ជាតិ
សង្គមជាតិ
ស្រុកថ្មបាំង ត្រៀមផ្គត់ផ្គង់ត្រសក់ទ្រើងទៅទីផ្សារពី ៥០០ ទៅ ១០០០គីឡូក្រាមក្នុងមួយថ្ងៃ
13, Dec 2020 , 10:30 pm        
រូបភាព
ដោយ: ថ្មីៗ
 ដោយ៖ ស៊ុល រ៉វី
ត្រសក់ទ្រើងនៅស្រុកថ្មបាំង ក្នុងខេត្តកោះកុង ត្រៀមខ្លួនផ្គត់ផ្គង់ទីផ្សារ នៅតាមបណ្តាខេត្តនានា នៅខែមករា ឆ្នាំ២០២១ ខាងមុខនេះ។  តាម លោក ឆម ភារៈ អ្នកដាំត្រសក់ទ្រើង និងជាអ្នករកទីផ្សារត្រសក់ បានប្រាប់សារព័ត៌មាន Thmey Thmey25 តាមរយៈទូរស័ព្ទថា លោកមានផែនការផ្គត់ផ្គង់ត្រសក់នៅទីផ្សារពី ៥០០ ទៅ ១០០០គីឡូក្រាម ក្នុងមួយថ្ងៃ។


លោក ឆម ភារៈ  និងកសិករជាង៣០គ្រួសារទៀតនៅក្នុងឃុំតាទៃ ឃុំឫស្សីជ្រុំ និងឃុំជីផាត ក្នុងស្រុកថ្មបាំង ខេត្តកោះកុង បានដាំដុះត្រសក់ទ្រើងជិត១មួយឆ្នាំហើយ។ ការដាំដុះនេះ ស្ថិតក្រោមគម្រោងមួយរបស់អង្គការសង្គ្រោះកុមារ ( Save the Children) ឈ្មោះថា« STEER-ស្ទៀរ»។ តាមរយៈគម្រោង  ស្ទៀរនេះ ក្រុមកសិករ បានទទួលបានជំនួញហិរញ្ញវត្ថុមួយចំនួន ជាបច្ចេកទេសដំាដុះ វិធីសាស្ត្រសុវត្ថិភាពក្នុងការប្រើប្រាស់ជី-ថ្នាំកសិកម្ម និងរបៀបប្រមូលផលត្រសក់ផងដែរ។

លោក ឆម ភារៈ បានប្រាប់ Thmeythmey25ថា ត្រសក់របស់លោក និងរបស់កសិករប្រមាណ៣០គ្រួសារទៀតនោះ កំពុងតែផ្គត់ផ្គង់នៅផ្សារចំនួន២កន្លែង នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង គឺផ្សារអណ្តូងទឹក និងផ្សារស្រែអំបិល។  មិនតែប៉ុណ្ណោះ លោក ភារៈ ដែលជាអ្នកស្វែងរកទីផ្សារសម្រាប់ត្រសក់ទ្រើងនេះដែរនោះ ក៏មានផែនការចែកចាយត្រសក់នៅតាមបណ្ដាខេត្តផ្សេងទៀត ចន្លោះពី ៥០០ ទៅ ១០០០គីឡូក្រាម ក្នុងមួយថ្ងៃផងដែរ។

លោក ឆម ភារៈ ក៏បានបន្ថែមយ៉ាងដូច្នេះថា៖«ជំហានដំបូងយើងបានទទួលជោគជ័យ តែយើងមិនអាចផ្គង់ផ្គង់ទីផ្សារគ្រប់គ្រាន់នោះទេ។ ឯជំហានបន្ទាប់ យើងដំាច្រើនគ្រួសារបន្ថែមទៀត ដើម្បីនាំទៅលក់ទីរួមខេត្តកោះកុង ហើយក៏អាចនឹងទៅកន្លែងផ្សេងៗទៀតផងដែរ។ តែពួកយើងចាំមើលទិន្នផល ដែលបាននេះជាមុនសិន»។

ជាដំណាំសុវត្តិភាពដែលដំាជាលក្ខណៈគ្រួសារ ត្រសក់ដែលប្រមូលផលបានពី ២០០០រៀល ទៅ ២៥០០រៀលក្នុងមួយគីឡូក្រាម ហើយកសិករមួយគ្រួសារៗ ក៏អាចទទួលបានចំណូលជិត១ពាន់ដុល្លារផងដែរ រាល់ការប្រមូលផលមួយវគ្គៗ (ជាង២ខែ)។

ក្រៅពីការដំាត្រសក់ បណ្តុះកសិករនៅស្រុកថ្មបាំង ក៏បានដាំដុះមើមខ្ទឹមបារាំង ការ៉ុត និងម្ទេសហាវៃក្រហម និង លឿងផងដែរ ហើយក៏គ្រោងដំាដុះស្ពៃក្ដោប និងប្រភេទស្ពៃស្លឹកពីរ-បីប្រភេទទៀដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ លោក ឆម ភារៈ៕



© រក្សាសិទ្ធិដោយ thmeythmey.com