អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ល្មើសចត្តាឡីស័ក៨វិនាទី ពលករហ្វីលីពីននៅតៃវ៉ាន់ម្នាក់ រងពិន័យ៣៥០០ដុល្លារ
13, Dec 2020 , 4:59 pm        
រូបភាព
រូបបុរសជាពលករចំណាកស្រុកពីហ្វីលីពីន ថតជាប់ដោយកាម៉េរាសុវត្ថិភាពក្នុងសណ្ឋាគារដែលលោកធ្វើចត្ដាឡីស័ក ក្នុងប្រទេសតៃវ៉ាន់
រូបបុរសជាពលករចំណាកស្រុកពីហ្វីលីពីន ថតជាប់ដោយកាម៉េរាសុវត្ថិភាពក្នុងសណ្ឋាគារដែលលោកធ្វើចត្ដាឡីស័ក ក្នុងប្រទេសតៃវ៉ាន់
ដោយ:
អាជ្ញាធរតៃវ៉ាន់ បានពិន័យបុរសម្នាក់ ៣៥០០ដុល្លារ ក្រោយរូបគេបានបំពានវិធានការធ្វើចត្តាឡីស័កត្រឹមតែ ៨ វិនាទីប៉ុណ្ណោះ។ បុរសនេះ ត្រូវចាប់បានតាមរយៈកាម៉េរាសុវត្ថិភាពក្នុងសណ្ឋាគារដែលគាត់ស្នាក់នៅ។



បុរស ដែលជាពលករចំណាកស្រុកមកពីប្រទេសហ្វីលីពីន  បានធ្វើចត្តាឡីស័កក្នុងសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Kaohsiung ។ បុរសរូបនេះ ត្រូវបានបុគ្គលិកសណ្ឋាគារចាប់បានតាមរយៈកាម៉េរាសុវត្ថិភាពដោយលោកបានឈានជើងចេញពីបរិវេណបន្ទប់លោក ប្រហែល ៨ វិនាទីប៉ុណ្ណោះ។

ក្រោយឃើញបែបនេះ បុគ្គលិកសណ្ឋាគារនេះ បានទាក់ទងទៅកាន់អាជ្ញាធរសុខាភិបាលក្រុងនេះ ហើយទីបំផុត អាជ្ញាធរនេះ បានពិន័យបុរសពលកររូបនេះ ៣៥០០ដុល្លារ។ នេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកតៃវ៉ាន់ Central News កាលពីថ្ងៃទី ៩ ខែធ្នូ។

ក្រោមច្បាប់ធ្វើចត្តាឡីស័ករបស់តៃវ៉ាន់ មនុស្ស ពុំត្រូវអនុញ្ញាតឲ្យចាកចេញពីបន្ទប់ពួកគេដាច់ខាត ទោះជារយៈពេលប៉ុន្មានវិនាទីក៏ដោយ។ ទាក់ទិននឹងបញ្ហានេះ អាជ្ញាធរសុខាភិបាលតៃវ៉ាន់ សង្កត់ធ្ងន់ថា អ្នកធ្វើចត្តាឡីស័កពុំគួរគិតថា ពួកគេនឹងអាចរួចខ្លួនពីការដាក់ពិន័យ ប្រសិនបើសម្រេចចិត្តដើរចេញពីបន្ទប់សណ្ឋាគារពួកគេ។

បច្ចុប្បន្ន ទីក្រុង Kaohiung ភាគខាងត្បូងនៃកោះតៃវ៉ាន់ មានសណ្ឋាគារសរុប ៥៦ទីតាំង ដែលត្រូវបានដាក់ធ្វើជាកន្លែងធ្វើចត្ដាឡីស័ក ហើយសរុបមានជាង៣០០០បន្ទប់ឯណោះ។ មែនទែនទៅ តៃវ៉ាន់ ត្រូវបានកោតសរសើរសម្រាប់វិធានការរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺរាតត្បាតសកលកូវីដ-១៩ ទោះបីជាមិនបានដាក់ចេញវិធានការរឹតត្បិតធ្ងន់ធ្ងរ ដូចជា ប្រទេសចិន។

ជំនួសមកវិញ តៃវ៉ាន់ ផ្ដោតសំខាន់លើល្បឿននៃការទប់ទល់ ដោយបិទព្រំដែនយ៉ាងរហ័សជាមួយចិន ដែលជាចំណុចផ្ដើមនៃការផ្ទុះរាលដាលជំងឺនេះកាលពីចុងឆ្នាំ២០១៩មក ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលតៃវ៉ាន់ ក៏បានយកចិត្តទុកដាក់លើការធ្វើតេស្តរកជំនឺកូវីដ-១៩ ទ្រង់ទ្រាយ និងការតាមរកអ្នកពាក់ព័ន្ធយ៉ាងមានប្រសិទ្ធភាពផងដែរ។

យោងតាមទិន្នន័យរបស់សកលវិទ្យាល័យអាមេរិក Johns Hopkins ប្រទេសកោះ ដែលមានប្រជាជនសរុប២៣លាននាក់នេះ រកឃើញករណីឆ្លងកូវីដ-១៩តែ៧១៦ករណីប៉ុណ្ណោះ ខណៈអ្នកស្លាប់មាន៧នាក់៕


© រក្សាសិទ្ធិដោយ thmeythmey.com