អាមេរិក នៅថ្ងៃទី១៣ ធ្នូ បានដាក់ចេញនូវគម្រោងដែលប្រើប្រាស់ផ្កាយរណបក្នុងការកត់ត្រា និងចេញផ្សាយទិន្ន័យ ស្តីពីកម្ពស់ទឹកនៅក្នុងទំនប់វារីអគ្គិសនីទាំងអស់របស់ចិន។ ការបញ្ចេញគម្រោងថ្មីនេះ អាចនឹងឈានទៅដល់ការប្រឈមមុខថ្មីមួយទៀតក្នុងអនុតំបន់នេះ។ អាមេរិក តាំងតែពីដើមឡើយអះអាងថា ទំបន់វារីអគ្គិសនីរបស់ចិនប៉ះពាល់បរិស្ថាន និងលំហូរទឹកសម្រាប់ប្រទេសនៅផ្នែកខាងក្រោម។
គម្រោងដែលមានឈ្មោះMekong Dam Monitor ទទួលមូលនិធិមួយផ្នែកពីក្រសួងការបរទេសអាមេរិក។ គម្រោងនេះ នឹងប្រើផ្កាយរណបក្នុងការកត់ត្រាកម្ពស់ទឹក ក្នុងទំនប់វារីអគ្គិសនីចិន និងប្រទេសឯទៀត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ផ្នែកមួយនៃគម្រោងនេះ នឹងបង្ហាញពីកម្រិតភាពសើមនៃផ្ទៃខាងលើ ដែលបង្ហាញពីតំបន់ដែលសើមជាង ឬស្ងូតជាងកម្រិតធម្មតា។ ការបង្ហាញនេះ នឹងនាំឲ្យគេដឹងពីលំហូរទឹកត្រូវបានកែប្រែ ដោយទំនប់វារីអគ្គីសនីដោយកម្រិតណា។ ទិន្ន័យខាងលើនេះ ក៏នឹងត្រូវផ្សាយផ្ទាល់ និងអាចចូលមើលជាសាធារណៈផងដែរ។
កន្លងមក ចិនបដិសេធរាល់ការស្រាវជ្រាវទាំងឡាយណារបស់អាមេរិក ដែលបង្ហាញថាទំនប់វារីអគ្គិសនីរបស់ចិន ធ្វើឲ្យប៉ះពាល់ដល់ប្រទេសនៅភាគខាងក្រោមខ្លួន ដែលមានប្រជាជនប្រមាណ៦០លាននាក់រស់នៅ អាស្រ័យផលនឹងទន្លេមេគង្គ ក្នុងរបរកសិកម្ម និងនេសាទ។
លោក Brian Eyler ប្រធានមជ្ឈមណ្ឌល Stimson ដែលកាន់កាប់គម្រោងខាងលើអះអាងថា ការឃ្លាំមើលកម្រិតទឹកនេះ នឹងបង្ហាញភស្តុតាងថា ទំបន់វារីអគិគីសនីទាំង១១របស់ចិន ដំណើរការក្នុងលក្ខណៈមួយដ៏ទំនើប ដើម្បីទាញយកថាមពលលក់ជាអតិបរមាសម្រាប់ខេត្តភាគខាងកើតរបស់ខ្លួន ដោយមិនពិចារណាពីផលប៉ះពាល់ដល់លំហូរទឹកខាងក្រោមឡើយ។
ចំណែកចិនវិញអះអាងថា ទំបន់វារីអគ្គិសនីនេះផ្តល់ផលវិជ្ជមាន។ វិទ្យាស្ថានវិស្វកម្មថាមពលកកើតឡើងវិញរបស់ចិន លើកឡើងថា ទឹកដែលស្តុកក្នុងទំនប់វារីអគ្គិសនីក្នុងខែវស្សា ជួយបង្ការមិនឲ្យទឹកជំនន់ និងគ្រោះរាំងស្ងួត។ របាយការណ៍របស់វិទ្យាស្ថានដែលចុះផ្សាយនៅថ្ងៃទី៤ ធ្នូបានសង្កត់ធ្ងន់ថា ការស្រាវជ្រាវរបស់អាមេរិក ពុំដែលផ្តល់ភស្តុតាងគ្រប់សព្វឡើយ។
ជុំវិញបញ្ហាទន្លេមេគង្គនេះ នាដើមខែវិច្ឆិកាឆ្នាំ២០២០ ចិនយល់ព្រមក្នុងការចែករំលែកទិន្ន័យទឹក ជាមួយគណៈកម្មការទន្លេមេគង្គ(MRC)។ MRC មានតួនាទីផ្តល់យោបល់ដល់ប្រទេសថៃ កម្ពុជា ឡាវ និងវៀតណាម ដែលជាសមាជិកក្នុងការអភិវឌ្ឍ និងថែទាំទន្លេដែលមានប្រវែង ៤,៣៥០គីឡូម៉ែត្រនេះ។
ចិន និងអាមេរិកមានស្ថាប័នរៀងៗខ្លួន ក្នុងការប្រកួតប្រជែងគ្នាក្នុងទន្លេមេគង្គ។ ចិន មានកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ចំណែកអាមេរិក មានភាពជាដៃគូមេគង្គ-អាមេរិក៕