កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Arsenal ចាញ់​ក្នុង​ដី​៤​ប្រកួត​ជាប់​គ្នា​លើកដំបូង​ក្នុងពេល​៦១​ឆ្នាំ
14, Dec 2020 , 11:14 am        
រូបភាព
Arsenal កាន់តែ​ធ្លាក់​ក្នុងស្ថានភាព​យ៉ាប់យ៉ឺន ក្រោយ​បន្ត​ចាញ់ Burnley ក្នុង​ដី​ខ្លួនឯង​ដោយ​លទ្ធផល ១-០​។ នេះ​ជា​បរាជ័យ​លើក​ទី​៧​ក្នុងការ​ប្រកួត Premier League ចំនួន​១២​លើក រដូវ​កាល​នេះ និង​ជា​បរាជ័យ​លើក​ទី​បួន​ជាប់​គ្នា​ក្នុងផ្ទះ​ខ្លួនឯង​។​


​នា​ប្រកួត​សប្តាហ៍​ទី​១២ នៅ​រាត្រី​ថ្ងៃទី​១៣ ខែធ្នូ​នៅ​កីឡដ្ឋាន Emirates ក្រុម​កាំភ្លើង​ធំ​បាន​បើក​ការ​វាយ​សម្រុក​យ៉ាងខ្លាំង​ប៉ុន្តែ​មិនអាច​ធ្វើ​អ្វី​ក្រុម​ភ្ញៀវ Burnley ឡើយ​នៅ​វគ្គ​ទី​១​។ ចូលដល់​វគ្គ​ទី​ក្រុម​របស់លោក Mikel Arteta នៅតែ​អាច​គ្រប់គ្រង​បាល់​និង​ឱកាស​រក​គ្រាប់​ជារឿយៗ រហូតដល់​នាទី​៥៨ ដែល Granit Xhaka ត្រូវបាន​អ​ជ្ញា​កណ្តាល​ឲ្យ​កាត​ក្រហម​បណ្តេញចេញ​។​
​ក្រោយ​បាត់​សមាជិក​ម្នាក់ Arsenal ក៏​បាត់​ការគ្រប់គ្រង​បាល់​ដែរ រហូត​របូត​គ្រាប់​បាល់​១​គ្រាប់​នៅ​នាទី​៧៣ តាមរយៈ​ការ​តែ​តបាល់​ចូល​ទី​ខ្លួនឯង​ដោយ​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang​។​
 
​បរាជ័យ​នេះ មានន័យថា​ក្រុម​ដែលមាន​អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ Arteta ចាញ់​ជា​លើក​ទី​៧​រដូវ​កាល​នេះ និង​ជាការ​ចាញ់​ក្នុង​ដី​ចំនួន​៤​ការប្រកួត​ជាប់​គ្នា​ជា​លើកដំបូង​ក្នុង​រយៈពេល ៦១ ឆ្នាំ​ផងដែរ​។ ឆ្លងកាត់​ការប្រកួត​១២​លើក Arsenal រកបាន​១៣​ពិន្ទុ ធ្លាក់​ទៅកាន់​ចំណាត់ថ្នាក់​ទី​១៥​ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស និង​មាន​៥​ពិន្ទុ​លើ​ក្រុម Fulham ដែល​នៅ​តំបន់​ត្រូវ​កាត់ចោល​។​
 
​ក្រុម​លេខ​១ និង​លេខ​២​ក្នុង​តារាង Liverpool និង Tottenham Hotspur បាន​១​ពិន្ទុ​រៀងខ្លួន​។ ហង្ស​ក្រហម​ប្រកួត​ត​ស្មើ​ជាមួយ Fulham ១-១ ឯ​មាន់​ខ្នាយ​មាស​ស្មើ Crystal Palace ១-១ ដូចគ្នា​។​
 
Leicester City ទទួលបាន​៣​ពិន្ទុ​បន្ថែម​ក្រោយ​ឈ្នះ Brighton & Hove Albion ៣-០ ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​៣​មាន​២៤​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​កំពូល​តារាង​ចំនួន​១​ពិន្ទុ​។ Southampton បានបង្ហាញ​ភាពខ្លាំង​របស់ខ្លួន​តាម​រយៈ​ការរកបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ និង​ឈ្នះ​ក្រុម​បាត​តារាង Sheffield United ៣-០​។  Southampton នៅ​លេខ​រៀង​ទី​៤ មាន​២៣​ពិន្ទុ នាំមុខ Chelsea ដែល​ធ្លាក់​ទៅ​លេខ​៥​ក្រោយ​ចាញ់ Everton ចំនួន​១​ពិន្ទុ​។​
 
Manchester United និង Manchester City ឈរ​លេខ​៨ និង​លេខ​៩ បន្ទាប់ពី​ក្រុម​ទាំងពីរ​ប្រកួត​ស្មើគ្នា ០-០ ក្នុងជំនួប​លើក​១១​រៀងខ្លួន​។ Fulham, West Bromwich Albion និង Sheffield United នៅ​បាត​តារាង​៕
 

Tag:
 Premier League
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com