វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើ«ផ្កាយ»ជាអ្វី?
14, Dec 2020 , 8:59 am        
រូបភាព
តាំងពីការកកើតនៃមនុស្ស អស់រយៈពេលរាប់ម៉ឺនឆ្នាំមុនមក ទិដ្ឋភាពមួយដែលយើងមិនអាចរំលងបានគឺទេសភាពនៃផ្កាយ។ តាំងពីវ័យកុមារ រហូតដល់វ័យចំណាស់ មនុស្សភាគច្រើនហាក់បីដូចជាមិនចេះធុញទ្រាន់ជាមួយនឹងទេសភាពធម្មជាតិពេលយប់មួយនេះទេ។ គេនិទានវានៅក្នុងរឿងនិទាន នៅក្នុងសំណេរ នៅក្នុងវិទ្យាសាស្រ្ត នៅក្នុងជំនឿ។ គេប្រើប្រាស់វាសម្រាប់វាតម្រុយនៅពេលគេចរនាវាឆ្លងកាត់មហាសមុទ្រ។


ហេតុអ្វីបានជាពន្លឺភ្លើងដ៏តូចនៅលើមេឃមួយនេះមានសារៈសំខាន់សម្រាប់ចំណីអារម្មណ៍ និងចំណេះដឹងរបស់មនុស្សម្លេះ? តើអ្វីទៅជា«ផ្កាយ»?

មានផ្កាយរាប់ពាន់នៅលើផ្ទៃមេឃ ដែលមានពន្លឺគ្រប់គ្រាន់សម្រាប់ការពិនិត្យដោយភ្នែកទទេពីភពផែនដី បើអ្នករស់នៅកន្លែងដែលមិនមានការរំខាន់ដោយភ្លើងអគ្គីសនី។ នៅក្នុងកាឡាក់ស៊ី «មីលគីវ៉េ» ឬ «Milky Way Galaxy» មានផ្កាយរាប់រយលានទៀតដែលកំពុងតាំងទី
លំនៅ។ ផ្កាយដែលនៅជិតយើងជាគេគឺ«ព្រះអាទិត្យ»។ ទាំងនេះគឺជាការលើកឡើងពីគេហទំព័រ thoughtco.com ។

បន្ទាប់ពីព្រះអាទិត្យ ផ្កាយដែលនៅជិតយើងជាងគេគឺ Proxima Centauri ដែលមានចម្ងាយ៤.២ឆ្នាំពន្លឺពីភពផែនដី។ នេះជាចម្ងាយមួយយ៉ាងមហាសាសសម្រាប់មនុស្សទៅហើយ តែវាមិនមែនជាចម្ងាយមួយមហាសាសសម្រាប់លំហសកលនោះទេ។ ផ្កាយមានច្រើនប្រភេទណាស់ ជាមួយនឹងទំហំ ពន្លឺ និងរូបធាតុផ្សំ។

ផ្កាយគឺជាដុំបាល់ដ៏ធំមហិមាមួយផ្សំពីឧស្ម័នផ្សេងៗដែលអាចទ្រទ្រង់ចំហេះ ផ្គុំចូលគ្នាដោយទំនាញរបស់ខ្លួនវាផ្ទាល់។ ថាមពលរបស់វាត្រូវបានទាញយកបាននៅពេលដែលទំនាញរបស់ខ្លួនវា រុញអាតូមឧស្ម័នចូលគ្នាយ៉ាងណែន។ នេះបានន័យថា ទំនាញរបស់ផ្កាយ ជាពិសេសព្រះអាទិត្យរុញអាតូមរបស់ឧស្ម័នអ៊ីដ្រូសែនចូលគ្នាក្រោមលំនាំ«Fusion»ដែលបង្កើតឲ្យមានពន្លឺ និងកម្តៅ និងរួចមកជាអាតូមអេល្យូម។

ផ្កាយមួយអាចមានស្ថេរភាពបានគឺនៅពេលដែល កម្លាំងសម្ពាធដែលរុញខ្លួនវាចេញ មានភាពស្មើគ្នាជាមួយនឹងកម្លាំងទំនាញដែលខ្លួនវាទាញចូលក្នុង។ ក្នុងជីវិតពួកវា ផ្កាយអាចផ្លាស់ប្តូរទម្រង់របស់ខ្លួនទៅតាមពេលវេលា និងថាមពលដែលវាបានប្រើប្រាស់ និងនៅសេសសល់។ អ្នកវិទ្យាសាស្រ្តបានសិក្សាថា ព្រះអាទិត្យអាចនៅមានជីវិតប្រមាណជា៤ទៅ៥ពាន់លានឆ្នាំខាងមុខទៀត។ រូបធាតុទាំងឡាយដែលមាននៅលើផែនដី និងភពដទៃទៀតត្រូវបានគេកំណត់ថា មានដើមកំណើតមកពីផ្កាយដែលមាន និងធ្លាប់មាននៅក្នុងលំហដែលមនុស្សយើងមិនអាចស្រមៃពីទំហំវាបាន៕


© រក្សាសិទ្ធិដោយ thmeythmey.com