វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ផលវិបាកដែលកើតចេញពីបំពង់បឺតប្លាស្ទិក មនុស្សពុំសូវចាប់អារម្មណ៍
13, Dec 2020 , 8:30 pm        
រូបភាព
នៅពេលដែលតូបលក់ភេសជ្ជៈ កំពុងតែមានការកើនឡើងខ្ពស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ការជាវផលិតផលភេសជ្ជៈក៏កំពុងតែមានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ផងដែរ។ នៅពេលអាកាសធាតុក្តៅ នាថ្ងៃត្រង់ ការជាវភេសជ្ជៈត្រជាក់មួយកែវ ពិតជាជម្រើសដ៏ល្អមួយក្នុងការសម្រួលអារម្មណ៍។ កែវប្លាស្ទិក គម្របប្លាស្ទិក ថងប្លាស្ទិក ជាមួយនឹងបំពង់បឺតប្លាស្ទិក ក្នុងតម្លៃមួយដ៏សមរម្យ។ ៣០នាទីក្រោយមក លោកអ្នកពិសាររួច ក៏បោះវាចូលទៅក្នុងធុងសំរាម ហាក់បីដូចជាគ្មានរឿងអ្វីកើតឡើងទាំងអស់។ ប៉ុន្តែ ផលិតផលប្លាស្ទិក ទាំងនោះមិនទៅណាឆ្ងាយពីបរិស្ថានដែលអ្នក គ្រួសារអ្នក និងក្មេងៗជំនាន់ក្រោយរបស់អ្នកនឹងរស់នៅនោះទេ។



បើនិយាយតែអំពី «បំពង់បឺត» វាហាក់បីដូចជាសាមញ្ញ តម្លៃថោក និងគ្មានអ្វីធំដុំនោះទេ។ ទូរទស្សន៍អាមេរិកដ៏ល្បីល្បាញមួយមានឈ្មោះថា National Geographic បានចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា សហរដ្ឋអាមរិក ប្រើប្រាស់បំពង់បឺតប្រមាណ៥០០លានដើមក្នុងមួយថ្ងៃៗ។ ទិន្នន័យមួយទៀតក៏បាននិយាយដែរថា ក្នុងដើមឆ្នាំ២០១៩នេះ យ៉ាងតិច មានបំពង់បឺតប្រមាណ ៨,៣ពាន់លានដើមកំពុងតែបំពុលឆ្នេរសមុទ្រនានានៅក្នុងពិភពលោក។

ម្យ៉ាងវិញទៀត គេហទំព័របរិស្ថាន strawlessocean.org ក៏បានលើកឡើងដែរថា ដោយសារតែលក្ខណៈស្រាល តូច និងទន់របស់វានេះ ទើបធ្វើឲ្យម៉ាស៊ីនញែកកាកសំណល់មួយចំនួនពិបាកក្នុងការញែកវាចេញពីកាកសំណល់រឹងៗដទៃទៀត។ ដោយសារតែការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុងមួយចំនួន នៅមានកម្រិត និងអាកប្បកិរិយាអ្នករស់នៅមិនសូវស្រឡាញ់បរិស្ថានគួបផ្សំគ្នាផងនោះ បំពង់បឺតទាំងនោះ អាចហូរចូលទីក្នុងប្រភពទឹកសាប ឬទឹកប្រៃតាមរយៈខ្យល់ ឬតាមរយៈបំពង់បង្ហូរលូនានាជាដើម។

នៅពេលដែលផលិតផលប្លាស្ទិកទាំងនោះ ហូរចូលទៅក្នុងប្រភពទឹកហើយ វានឹងបំបែកទៅជាកម្ទេចប្លាស្ទិកតូចៗ មើលនឹងភ្នែកទទេមិនឃើញ ដែលគេហៅថា «មីក្រូប្លាស្ទិច»។ តួលេខប៉ាន់ស្មានមួយបាននិយាយថា ក្នុងឆ្នាំ២០៥០ សត្វសមុទ្រជាង៩៩% ក្នុងពិភពលោក និងទទួលរងគ្រោះជាមួយបញ្ហាកាកសំណល់ប្លាស្ទិកនៅក្នុងប្រដាប់រំលាយអាហាររបស់ពួកវា។ បើអ្នកនៅតែបន្តបណ្តែតបណ្តោយឲ្យវាកើតឡើង ដោយមិនយកចិត្តទុកដាក់ជាមួយនឹងផលវិបត្តិក្នុងថ្ងៃអនាគត នោះប្រភពអាហារដែលមានមកពីសមុទ្រ ប្រភពទឹកសាបដែលយើងពិសារៀងរាល់ថ្ងៃ និងប្រភពអំបិលចម្អិនម្ហូប នឹងត្រូវបានបំពុលដោយពពួកមីក្រូប្លាស្ទិក។ មនុស្សក្មេងៗជំនាន់ក្រោយនឹងទទួលរងបញ្ហាទាំងអស់នេះ។

ប៉ុន្តែលោកអ្នកអាចកាត់បន្ថយវាបន្តិចៗម្តងបាន។ ក្នុងឆ្នាំ២០១៨ ទីក្រុង Seattle នៃសហរដ្ឋអាមេរិកបានកំណត់ឲ្យឈប់ប្រើប្រាស់ផលិតផលបំពង់បឺតប្លាស្ទិក ហើយក្នុងឆ្នាំ២០២០ ហាងកាហ្វេ Starbucks នឹងប្រើប្រាស់បំពង់បឺតដែលផលិតចេញពីសារធាតុសារីរាង្គ ដែលមានដូចជាក្រដាសវិញឲ្យបានកាន់តែច្រើនទៅៗ។ ចំណែកក្រុមហ៊ុនអាកាសចរណ៍ Alaska ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ដទៃទៀតដែលនឹងបញ្ឈប់ការប្រើប្រាស់បំពង់បឺតប្លាស្ទិក។ សម្រាប់លោកអ្នកវិញ ការមិនប្រើប្រាស់ទុយយោសម្រាប់ការពិសាកាហ្វេ ឬ ទឹកផ្លៃឈើ ការប្រើប្រាស់បំពង់បឺតផលិតចេញពីបំពងឫស្សី គឺជាសកម្មភាពមួយចំនួនដែលនឹងជួយសង្គ្រោះបរិស្ថានដែលអ្នក និងកូនរបស់អ្នក រួមទាំងសត្វ និងរុក្ខជាតិជាច្រើនដទៃទៀតកំពុងរស់នៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com