វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
តើអ្នកគួរសាកថ្មទូរសព្ទចោលទល់ភ្លឺដែរឬទេ?
14, Dec 2020 , 9:30 am        
រូបភាព
នៅមានមន្ទិលសង្ស័យ និងសំណួរជាច្រើនដែលត្រូវបានគេលើកឡើងថា តើការសាកថ្មទូរសព្ទចោលពីយប់ រហូតទៅដល់ពេលព្រលឹមជាច្រើនម៉ោងនោះគឺជាទម្លាប់ល្អសម្រាប់ទូរសព្ទអ្នកដែរឬទេ? តើអ្នកគួរប្រើប្រាស់ទូរសព្ទរហូតដល់អស់ថ្មទាំងស្រុងដែរឬទេ? តើអ្នកគួរសាកថ្មទូរសព្ទថ្មីសិននៅពេលដែលទើបតែបកពីប្រអប់ដែរឬទេ? ដោយឆ្លើយទៅនឹងចម្ងល់ទាំងប៉ុន្មានខាងលើ ក្រោមនេះគឺជាការបកស្រាយសង្ខេបចេញពីគេហទំព័រ lifewire.com ។



ចំពោះការសាកថ្មទូរសព្ទចោលពេលយប់មុនចូលដំណេក ជារួមវាមិនបង្កឲ្យមានហានិភ័យអ្វីទៅកាន់ទូរសព្ទរបស់អ្នកនោះទេ។ ទូរសព្ទទំនើបបច្ចុប្បន្នត្រូវបានបំពាក់ដោយស្រទាប់ការពារ និងកម្មវិធីអេឡិចត្រូនិចពិសេសដែលអាចរក្សាគុណភាពរបស់ទូរសព្ទអ្នកឲ្យបានល្អទោះបីជាភាគរយរបស់ទូរសព្ទកើនដល់១០០ភាគរយអស់ជាច្រើនម៉ោងក៏ដោយ។

អ្វីដែលអ្នកគួរយកចិត្តទុកដាក់ទៅលើនោះគឺចំនួនសាក (Charge Cycle) ដែលថ្មរបស់អ្នកទទួលបាន។ ចំនួនសាកក៏អាស្រ័យទៅលើគុណភាពរបស់ថ្មទូរសព្ទនោះផងដែរ។ ចំពោះទូរសព្ទថ្មី អ្នកអាចសាកថ្មទូរសព្ទដល់ពេញ១០០ភាគរយចាប់ពី៣០០ដង រហូតទៅដល់៥០០ដងមុនពេលដែលគុណភាពថ្មរបស់ទូរសព្ទអ្នកចាប់ផ្តើមធ្លាក់ចុះជាបណ្តើរៗ។

អ្នកមិនគួរវាស់វែងអាយុកាលថ្មទូរសព្ទអ្នកជាចំនួនឆ្នាំនោះទេ ដោយឡែក ចំនួនសាកទៅវិញទេដែលជាអ្នកកំណត់អាយុកាលនៃថ្មទូរសព្ទ។ បើអ្នកសាកកាន់តែច្រើន នោះគុណភាពទូរសព្ទរបស់អ្នកនឹងឆាប់ធ្លាក់ចុះទៅតាមនោះដូចគ្នា។

នៅពេលដែលអ្នកទើបតែទិញទូរសព្ទថ្មីចេញពីប្រអប់ វាមិនមែនជារឿងចាំបាច់នោះទេក្នុងការសាកថ្ម
ទូរសព្ទរហូតទៅដល់ពេញ១០០ភាគរយ។ ក្រុមហ៊ុនទូរសព្ទមួយចំនួនអាចតម្រូវឲ្យអ្នកសាកទូរសព្ទក្រោយពីពេលជាវ គឺដើម្បីឲ្យអ្នកអាចប្រើប្រាស់វាឲ្យបានយូរល្អនៅពេលដែលអ្នកទើបតែជាវរួច។

ជារួម ទូរសព្ទថ្មីចេញពីប្រអប់អាចមានបរិមាណថ្មយ៉ាងហោចណាស់ក៏១ភាគ៤នៃថ្មទូរសព្ទពេញដែរ។ តែចំនួនថ្មតិចតួចនេះមិនអាចអនុញ្ញាតឲ្យអ្នកដោនឡូត ឬអនុវត្តកម្មវិធីផ្សេងៗបានទាន់ចិត្តនោះទេ។ ហេតុដូចនេះ គេអាចតម្រូវអ្នកសាកថ្មឲ្យបានពេញល្អ ក្រោយពីពេលបកចេញពីប្រអប់ ដើម្បីឲ្យអ្នកអាចប្រើប្រាស់ឲ្យអស់ពីចិត្តបាននៅពេលប្រើប្រាស់ទូរសព្ទសេរីថ្មីនោះជាលើកដំបូង។

ចំពោះទូរសព្ទសេរីចាស់មួយចំនួនអាចតម្រូវឲ្យអ្នកប្រើប្រាស់ថ្មរហូតអស់ទាំងស្រុងមុននឹងធ្វើការសាកចរន្តអគ្គីសនីឡើងវិញ។ នេះគឺដោយសារតែទូរសព្ទសេរីចាស់ៗទាំងនោះប្រើប្រាស់ថ្មប្រភេទ នីកែល-កាតម្យ៉ូម (Nickel-Cadmium) ។ ចំពោះទូរសព្ទទំនើបបច្ចុប្បន្ន គេប្រើប្រាស់ថ្មប្រភេទ លីចូម-អ៊ីយ៉ុង (Lithium-ion) ដែលអនុញ្ញាតឲ្យអ្នកសាកថ្មជាធម្មតា ទោះបីជាអ្នកសល់ថ្មបន្តិចបន្តួច ឬអស់ទាំងស្រុងក៏ដោយក្តី។ វាមិនបង្កឲ្យមានបញ្ហាអ្វីដល់ទូរសព្ទនោះទេ។
តែអ្នកប្រើប្រាស់ក៏គួរយកចិត្តទុកដាក់លើការប្រើប្រាស់ប្រដាប់សាកពិតប្រាកដច្បាស់លាស់ដែលចេញពីប្រអប់របស់ទូរសព្ទ ឬប្រដាប់សាកដែលមានគុណភាព ឬត្រូវបានអនុញ្ញាតពីក្រុមហ៊ុនផងដែរ ក្នុងការរក្សាគុណភាពទូរសព្ទឲ្យនៅបានកាន់តែយូរ៕


© រក្សាសិទ្ធិដោយ thmeythmey.com