វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
ប្រវត្តិខ្លីៗអំពី «សាំមូរ៉ៃ» ជប៉ុន
× សាំមូរ៉ៃ ឬ Samurai គឺជាឈ្មោះមួយដែលមនុស្សភាគច្រើនក្នុងពិភពលោកធ្លាប់បានលឺ ឬធ្លាប់បានដឹង។ ឈ្មោះនេះមានវត្តមាននៅតាមភាពយន្តរបស់លោកខាងលិចអស់រយៈពេលរាប់សិបឆ្នាំមកហើយ។ សាំមូរ៉ៃ គឺជាតួអង្គកងទ័ព ឬមេទ័ពនាសម័យបុរាណនៃប្រទេសជប៉ុន។ តើមូលហេតុអ្វីបានជាតួអង្គនេះទទួលបានភាពល្បីល្បាញខ្លាំងម៉្លេះ? តើនរណាគេជា«សាំមូរ៉ៃ»?
នៅក្នុងសម័យ អេដូ (Edo) នៃប្រទេសជប៉ុន ពោលគឺនៅចន្លោះឆ្នាំ១៦០៣ ដល់ឆ្នាំ១៨៦៧ សាំមូរ៉ៃគឺជាក្រុមកងទ័ព ដែលមានអំណាចជាយោធានៅក្នុងប្រទេស។ ដែលកាលពីពេលនោះ អំណាចយោធា គឺជាអំណាចដែលខ្ពស់ជាងគេក្នុងប្រទេសជប៉ុន។ នេះជាការលើកឡើងដោយគេហទំព័រ Japan Guide ។
សាំមូរ៉ៃប្រើប្រាស់អាវុធជាច្រើនប្រភេទដូចជា ធ្នូ លំពែង ឬកាំភ្លើងជាដើម។ តែអាវុធ និងនិមិត្តដែលសំខាន់ជាគេនោះគឺ ដាវ។ ទ័ពសាំមូរ៉ៃត្រូវប្រកាន់ខ្ជាប់វិន័យយ៉ាងតឹងរឹង ដែលគេហៅថា «Bushido» ដែលមានដូចជា ការគោរពមេដឹកនាំ ការគោរពអាកប្បកិរិយាខ្លួនឯង និងការគោរពវិជ្ជាជីវៈនៃទ័ព។
សាំមូរ៉ៃត្រូវបានគេរកឃើញថា មានប្រភពតាំងពីសម័យ Heian (៧៩៤-១១៨៥) មកម្លេះ នៅក្នុងតំបន់មួយមានឈ្មោះថា Tohoku ។ នៅពេលនោះ អ្នកអភិជនមួយចំនួនចង់បានឯករាជ្យដោយខ្លួនឯង ដោយមិនចង់ឲ្យមានការគ្រប់គ្រងពីរដ្ឋាភិបាល។ អភិជនទាំងនោះក៏បានយកទ័ពសាំមូរ៉ៃមកការពារអំណាច និងទ្រព្យរបស់ខ្លួន។
ត្រកូលអភិជនពីរក្រុមគឺ Minamoto និង Taira គឺជាក្រុមអភិជនដែលមានអំណាចខ្លាំងជាងគេ។ ក្រុមទាំងពីរនេះ ក៏បានប្រកួតគ្នាក្នុងការដណ្តើមការគ្រប់គ្រងពីរដ្ឋាភិបាល។ ក្រោយមក ក្រុមក្រតូល Minamoto ក៏បានទទួលជ័យជំនះ ក៏បានបង្កើតរដ្ឋាភិបាលយោធាថ្មីក្នុងឆ្នាំ ១១៩២ ដោយមានការដឹកនាំពីមេទ័ពពិសេសហៅថា Shogun ។
ចាប់ពីពេលនេះមក ប្រទេសជប៉ុនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ័ពសាំមូរ៉ៃអស់រយៈពេល៧០០ឆ្នាំ។ នៅអំឡុងសតវត្សន៍ទី១៥ និង១៦ ប្រទេសជប៉ុនបានធ្លាក់ក្នុងសម័យសង្គ្រាមផ្ទៃក្នុងជាច្រើន រវាងរដ្ឋតូចៗ។ ហេតុដូចនេះ ទាហាននានាកំពុងតែមានភាពមហាញឹកក្នុងតួនាទីរបស់ខ្លួន។ ទាហានទ័ព ដូចជា Ninja ក៏បានវត្តមាននៅក្នុងពេលនេះដែរ។
នៅក្នុងអំឡុងឆ្នាំ១៥០០ ប្រទេសជប៉ុនក៏បានបង្រួបបង្រួមឡើងវិញ ជាមួយនឹងឋានៈសាំមូរ៉ៃជាអ្នកគ្រប់គ្រងនៅឡើយ។ នៅជាការចាប់ផ្តើមនៃសម័យ Edo ដែលជាសម័យកាលមួយដ៏រុងរឿងនៃប្រវត្តិសាស្រ្តជប៉ុន។ ក្នុងរយៈពេល២៥០ឆ្នាំក្រោយមក ដោយសារតែប្រទេសលែងសូវមានសង្គ្រាម សាំមូរ៉ៃបានលាលែងមុខងាររបស់ខ្លួនជាអ្នកប្រយុទ្ធ មកជាមន្រ្តីរាជការ គ្រូបង្រៀន ឬសិប្បករវិញជាដើម។ នៅក្បែរឆ្នាំ១៩០០ ក្រុមសាំមូរ៉ៃបានជាក្លាយជារឿងមួយនៃអតីតកាល។
តែសព្វថ្ងៃ វប្បធម៍នៃប្រវត្តិសាស្រ្តមួយនេះត្រូវបានគេចងក្រងទុកយ៉ាងត្រឹមត្រូវ ក្នុងការសិក្សា និងការពារ។ តំបន់ដែលបង្ហាញពីប្រវត្តិសាំមូរ៉ៃ មានដូចជាបន្ទាយបុរាណ ឬសារមន្ទីត្រូវបានគេបន្សល់ទុកពាសពេញប្រទេសជប៉ុន៕
© រក្សាសិទ្ធិដោយ thmeythmey.com