សង្គមអន្តរជាតិ​
អន្តរជាតិ
ប្រព័ន្ធ​អ៊ី​ម៉ែ​ល​ក្រសួងពាណិជ្ជកម្ម​និង​រតនាគារជាតិ​អាមេរិក រង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​
14, Dec 2020 , 12:29 pm        
រូបភាព
ដោយ:
​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​នៅ​ថ្ងៃទី​១២ ខែធ្នូ បាន​ជួបប្រជុំគ្នា បន្ទាប់ពី​ប្រព័ន្ធ​អ៊ី​ម៉ែ​ល​របស់​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រតនាគារជាតិ​អាមេរិក​ត្រូវបាន​ក្រុម​អ្នក​វាយប្រហារ​អ៊ីនធឺណិត​ចូលទៅ​តាមដាន និង​ត្រួតពិនិត្យ​ការបញ្ជូនសារ​អេឡិចត្រូនិក​អស់​រយៈពេល​ជាច្រើន​ខែ​។

 
​មន្ត្រី​អាមេរិក អះអាងថា​ការវាយប្រហារ​លើ​ក្រសួង​សំខាន់​ពីរ​មាន​ក្រសួងពាណិជ្ជកម្ម និង​រតនា​គាត អាចជា​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ ហើយ​អ្វីដែល​រដ្ឋាភិបាល​អាមេរិក​រកឃើញ​នៅពេលនេះ គ្រាន់តែ​ជា​ជ្រុង​តូច​មួយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters  នៅ​ថ្ងៃទី​១៤ ធ្នូ​។​
 
​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាមេរិក​លោក John Ullyot និយាយថា រដ្ឋាភិបាល​អាមេរិក​កំពុង​ចាត់​រាល់​វិធានការ​ចាំបាច់​ក្នុងការ​កំណត់​អត្តសញ្ញាណ និង​ស្រោចស្រង់​ស្ថានការណ៍​តាមតែ​អាចធ្វើ​ទៅបាន​។ មកទល់ពេលនេះ រដ្ឋាភិបាល​អាមេរិក​ពុំទាន់​ប្រកាស​ជា​សាធារណៈ​ពី​អត្តសញ្ញាណ​អ្នក​ដែល​លុកលុយ​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​នៅឡើយ​ទេ ប៉ុន្តែ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ការស៊ើបអង្កេត​ស្ថានការណ៍​នេះ​និយាយថា រុស្ស៊ី ជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នេះ​។​
 
​ការ​លួច​ចូល​ជាសម្ងាត់​ក្នុងការ​ចូលទៅ​តាមដាន និង​ត្រួតពិនិត្យ​ការបញ្ជូនសារ​អេឡិចត្រូនិក​នេះ ត្រូវបាន​អ្នកស៊ើប​អង្កេត​ជឿថា កើតឡើង​តាមរយៈ​ការបញ្ចូល​កូដ​បន្លំ​នៅពេល​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​កុំព្យូទ័រ ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន SolarWinds​។ ក្រុមហ៊ុន SolarWinds ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​ផលិត និង​ថែទាំ​កម្មវិធី​កុំព្យូទ័រ​ដល់​ស្ថាប័ន​នីតិប្រតិបត្តិ និង​ភ្នាក់ងារ​ចារកិច្ច​អាមេរិក​។ ការវាយប្រហារ​ខាងលើនេះ​ត្រូវបាន​គេ​ផ្តល់​ឈ្មោះថា Supply-Chain Attack​។​
 
​ក្រុមហ៊ុន SolarWinds បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន ថា កម្មវិធី​កុំព្យូទ័រ​របស់ខ្លួន​ដែល​ធ្វើ​បច្ចុប្បន្នភាព​ហើយ និង​ដែល​ត្រូវបាន​ក្រុម​វាយប្រហារ​បង្កប់​កូដ​បន្លំ​ក្នុងការ​តាមដាន​នោះ ត្រូវបាន​ដាក់ចេញ​ក្នុងអំឡុង​ខែមីនា និង​មិថុនា​។ ក្រុមហ៊ុន​នេះ អះអាងថា ការវាយប្រហារ​នេះ​មាន​លក្ខណៈ​ទំនើប និង​រៀបចំ​ដោយ​រដ្ឋ​។​
 
​ការវាយប្រហារ​ចូលក្នុង​កម្មវិធី​របស់​ក្រុមហ៊ុន SolarWinds ធ្វើ​ឲ្យ​បណ្តាញចារកម្ម​អាមេរិក​បារម្ភ​ខ្លាំង​ព​និង​ខ្លាចក្រែង​ភ្នាក់ងារ​រដ្ឋាភិបាល​ផ្សេងទៀត​អាច​នឹងរង​ការវាយប្រហារ​បែបនេះ​ដែរ​។ ក្រុមហ៊ុន​SolarWinds ផ្តល់​សេវាកម្ម​ដល់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ធំៗ​ចំនួន​១០ ក្រសួងការបរទេស ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ខុទ្ទកាល័យ​ប្រធានាធិបតី និង​អង្គភាព​ទាំង​៥​នៃ​កងទ័ព​អាមេរិក​។​
 
​ការវាយប្រហារ​អ៊ីនធឺណិត​នេះ នឹង​ក្លាយជា​បញ្ហា​ប្រឈម​ថ្មី​បន្ថែមទៀត​សម្រាប់​រដ្ឋបាល​របស់​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន​។ មន្ត្រី​អាមេរិក កំពុង​ស៊ើប​ថា ព័ត៌មាន​អ្វីខ្លះ​ដែល​ត្រូវបាន​លួច​មើល និង ព័ត៌មាន​ទាំងនោះ​នឹងត្រូវ​ប្រើ​សម្រាប់​គោលបំណង​អ្វី​។ ការស៊ើបអង្កេត​ទ្រង់ទ្រាយ​ធំ​បែបនេះ អាច​នឹងត្រូវ​ការ​រយៈ​ពេល​ជាច្រើន​ឆ្នាំ​។ ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) និង​ទីភ្នាក់ងារ​ហេដ្ឋារចនាសម្ព័ន្ធ និង​សន្តិសុខ​អ៊ីនធឺណិត ត្រូវបាន​ផ្តល់​តួនាទី​ឲ្យ​ស៊ើបអង្កេត​ចំពោះ​ការវាយប្រហារ​នេះ​៕
 
 
 
 

Tag:
 អាមេរិក​
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com