ជាតិ
សង្គមជាតិ
ស.ស.យ.ក បង្កើតវគ្គបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដើម្បីលើកស្ទួយវិស័យបុរាណ
14, Dec 2020 , 9:59 am        
រូបភាព
ដោយ៖ ប៉ូ សុភា

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)បង្កើតវគ្គបង្រៀនឧបករណ៍ភ្លេងបុរាណខ្មែរ ដើម្បីបំផុសតន្ត្រីបុរាណ។សហភាពសហព័ន្ធយុវជនកម្ពុជា នឹងដាក់ដំណើរការកម្មវិធីនេះ ក្នុងប្រធានបទ « មរតកតន្ត្រីយុវជនខ្មែរ » នៅក្នុងឆ្នាំ២០២១ខាងមុខ។



ស.ស.យ.ក មើលឃើញថា វគ្គបង្រៀនឧបករណ៍តន្រ្តីបុរាណខ្មែរនេះ នឹងរួមចំណែកកសាងធនធានបន្តវេន ក្នុងវិស័យតូរ្យតន្ត្រីបុរាណ ដែលអាចជាធ្លុងមួយក្នុងស្រទាប់យុវជនជំនាន់ក្រោយ។ លោក សេង  សោត អគ្គនាយកដ្ឋានមូលដ្ឋាននៃក្រសួងបរិស្ថាន និងជាសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានបញ្ជាក់ថា គោលបំណងរៀបចំកម្មវិធីបង្រៀនឧបករណ៍តន្ត្រីបុរាណនេះ ដោយផ្អែកលើគោលបំណង ធំៗ៣ គឺទី១ ចង់បញ្ជ្របចំណេះដឹងវិស័យសិល្បៈ វប្បធម៌ដល់យុវជនបានយល់។

ចំណែកគោលបំណងទីពីរនោះ គឺដើម្បីបង្កើតវគ្គបណ្ដុះបណ្ដាលជំនាញតន្ត្រីបុរាណបន្ថែមដល់យុវជនក្រៅពីការសិក្សា និងចុងក្រោយ គឺផ្ដល់ឱកាសឲ្យយុវជនអាចសម្ដែង ក្នុងព្រឹត្តិការណ៍ផ្លូវការណាមួយ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ ។ នេះជាការបញ្ជាក់លោក សេង សោត។

បើតាមលោក សេង សោត ការសិក្សាឧបករណ៍បុរាណនេះ មិនតម្រូវឲ្យយុវជនបង់ប្រាក់នោះទេ ។ សម្រាប់ឧបករណ៍ភ្លេងគោល ក្នុងការបង្រៀនគឺ វង់ភ្លេងពិណពាទ្យ ក្រៅពីនេះក៏មានឧបករណ៍ជាច្រើនប្រភេទទៀតដែរ។ស.ស.យ.ក គ្រោងបង្រៀន រយៈពេល៣ថ្ងៃក្នុងមួយសប្ដាហ៍ នៅកន្លែងលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញតែម្ដង។

« យើងរៀន តែពេលល្ងាចៗទេ ហើយមួយសប្ដាហ៍រៀនថ្ងៃ សុក្រ សៅរ៍ និងអាទិត្យ ព្រោះម៉ោងនេះមិនសូវប៉ះពាល់ដល់ការសិក្សា និងការងាររបស់ពួកគាត់ទេ។ ប៉ុន្ដែអាចនឹងមានការប្រែប្រួល ប្រសិនបើមានសិស្សច្រើន ពួកយើងនឹងចាត់ចែងតាមនឹង» ។ នេះបើតាមសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ប្រាប់សារព័ត៌មានថ្មីៗ ។
លោក សោត សង្ឃឹមថា ការបើកវគ្គបង្រៀននេះ នឹងជួយឱ្យយុជនដែលមានបំណងចង់សិក្សា និងស្វែងយល់ពីតន្ត្រីបុរាណមានឱកាសកាន់តែច្រើន ក្នុងការចូលរួមថែរក្សា និងផ្សព្វផ្សាយទៅកាន់សាធារណៈជន  រួមទាំងការទទួលបានឱកាសការងារថ្មី ក្នុងវិស័យសិល្បៈតន្ត្រីបុរាណផងដែរ ។

ចំណាំ៖ លក្ខខណ្ឌនៃការជ្រើសរើស ៖ យុជន និង យុវនារី អាចដាក់ពាក្យបាន ចាប់ពីអាយុចាប់ពី១៣ដល់៣៥ឆ្នាំ  មានកាយសម្បទាល្អ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុង មានការប្តេជ្ញាចិត្តខ្ពស់ និងគោរពពេលវេលាក្នុងការរៀនសូត្រ។ កាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃទី ១មករាដល់ថ្ងៃទី ១មីនាឆ្នាំ២០២១ រីឯកាលបរិច្ឆេទចូលរៀន នឹងត្រូវជម្រាប់ជូននៅពេលក្រោយ។



© រក្សាសិទ្ធិដោយ thmeythmey.com