ជាតិ
សង្គមជាតិ
ជាន់ខាងលើបំផុតនៃផ្ទះល្វែងមួយក្នុងខណ្ឌដង្កោ ក្លាយជាសួនបន្លែធម្មជាតិ
13, Dec 2020 , 8:59 pm        
រូបភាព
 ដោយ៖ ហុង ស្រីណា
ភ្នំពេញ៖ លោក សម្បត្តិ វិសាល និងសមាជិកយុវជនសមាគមរាជសី បានឆ្លៀតពេលទំនេរពីការងារ កែច្នៃដំបូលផ្ទះក្លាយជាសួនបន្លែធម្មជាតិយ៉ាងស្រស់បំព្រង។ ជាអ្នករស់នៅក្នុងផ្ទះល្វែងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ លោក សម្បត្តិ វិសាល បានច្នៃជាន់ខាងលើបំផុតនៃផ្ទះរបស់ខ្លួន ឲ្យក្លាយជាសួនបន្លែធម្មជាតិជាច្រើនប្រភេទដូចជា សាឡាដ ស្ពៃចង្កឹះ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ត្រកួន សណ្តែកគួ ប៉េងប៉ោះ និងជីផ្សេងៗ ដែលមានចំនួនសរុប ១៣ រង។



បន្ទាប់ពីមានការអភិវឌ្ឍន៍ផ្នែកសំណង់ និងអចលនទ្រព្យជាបន្តបន្ទាប់មកដល់សព្វថ្ងៃនេះ ប្រជាជននៅទីក្រុងភ្នំពេញភាគច្រើននិយមរស់នៅក្នុងផ្ទះល្វែង ដែលវាមិនអំណោយផលដល់ការដាំបន្លែ ឬដាំរុក្ខជាតិផ្សេងឡើយ។ ដោយឡែក គឺមានតែដំបូលផ្ទះប៉ុណ្ណោះដែលមានទីធ្លាទូលាយល្អ រួមទាំងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ មានទឹកសន្សើម ជួយឲ្យការដាំដុះលូតលាស់ល្អ រួមទាំងទទួលផលបានច្រើន។


លោក សម្បត្តិ វិសាល ជាអ្នកដាំបន្លែនៅជាន់ខាងលើផ្ទះល្វែងម្នាក់ និងជាអនុប្រធានយុវជនសមាគមរាជសី បានប្រាប់សារព័ត៌មាន ThmeyThmey25ថា៖«មូលហេតុដែលខ្ញុំដាំបន្លែលើដំបូលផ្ទះនេះ ដោយសារ មានការផ្តួចផ្តើមពី លោក ស៊ូម សារឿន ដែលជាប្រធានសមាគមរាជសី ដោយយល់ឃើញថាប្រជាជននៅក្នុងទីក្រុងភ្នំពេញភាគច្រើនរស់នៅក្នុងផ្ទះល្វែង មិនមានទីធ្លាដីធំឡើយ អ៊ីចឹងប្រសិនបើយើងចេះច្នៃប្រឌិត រៀបចំលើដំបូលក្តី រឺក៏មួយធុងស្នោក្តី មួយក្រឡក្តី ដើម្បីដាំប្រភេទដំណាំទៅតាមចំណូលចិត្តរបស់យើង គឺបានផលហូបហើយ»។


បើតាមលោក សម្បត្តិ វិសាល គិតចាប់ពីពេលដាំរហូតដល់ពេលប្រមូលផល គឺមានរយៈពេល ១ខែកន្លះ ហើយ ព្រោះបន្លែដែលដាំនេះ មិនប្រើរយៈពេលយូរទេ។ បន្លែស្រស់ពណ៌បៃតងចំនួន១៣រង បានបង្អួតរាងយ៉ាងស្រស់ស្អាតនៅលើដំបូលផ្ទះលោក វិសាល គឺបន្លែសាឡាដ ស្ពៃចង្កឹះ ស្ពៃខ្មៅ ស្ពៃក្រញាញ់ ត្រកួន សណ្តែកគួ ប៉េងប៉ោះ និងជីផ្សេងៗ។

ការដាំដំណាំនេះ មិនមានផលលំបាកខ្លាំងសម្រាប់លោក សម្បត្តិ វិសាល ឡើយ។ លោក វិសាល បញ្ជាក់បែបនេះ៖ «វាមិនមានផលលំបាកខ្លាំងអ្វីឡើយ គឺមានតែសត្វដង្កូវតិចតួចប៉ុណ្ណោះ ពេលចាប់វាចេញលែងអីហើយ។ ចំពោះអាកាសធាតុវិញ ដោយសារខែនេះជាខែត្រជាក់ ធ្លាក់ខ្យល់ សីតុណ្ហភាពមិនសូវក្តៅដែរ ហើយភ្លៀងក៏មិនភ្លៀងខ្លាំងដែរ ណាមួយខែវិច្ឆិកា វាផុតភ្លៀង ហើយកម្តៅវិញគឺល្អ នៅពេលបណ្តុះកូនបន្លែតូចៗ ព្រោះវាត្រូវការកម្តៅ ប៉ុន្តែយើងក៏ត្រូវការគ្រប់ស្បៃពណ៌បៃតងដែរ ដើម្បីកុំឲ្យក្តៅពេក បន្ទាប់មកដល់ពេលល្ងាចយើងដកវាចេញ»។


បន្លែដែលលោក វិសាល ដាំ គឺមិនបញ្ហាជាមួយអាកាសធាតុឡើយ បើសិនជាមានភ្លៀង រឹតតែល្អ ព្រោះមិនសូវចំណាយទឹកច្រើន ហើយមិនហត់ត្រូវស្រោចទឹកព្រឹក-ល្ងាច ដោយចាំមើលតែការលូតលាស់របស់វាប៉ុណ្ណោះ។ តាមរយៈការដាំបន្លែលើដំបូលផ្ទះនេះ លោក វិសាល ចំណាយលើការរៀបចំប្រព័ន្ធទឹក ការទិញជី វត្ថុធាតុដើម គឺចន្លោះពី ៧០០ ដល់ ១០០០ដុល្លារ។ លើសពីនេះ ផលដំណាំដែលទទួលបាន លោក វិសាល ទុកបរិភោគខ្លួនឯង និងចែករំលែកដល់អ្នកជិតខាង។

បុរសដាំបន្លែលើដំបូលផ្ទះរូបនេះ សប្បាយចិត្ត ពេលផលនៃដំណាំបានទិន្នផលល្អ ពិសេសបង្ហាញពីភាពឧស្សហ៍ព្យាយាម និងធ្វើឲ្យមានសុខភាពល្អ ដោយសារទទួលទានបន្លែធម្មជាតិគ្មានជាតិគីមី។ លោក សម្បត្តិ វិសាល ក៏បានលើកទឹកចិត្តដល់ពលរដ្ឋរស់នៅក្នុងក្រុងភ្នំពេញ ដែលមានជាន់ខាងលើផ្ទះទំនេរគួរតែដាំបន្លែ មិនគួរទុកវាចោលឡើយ ព្រោះវាមិនចំណាយពេលយូរក្នុងការទទួលផល វាក៏ដូចជាការហាត់ប្រាណ និងបានជួយឲ្យផ្ទះត្រជាក់ផងដែរ៕





Tag:
 ដាំបន្លែលើដំបូល
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com