ជាតិ
២៥ខេត្ត/រាជធានី
លោក វ៉ាន់លាង ច្នៃផ្ទះជនជាតិដើមភាគតិចជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ និងថែរក្សាប្រពៃណី
13, Dec 2020 , 5:30 pm        
រូបភាព
ផ្ទះជនជាតិភាគតិច
ផ្ទះជនជាតិភាគតិច
ដោយ: ថ្មីៗ
ដោយ៖ហុង ស្រីណា
ភ្នំពេញ៖ លោក បុត វ៉ាន់លាង ជាអតីតមគ្គុទេ្ទសក៍ម្នាក់ បានកែច្នៃផ្ទះជនជាតិដើមភាគតិច ក្លាយជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ និងដើម្បីថែរក្សាប្រពៃណីជនជាតិដើមភាគតិច។ លោក វ៉ាន់ លាង ៖«ខ្ញុំត្រូវអភិរក្សផ្ទះនេះ ដើម្បីរក្សានូវប្រពៃណីជនជាតិដើមភាគតិច ពីព្រោះឥលូវបងប្អូនក្នុងភូមិឈប់ធ្វើផ្ទះហ្នឹងហើយ»។


សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយលោក វ៉ាន់លាង ដូចតទៅ

ផ្ទះជនជាតិដើមភាគតិច ដែលគេឲ្យឈ្មោះថា ផ្ទះផ្សិត រឺផ្ទះអណ្តើក ព្រោះមានរូបរាងដូច ផ្សិត និងអណ្តើក។ ផ្ទះនេះធ្វើឡើងតាមជីវភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក្នុងនោះមាន កន្ទេល ភួយ និងខ្នើយ ដោយផ្ទះធ្វើឡើងអំពី ស្បូវ ដើម្បីការពារអាកាសធាតុត្រជាក់ រួមទាំងមានចង្រ្កានផ្តល់កម្តៅ ពីព្រោះនៅទីនោះមានអាកាសធាតុត្រជាក់។

លោក វ៉ាន់លាង អតីតមគ្គុទេ្ទសក៍ទេសចរណ៍ បានប្រាប់សារព័ត៌មានThmeyThmey25 ឲ្យដឹងថា៖« បច្ចុប្បន្នបងប្អូនជនជាតិភាគច្រើន បានប្តូរមកធ្វើផ្ទះឈើវិញ ព្រោះផ្ទះដែលធ្វើអំពីស្បូវត្រូវប្តូរស្បូវរៀងរាល់ ៣ឆ្នាំ ទៅ ៤ឆ្នាំម្តង និងពិបាករុះរើទៀត។ ដូច្នេះហើយទើបខ្ញុំចង់អភិរក្សផ្ទះនេះ ដើម្បីថែរក្សាប្រពៃណី ដោយក្នុងផ្ទះគ្មានពូក និងបន្ទប់ទឹកខាងក្នុងឡើយ ដើម្បីរក្សានូវភាពដើមរបស់ផ្ទះ»។


ផ្ទះផ្សិត រឺផ្ទះអណ្តើកនេះ បានទាក់ទាញភ្ញៀទេសចរអន្តរជាតិជាច្រើន រួមទាំងភ្ញៀវទេសចរជាតិផងដែរ ដោយពួកគេចង់ដឹងអំពីអារម្មណ៍ដែលស្នាក់នៅតាមរបៀបជនជាតិដើមភាគតិច ចំពោះជនជាតិខ្មែរ គឺភាគច្រើនចង់រំលឹកពីអតីតកាលដែលធ្លាប់លំបាក។ ផ្ទះនេះមានតម្លៃ ២០ម៉ីនរៀល ដោយភ្ញៀវអាចស្នាក់នៅប៉ុន្មាននាក់ក៏បាន ហើយតម្លៃវិញគឺថេរ មិនថាថ្ងៃបុណ្យ រឺថ្ងៃធម្មតា។ បច្ចុប្បន្ន លោក បុត វ៉ាន់លាង មានផ្ទះស្នាក់ធំចំនួន ២ខ្នង និងតូចចំនួន ២ខ្នង ដែលអាចស្នាក់នៅជាលក្ខណៈគ្រួសារបាន។

អតីតមគ្គុទេ្ទសក៍ទេសចរណ៍រូបនេះ បញ្ជាក់ពីគោលបំណងចំបងបែបនេះ៖ «ខ្ញុំចង់អភិរក្សផ្ទះជនជាតិដើមភាគតិច ព្រោះចង់ឲ្យភ្ញៀវទេសចរដែលមកស្នាក់នៅ បានយល់ពីការរស់នៅរបស់ជនជាតិដើមភាគតិចថា ទោះជាពួកយើងមិនមានពូក មានត្រឹម កន្ទេល ខ្នើយ ក៏យើងរស់នៅយ៉ាងសប្បាយចិត្ត»។ ក្រៅពីនេះ លោក វ៉ាន់លាង ក៏ចង់ឲ្យក្មេងជំនាន់ក្រោយបានដឹងពីប្រវត្តិ នៃការវិវត្តន៍របស់ផ្ទះមកដល់សព្វថ្ងៃនេះ និងឲ្យពួកគេចេះស្រលាញ់ ថែរក្សា រៀនពីអ្វីដែលចាស់បុរាណបានបង្រៀនពីមុនមក។


សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០តុលា-១វិច្ចិកា ក្រុមជំរំតង់ Cambodia Amazing Trip Planner បានរៀបចំដំណើរកម្សាន្តបោះតង់រយៈពេល ៣ថ្ងៃ នៅខេត្តមណ្ឌលគិរី។ តាមរយៈដំណើរកម្សាន្ត បាននាំភ្ញៀវទេសចរទៅលកាន់តំបន់ទេសចរណ៍នានា នៅក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងបង្កើនចំណូលប្រជាពលរដ្ឋនៅក្នុងសហគមន៍៕


 



© រក្សាសិទ្ធិដោយ thmeythmey.com