ជាតិ
សង្គមជាតិ
១២ខែ សមត្ថកិច្ច បង្រ្កាបបទល្មើសធនធានធម្មជាតិជាង៣,៣ពាន់ករណី និងចាប់មនុស្សជាង២រយនាក់
14, Dec 2020 , 12:00 pm        
រូបភាព
សកម្មភាពកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើកន្លងមក
សកម្មភាពកម្លាំងសមត្ថកិច្ចចុះបង្ក្រាបបទល្មើសព្រៃឈើកន្លងមក
រយៈពេលប្រមាណ១២ខែ ដោយគិតចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ មកដល់ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ច បង្ក្រាបទល្មើសធនធានធម្មជាតិ ពិសេសបទល្មើព្រៃឈើ បាន៣៣១២ករណី ហើយចាប់បានជនល្មើស២២៨នាក់។ នេះបើតាមរបាយការណ៍ ដែលអានដោយលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងកិច្ចប្រជុំមួយស្តីពីការអនុវត្តបទបញ្ជារបស់រដ្ឋាភិបាល ដើម្បីបង្រ្កាបបទល្មើសធនធានធម្មជាតិ។



កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើងតាមរយៈការតភ្ជាប់ប្រព័ន្ធវីដេអូស៊ូម (Zoom) នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានលោក សៅ សុខា មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ចូលរួមជាអធិបតី។ កិច្ចប្រជុំនេះ ក៏បានតភ្ជាប់ប្រព័ន្ធវីដេអូស៊ូម ទៅកាន់ក្រសួងយុត្តិធម៌ ក្រសួងរ៉េនិងឋាមពល រួមទាំងតភ្ជាប់ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំង២៤រាជធានីខេត្តផងដែរ។

គេហទំព័រក្រសួងការពារជាតិ បានស្រង់របាយការណ៍ ដែលអានដោយលោក អេង ហ៊ី ទៅចុះផ្សាយថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំង៣៣១២ករណី មាន១៩២០ករណី ត្រូវបានបង្ក្រាបដោយរដ្ឋបាលព្រៃឈើ ដោយដកហូតវត្ថុតាងជាផលព្រៃឈើ អនុផលព្រៃឈើ មធ្យោបាយ និង ឧបករណ៍សម្ភារមួយចំនួន ព្រមទាំងចាប់បានជនល្មើស៦៣នាក់ ហើយ១៣៩២ករណីទៀត ត្រូវបានបង្ក្រាបដោយគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ជាមួយនឹងការឃាត់ខ្លួនជនល្មើស១៦៥នាក់។ ចំពោះវត្ថុតាងជាធនធានធម្មជាតិ ដែលបង្ក្រាបបាន ត្រូវគណៈកម្មការនេះ ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ និងបរិស្ថាន រក្សាទុក។

លោក អេង ហ៊ី ដែលជាប្រធានក្រុមលេខាធិការគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិផងនោះ បានបញ្ជាក់ទៅកាន់អង្គប្រជុំថា គណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ បានពង្រឹងយន្តការនៃការប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្រ្ទានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់ ជាដើម។

ក្រសួងការពារជាតិ សរសេរទៀតថា ក្នុងកិច្ចប្រជុំខាងលើ លោក សៅ សុខា  បានស្នើឲ្យមន្ត្រីបរិស្ថាន មន្រ្តីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរដែនដី ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់បំផុត ហើយលោក ក៏ស្នើឲ្យត្រួតពិនិត្យក្រុមហ៊ុននិងតំបន់ព្រៃឈើឲ្យបានជាប់ជាប្រចាំ ដើម្បីថែរក្សាធនធានធម្មជាតិ និងថែរក្សាកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាល។ ជាមួយគ្នានេះ ប្រធានគ្រប់គ្រងធនធានធម្មជាតិរូបនេះ ជំរុញឲ្យបន្តអនុវត្តតាមពាក្យស្លោកថា «ប្រទេសជាតិ ត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»៕

Tag:
 បទល្មើសព្រៃឈើ
  បទល្មើធនធានធម្មជាតិ
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com