះទៅវិញ។« ខ្ញុំមិនបារម្ភទេ ព្រោះមិនបាននៅជិតគេផង មួយថ្ងៃនៅតែហាលថ្ងៃឆ្ងាយពីគេ  មិនចាំបាច់ពាក់ម៉ាស់អ្វីទេ ព្រោះវាគ្មានជំងឺទេនៅទីនេះ »។ នេះជាការលើកឡើងរបស់លោក  ចន ថា បុគ្គលិកផ្ញើម៉ូតូមួយកន្លែង នៅខណ្ឌដូនពេញ។

ដ្បិតមានអ្នកមិនសូវប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩ ប៉ុន្តែក៏មានអ្នកយកចិត្តទុកដាក់អនុវត្តវិធានការអនាម័យ ការពារជំងឺកាចសាហាវនេះដែរ។ មានសម្បុរខ្មៅស្រអែម ពាក់អាវយឹតដៃខ្លីពណ៌ខៀវ និងស្លៀវខោពណ៌ប្រផេះ លោក វៀន តែងតែពាក់ម៉ាស់ លាងដៃនឹងជែល ឬអាកុល និងបាញ់អាកុលជាប្រចាំនៅកន្លែងធ្វើការ ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច។ « នៅកន្លែងធ្វើការពួកខ្ញុំប្រកាន់ខ្ជាប់នូវអនាម័យបានជានិច្ច ព្រោះពួកខ្ញុំត្រូវការស្អាត និងមានអនាម័យជានិច្ច ក្នុងពេលមានជំងឺកូវីដនេះ  គ្រប់យ៉ាងត្រូវតែស្អាត ដើម្បីធានាបាននូវសុវត្ថិភាពដល់អតិថិជនដែលអញ្ជើញមកកន្លែងរបស់ពួកខ្ញុំ» ។ នេះជាការលើកឡើងរបស់លោក វៀន ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយកន្លែងនៅភ្នំពេញ។

ទោះលោក វៀន បានអនុវត្តក្តី ប៉ុន្តែមិនទាន់បាន១០០ភាគរយឡើយ ។ និយាយដោយមិនលាក់លៀម បុគ្គលិកក្រុមហ៊ុនឯកជនរូបនេះ បានបញ្ជាក់ថា៖ «តាមពិតទៅ នៅកន្លែងធ្វើការរាល់ថ្ងៃ ខ្ញុំបានប្រកាន់នូវគោលការសុវត្ថិភាពបានច្រើន អាចនិយាយថាបានស្ទើរតែ១០០ភាគរយ។  ប៉ុន្តែពេលត្រលប់មកដល់ផ្ទះជួលវិញ ការការពារមិនសូវបានអនុវត្តទេ ព្រោះគិតថា នៅផ្ទះមិនគ្មានបញ្ហាអ្វីទេ »។

ជាស្រ្តីមេផ្ទះម្នាក់ ដែលតែងតែដើរផ្សារជារៀងរាល់ព្រឹក អ្នកស្រី សួន សុផាត បានអនុវត្តខ្ជាប់ខ្ជួនទាំងពេលចេញក្រៅ និងនៅផ្ទះ ។ ស្ត្រីវ័យ ៣៨ឆ្នាំ ដែលតាមដានព័ត៌មាន តាមទូរទស្សន៍ ទូរស័ព្ទដៃ និងប្រព័ន្ធផ្សព្វផ្សាយនានា អំពីវិធានការការពារជំងឺកូវីដ-១៩ បាននិយាយដូច្នេះថា៖« ចាប់តាំងពីមានជំងឺកូវីដកើតឡើង ខ្ញុំបានទទួលព័ត៌មានពីវិធីការពារសុវត្ថិភាពពីប្រព័ន្ធផ្សព្វផ្សាយ ហើយក៏បានការពារខ្លួនតាមលទ្ធភាពខ្លាំងជាងពេលធម្មតាដែរ។ ពេលខ្ញុំទៅផ្សាររាល់ព្រឹកខ្ញុំប្រយ័ត្នប្រយែងណាស់ព្រោះបានតាមដានព័ត៌មាន ពីការឆ្លងជំងឺដ៏កាច់សាហាវនេះ។ បើពេលដំបូងវិញខ្ញុំមកពីផ្សារវិញ ខ្ញុំតែងតែលាងដៃជាមួយអាកុលនៅផ្ទះ ហើយពេលខ្លះទៅងូតទឹកក្តៅទៀត។ នេះជាការពារខ្លួននៅពេលបានប៉ះពាល់ជាមួយជនម្នាក់ ហើយខ្ញុំគិតថាគ្មានសុវត្ថិភាព»។

កន្លងមកក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋថែរក្សាអនាម័យ និងការពារខ្លួនក្នុងពេលមានកូវីដ-១៩ ដើម្បីជៀសវាងការឆ្លង ដោយអនុវត្តតាមវិធានការអនាម័យដូចជា លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល។ ជាពិសេសកុំយកដៃ ដែលមិនទាន់លាងសម្អាតនោះទៅប៉ះច្រមុះ និងភ្នែក។ ពាក់ម៉ាស ឬក្រមា នៅពេលចេញក្រៅ ដោយភ្ជាប់ជាមួយទឹកលាងសម្អាតដៃ ។ កាត់បន្ថយការការជួបជុំ និងរក្សាគម្លាតសង្គម ដោយឈរនៅក្បែរគ្នាចន្លោះពី១,៥ ម៉ែត្រឡើងទៅជាដើម។

គិតត្រឹមថ្ងៃទី១៣ ធ្នូនេះ កម្ពុជា មានអ្នកឆ្លងសរុប៣៥៩នាក់ និងសះស្បើយ៣០៧នាក់។ចំណែកមនុស្ស៣៤នាក់ សម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ,មណ្ឌលសុខភាពចាក់អង្រែរាជធានីភ្នំពេញ ១១នាក់ និង៧នាក់ទៀត សម្រាក់ព្យាបាលនៅមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺរបេង និងហង់សិន៕






Tag:
 ព័ត៌មាន
  យកចិត្តទុកដាក់
  បញ្ហាសុខភាព
  ព្រួយបារម្ហ
  ការប្រុងប្រយ័ត្ន
© រក្សាសិទ្ធិដោយ thmeythmey.com