ជាតិ
បទសម្ភាសន៍
ការលក់ចម្លាក់ថ្មកែវធ្លាក់ចុះ ដោយសារអវត្តមានទេសចរអន្តជាតិ
13, Dec 2020 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
ពោធិ៍សាត់៖ ចម្លាក់ថ្មកែវ ជាសិប្បកម្មដ៏ល្បីល្បាញមួយក្នុងខេត្តពោធិ៍សាត់។ ក្នុងបរិបទជំងឺកូវីដ-១៩ចម្លាក់ថ្មកែវ ធ្លាប់តែលក់ដាច់ជាខ្លាំងត្រូវបានថយចុះរហូតដល់ ៩៥ភាគរយ ព្រោះទេសចរ-អន្តរជាតិមានការធ្លាក់ចុះជាខ្លាំង។ នេះបើតាមលោកស្រី ហ៊ុន សោភិន្ទ ម្ចាស់សិប្បកម្មចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ ដែលមានទីតាំងនៅក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


ដើម្បីជ្រាបកាន់តែច្បាស់សូមលោក អ្នកនាង អញ្ជើញទស្សនាបទសម្ភាសរវាង កញ្ញា ជឿន ស្រីណយ អ្នកសារព័ត៌មានThmeyThmey25 និងលោកស្រី ហ៊ុន សោផិន្ទ ម្ចាស់សិប្បកម្មចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ ដូចតទៅ៖

លោកស្រី ហ៊ុន សោភិន្ទ ជាម្ចាស់សិប្បកម្មចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ ប្រកបរបរជាអ្នកធ្វើ និងលក់ចម្លាក់ថ្មកែវរយៈពេល ៣១ឆ្នាំមកហើយ។ លោកស្រី សោភិន្ទ ចាប់យករបរមួយនេះ ព្រោះក្ដីស្រឡាញ់ បូករួមជាមួយកត្តាជីវភាពរបស់ខ្លួន។  តាមការលក់ថ្មកែវជាង ៣ទស្សវត្សមកនេះ លោកស្រី សោភិន្ទ លើកឡើងថា អតិថិជនរបស់លោកស្រី ជាប្រជាជនក្នុងស្រុក និងទេសចរ-អន្តរជាតិ។ ប្រជាជនក្នុងស្រុកភាគច្រើនទិញរបស់ប្រើប្រាស់ចាំបាច់ ដូចជាកោដ្ឋ ព្រះពុទ្ធប្បដិមា។ ចំណែកភ្ញៀវទេសចរ-អន្តរជាតិ គឺមកពីអឺរ៉ុប និងអាស៊ី ជាពិសេសជនជាតិ ជប៉ុនគឺ ចូលចិត្តចម្លាក់ថ្មកែវខ្លាំងជាងគេ។ នេះជាការបន្ថែមរបស់លោកស្រី សោផិន្ទ។


ប៉ុន្តែចាប់តាំងពីមានការរីករាលដាលនៃវិបត្តកូវីដ-១៩ ទេសចរ បរទេសមានការធ្លាក់ចុះ សិប្បកម្មរបស់លោកស្រីសោផិន្ទ ក៏មានការធ្លាក់ចុះដូចគ្នា។ លោកស្រី ហ៊ុន សោភិន្ទ បានលើកឡើងដូច្នេះថា៖ « ក្នុងដំណាក់កាលកូវីដនេះ អាជីវកម្មរបស់ខ្ញុំធ្លាក់ចុះខ្លាំងរហូតដល់ ៩៥ភាគរយ។ ភ្ញៀវក្នុងស្រុកមានទិញខ្លះដែរ តែមិនមែនជារបស់ចាំបាច់ អ៊ីចឹងគេមិនសូវចំណាយលុយទិញទេ លុះត្រាតែគេត្រូវការប្រើប្រាស់ចាំបាច់បានគេទិញ។ សំខាន់គឺបាត់ទេសចរបរទេសតែម្ដង »។

ការធ្លាក់ចុះនៃការលក់ចម្លាក់ថ្មកែវ បានធ្វើឲ្យកូនជាងក្នុងសិប្បកម្មរបស់ លោកស្រី សោភិន្ទ បង្ខំចិត្តឈប់ពីការងារមួយនេះស្ទើរទាំងស្រុង។ ដោយកាលមិនទាន់មានវិបត្តជំងឺកូវីដ-១៩ កូនជាងក្នុងសិប្បកម្មរបស់លោកស្រីមានចំនួនរហូតដល់១០០នាក់ ដល់បច្ចុប្បន្នសល់ត្រឹម ២នាក់ប៉ុណ្ណោះ។


ទោះការលក់ចម្លាក់ថ្មកែវមានការធ្លាក់ចុះ កូនជាងឈប់ពីការងារច្រើន ប៉ុន្តែកត្តាទាំងនេះមិនបានធ្វើឲ្យលោកស្រី សោភិន្ទ បាក់ទឹកចិត្ត និងចង់បោះបង់ការងារនេះម្ដងណាឡើយ។ លោកស្រីថ្លែងដូច្នេះថា៖ « ខ្ញុំមិនមានការបាក់ទឹកចិត្តទេ សម្រាប់ខ្ញុំខ្លួនឯងអាចរស់ជាមួយការងារមួយនេះបាន។ ខ្ញុំស្រឡាញ់ការងារនេះណាស់ ពេលខ្ញុំធ្វើការជាមួយកូនជាងខ្ញុំចង់១០០នាក់ ខ្ញុំមិនដឹងថាហត់នោះទេ ។ ការងារនេះបានធ្វើឲ្យកូនខ្ញុំរៀនចប់មហាវិទ្យាល័យទាំងអស់ រស់នៅក្នុងជីវភាពមួយសមរម្យ។ ខ្ញុំរីករាយជាមួយការងារខ្ញុំណាស់ ទោះ១០ថ្ងៃលក់មិនដាច់មួយ ក៏ខ្ញុំនៅតែបើកលក់រាល់ថ្ងៃដែរ»។

លោកស្រី ហ៊ុន សោភិន្ទ បានស្នើដល់ប្រជាជនក្នុងស្រុកឲ្យជួយគាំទ្រ សិល្បៈចម្លាក់ថ្មកែវនេះ ព្រោះវាជាសិល្បៈបុរាណមួយ ហើយជាអត្តសញ្ញាណខេត្តពោធិ៍សាត់ផងដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com