ក្រោយមានការត្អូញត្អែរពីវារីវប្បករកម្ពុជាលើការនាំចូលត្រីពីវៀតណាមដ៏ច្រើនលើសលុប រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ពិសេសខាងរដ្ឋបាលជលឱ្យតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ និងទប់ស្កាត់ បទល្មើសការនាំចូលផលវារីវប្បកម្មពីប្រទេសវៀតណាម។ លើសនេះលោក វេង សាខុន បានស្នើឲ្យវារីវប្បករកម្ពុជា ចុះស្រង់ស្ថិតិកសិដ្ឋានចិញ្ចឹម, កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត ដើម្បីដឹងអំពីបរិមាណផ្គត់ផ្គង់ត្រីនៅក្នុងស្រុក ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារឲ្យមានតុល្យភាពគ្នានៃការនាំចូលត្រីពីវៀតណាម។
មន្ត្រីជំនាញទាំងអស់ ត្រូវអនុវត្តច្បាប់ជាធរមានចំពោះអ្នកដឹកត្រីពីវៀតណាមចូលកម្ពុជា លើការត្រួតពិនិត្យឱ្យច្បាស់លាស់ និងរាយការណ៍ថារថយន្តនីមួយៗដែលដឹកត្រីរបស់វៀតណាមចេញពីច្រកណា ទៅទីផ្សារណាមួយនៅរាជធានីភ្នំពេញ ក្នុងបរិមាណប៉ុន្មានតោន។ នេះជាការលើកឡើងរបស់លោក វេង សាខុន ដោយបន្តប្រាប់សារព័ត៌មានថ្មីៗ នារសៀលថ្ងៃទី១៤ធ្នូ ឆ្នាំ២០២០ ថា៖«យើងត្រូវតាមដានត្រួតពិនិត្យឱ្យច្បាស់លាស់ ដើម្បីឱ្យវារីវប្បករយើងមានអារម្មណ៍ក្នុងចិត្តថា កុំឱ្យមានការចោទប្រកាន់ដាក់គ្នាទៅវិញទៅមកក្នុងហេតុផលផ្សេងៗពីគ្នា ពីការនាំត្រីពីវៀតណាម»។
លោក វេង សាខុន ដឹកនាំកិច្ចប្រជុំបន្ទាន់នៅទីស្តីការក្រសួង នាព្រឹកថ្ងៃចន្ទនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញ និងវារីវប្បករ។ រូបថត Veng Sakhon
កិច្ចប្រជុំបន្ទាន់ដែលដឹកនាំដោយលោក វេង សាខុន ក៏ស្របពេលដែល ThmeyThmey ទើបតែបានស្តាប់ការត្អូញត្អែរផ្ទាល់ពីសំណាក់វារីវប្បករពីតាមបណ្តាខេត្ត។ ពួកគាត់ទទួលស្គាល់ថា វិបត្តិកូវីដ-១៩ បង្ខំឱ្យពលរដ្ឋខ្មែរមួយចំនួនចាយវាយក្បិតក្បៀត ជាពិសេសការកាត់បន្ថយថ្លៃចំណាយទិញត្រី-សាច់ប្រចាំថ្ងៃ។
តម្លៃត្រីចិញ្ចឹមនៅលើទីផ្សារកាន់តែចុះថោក ហើយថែមទាំងគ្មានឈ្មួញចុះទៅទិញទៀត។ អ្នកចិញ្ចឹមត្រីនៅខេត្តកណ្តាល កំពង់ចាម និងពោធិ៍សាត់ ត្អូញត្អែរប្រហាក់ប្រហែលគ្នា នៅពេលសារព័ត៌មានថ្មីៗ សាកសួរតាមទូរសព្ទ។ ពួកគាត់អះអាងថា តម្លៃត្រីចិញ្ចឹមក្នុងស្រុកធ្លាក់ថ្លៃខ្លាំងដែលមិនធ្លាប់មានពីមុន ខណៈការនាំចូលត្រីពីប្រទេសជិតខាង ជាពិសេសវៀតណាម នៅតែមិនថមថយ។
ពីស្រុកមុខកំពូល ខេត្តកណ្តាល លោក ទូច បូណា ត្អូញថា ត្រីពោដែលឈ្មួញទៅចុះចាប់ក្នុងស្រះ មានតម្លៃត្រឹមតែ៥០០០រៀលប៉ុណ្ណោះក្នុង១គីឡូក្រាម ពោលគឺបានធ្លាក់ថ្លៃពី២០០០ ទៅ៣០០០រៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន។
វារីវប្បករដែលចិញ្ចឹមត្រីអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ បានបន្ថែមថា អ្នកទិញកាន់តែតិចជាងមុន ខណៈបរិមាណត្រីក្នុងស្រះមានរាប់សិបតោន ដែលសុទ្ធតែពេញទម្ងន់ ពេញសាច់ត្រូវបញ្ចេញលក់នៅលើទីផ្សារ។
«កាលពីឆ្នាំមុនៗ ឈ្មួញម្នាក់មកចុះចាប់ត្រីក្នុងស្រះ ពី៣ទៅ៥តោនក្នុងមួយថ្ងៃ ប៉ុន្តែពេលនេះ មានត្រឹមតែ៨០០គីឡូក្រាម ទៅ១តោនប៉ុណ្ណោះ»។ ម្ចាស់ត្រីពោចំនួន៨ស្រះ ដែលមានត្រីសរុបប្រមាណ២០០តោនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ ដោយអះអាងថា លោកខាតបង់ពេលវេលាថែទាំ និងការចំណាយលើចំណីសម្រាប់ត្រីរបស់ខ្លួន។
លោក ចាប ឡុក ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីមួយកន្លែងនៅខេត្តពោធិ៍សាត់ ក៏បានលើកឡើងពីបញ្ហាប្រឈមដូចគ្នាផងដែរ។ លោកបានលើកឡើងថា បច្ចុប្បន្នត្រីរបស់លោកនៅក្នុងស្រះសល់ជិត១០០តោន ដែលគ្មានឈ្មួញចុះទៅទិញ ខណៈកន្លងមក លោកអាចលក់បានពី២០០ ទៅ៤០០តោនរួចទៅហើយ។
វារីវប្បករ ចាប ឡុក ដែលបទពិសោធន៍ចិញ្ចឹមត្រីជាង១០ឆ្នាំ និងមានស្រះចិញ្ចឹមចំនួន៨ បានប្រៀបធៀបថា៖ «ពីមុនមក ឈ្មួញមកចុះចាប់ត្រីក្នុងតម្លៃ៦០០០ ឬ៧០០០រៀល ក្នុងមួយថ្ងៃចាប់ត្រីអស់២-៣តោនទៅ ត្រីរបស់យើងអត់ស្គមទេ។ តែឥឡូវនេះ ត្រីពោធា្លក់ថ្លៃនៅត្រឹម៤០០០រៀលហើយ ឈ្មួញមកចាប់ត្រីត្រឹម៣០០-៤០០គីឡូក្រាមក្នុងមួយថ្ងៃ ស្របពេលដែលត្រីនៅក្នុងមួយស្រះមានរហូតដល់៥០តោន»។
រាល់ឆ្នាំ ត្រីពោដែលឈ្មួញចុះមកចាប់ផ្ទាល់នៅស្រះរបស់លោក សុងហេង មានតម្លៃយ៉ាងហោចណាស់ក៏នៅត្រឹម៦,៥០០រៀលក្នុងមួយគីឡូក្រាមផងដែរ។ ចំនួនត្រីពោ១ម៉ឺនក្បាលដែលមានទម្ងន់សរុបប្រមាណ៥តោន វារីវប្បករនៅស្រុកជើងព្រៃ ខេត្តកំពង់ចាមរូបនេះ បានចំណាយទុន ដល់ជាង២០លានរៀល(៥ពាន់ដុល្លារ)។
ត្រីនាំចូលឧបសគ្គធំជាងវិបត្តិកូវីដ-១៩
លោក ទូច បូណា ទទួលស្គាល់ថា វិបត្តិកូវីដ-១៩ ជាផ្នែកមួយដែលធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនបន្ថយចំណាយលើការទិញសាច់-ត្រីប្រចាំថ្ងៃ ប៉ុន្តែទំហំនៃការនាំចូលត្រីពីវៀតណាមមិនមានសភាពធូរថយ ហើយកាន់តែកើនជាងមុន។
លោកបានបញ្ជាក់ថា ត្រីដែលនាំចូលពីវៀតណាមមានតម្លៃថោកជាងត្រីក្នុងស្រុកពី១០០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម ដែលជាហេតុធ្វើឱ្យត្រីចិញ្ចឹមក្នុងស្រុកបានធ្លាក់ថ្លៃខ្លាំងយ៉ាងគំហុកបែបនេះ។
លោក ស៊ន សន ក៏លើកឡើងដូចគ្នាផងដែរ។ លោកសង្កេតឃើញ ត្រីពីវៀតណាមត្រូវបានដឹកចូលទៅដល់ផ្សារព្រែកព្នៅនៅរាជធានីភ្នំពេញរៀងរាល់ព្រឹក ហើយក្លាយជាផ្សារបោះដុំ និងចែកចាយត្រីដ៏ធំជាងគេ ទៅឲ្យបណ្តាផ្សារនៅរាជធានី-ខេត្តមួយចំនួន។
វារីវប្បករនៅខេត្តកំពង់ចាមរូបនេះ បាននិយាយដូច្នេះ៖«ត្រីពោដែលគេដឹកពីវៀតណាមមកដល់ផ្សារព្រែកព្នៅតែម្តង មានតម្លៃត្រឹម៥០០០រៀលទេ ក្នុងមួយគីឡូក្រាម។ អ៊ីចឹងហើយ ឈ្មួញដែលមកចាប់ត្រីពីស្រះយើងក៏ទាញតម្លៃត្រីធ្លាក់ឱ្យនៅត្រឹមតែ៤,៥០០រៀល ក្នុងមួយគីឡូក្រាមផងដែរ»។
នៅពោធិ៍សាត់ ក៏មិនខុសគ្នាឡើយ។ នេះបើតាមការអះអាងរបស់លោក ចាប ឡុក ដោយបញ្ជាក់ថា ក្រៅពីការនាំចូលត្រី វត្ថុធាតុដើមនៃការសម្រាប់ចិញ្ចឹមត្រី គឺសុទ្ធតែនាំចូលផងដែរក្នុងនោះមានទាំងពូជត្រី, ចំណីត្រី, ថ្នាំសម្លាប់មេរោគ ថ្នាំផ្សេងៗ។
ត្រីធ្លាក់ថ្លៃ តែការចំណាយលើចំណីត្រីនៅតែច្រើន...
លោក សយ សុងហេង មានត្រីពោ ដែលចាប់លក់បានតែពីខែមិថុនា មក ប៉ុន្តែមិនមានឈ្មួញណាទៅទាក់ទងលោកនោះឡើយ។ លោកក៏បានសម្រេចបង្អត់ចំណីត្រីជាបណ្តើរៗ។ «ឲ្យចំណីត្រីស៊ីទៅ ខ្ញុំខ្លាចខាតកាន់តែច្រើន ព្រោះចំណីត្រីវាថ្លៃ តែត្រីយើងសព្វថ្ងៃអាចលក់បានត្រឹម៤ឬ៥ពាន់រៀល ក្នុងមួយគីឡូក្រាម ហើយថែមទាំងគ្មានអ្នកមកទិញទៀត»។
ចំណែកឯលោក ស៊ន សន លោកប្រឈមខាតជិត២ម៉ឺនដុល្លារអាមេរិក លើការចិញ្ចឹមត្រីលើការចិញ្ចឹមត្រីពោ និងត្រីប្រាក្នុងឆ្នាំនេះ ។ « ត្រីរបស់ខ្ញុំ មានជាង៣០តោននៅក្នុងស្រះ។ ក្នុងមួយថ្ងៃ ខ្ញុំឲ្យចំណីត្រីស៊ីអស់ជាង១០បេ[ការុង] ដែលមានពី៥០-៦០ម៉ឺនរៀល»។ ត្រីប្រា សព្វថ្ងៃមានតម្លៃត្រឹម៣៧០០រៀលក្នុងមួយគីឡូក្រាមហ្នឹង យើងទប់ម៉េចឈ្នះ»។ បើតាមវារីវប្បករដែលមានបទពិសោធន៍ជាង១០ឆ្នាំរូបនេះ ចំណីដែលលោកទិញឲ្យត្រីសព្វស៊ីសព្វថ្ងៃ មានតម្លៃ៥ម៉ឺនរៀល ក្នុងមួយការុង ដែលមានចំណុះ៥០គីឡូក្រាម។
សុំអន្តរាគមន៍...
ក្នុងអំឡុងនៃវិបត្តិកូវីដ-១៩ លោក វី បានងាកទៅទិញត្រីរបស់វៀតណាមដែលដឹកដល់ផ្សារព្រែកព្នៅ ចន្លោះពី១ទៅ៣តោនក្នុងមួយថ្ងៃ។ លោកបញ្ជាក់ថា ត្រីពីវៀតណាមមានគ្រប់ប្រភេទ ហើយមានតម្លៃ ថោកជាងត្រីចិញ្ចឹមក្នុងស្រុកទៅតាមប្រភេទនីមួយផងដែរ។ បើតាមឈ្មួញត្រីរូបនេះ ត្រីដែលនាំចូលពីវៀតណាមមានទាំងត្រីរស់ ត្រីស្តោ ត្រីទីឡាប់យ៉ា ត្រីឆ្ពិន ត្រីប្រា ត្រីពោ និងប្រភេទត្រីផ្សេងៗទៀតជាច្រើន។
ខណៈដែលលោក សយ សុងហេង អាយុ៦៤ឆ្នាំ ហាក់ដូចជាបាក់ទឹកចិត្តចំពោះមុខរបរចិញ្ចឹមត្រី លោក ស៊ន សន ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយរឹតត្បិតការនាំចូល។ លោកបានបញ្ជាក់ថា៖ «យើងមិនចង់ឱ្យបិទទាំងស្រុងទេនៃការនាំចូលត្រីពីវៀតណាមនោះ។ ប៉ុន្តែពេលដែលយើងសម្បូរត្រីហើយ, ពេលដែលពលរដ្ឋយើងពលរដ្ឋផលិតត្រីអាចផ្គត់ផ្គង់ទីផ្សារបានហើយ សូមអាជ្ញាធរកាត់បន្ថយការនាំចូលពីគេខ្លះទៅ ដើម្បីឱ្យកសិករយើងបានរស់ទាំងអស់គ្នា»។
បើតាម លោក ឡែមផូរ សុថាវរិទ្ធិ អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជា មានអ្នកចិញ្ចឹមប្រហែល៩០ភាគរយនៃសមាជិកជាង២០០គ្រួសារ បានជួបបញ្ហាដូចគ្នាដោយត្រីនៅលើទីផ្សារមានតម្លៃថោកហើយ ព្រមទាំងគ្មានឈ្មួញមកចុះចាប់ទៀត ដោយឈ្មួញទាំងនោះ កំពុងជាប់ដៃទិញត្រីពីកន្លែងលក់ត្រីដែលនាំចូលពីវៀតណាម។
សម្រាប់ត្រីរបស់ប្រជាកសិករចំនួន៨ខេត្តដែលស្ថិតនៅក្នុងសមាគន៍វារីវប្បករកម្ពុជា ដែលអាចលក់នៅលើទីផ្សារ មានរហូតដល់ជិត២ម៉ឺនតោន។ នេះជាការលើកឡើងរបស់លោក សុថាវរិទ្ធិ ដោយបន្តថា៖«ទីផ្សារត្រីយើងកាន់តែជន់ ហើយតម្លៃកាន់តែចុះថោកទៅៗ»។
ប្រភេទត្រីចិញ្ចឹមដែលកំពុងធ្លាក់ថ្លៃយ៉ាងខ្លាំងនោះ មានត្រីប្រាធ្លាក់ពី៤,៥០០រៀលឡើងក្នុងមួយគីឡូក្រាម មកនៅត្រឹម៣៧០០ទៅ៤១០០រៀល។ ត្រីឆ្ពិន ធ្លាប់តម្លៃ២ម៉ឺនរៀល ធ្លាក់មកត្រឹម១២០០០ទៅ១៤០០០រៀលក្នុងមួយគីឡូក្រាម។ ត្រីក្រាញ់ ធ្លាក់ពី៥ពាន់រៀល មកត្រឹម៤ពាន់រៀល ក្នុងមួយគីឡូក្រាម។
អ្នកទទួលបន្ទុកអភិវឌ្ឍវារីវប្បកម្មនៃសហគមវារីវប្បករកម្ពុជារូបនេះ បាននិយាយថា៖ «ត្រីរបស់វៀតណាមសម្រុកចូលទីផ្សារខ្មែរខ្លាំង គឺក្នុងអំឡុងពេលកូវីដ-១៩នេះ។ បើតាមខ្ញុំដឹង ត្រីរបស់វៀតណាមត្រូវបានសហគមន៍អឺរ៉ុបបិទ ដូច្នេះហើយត្រីរបស់វៀតណាមជន់ខ្លាំងមិនដឹងនាំចេញទៅទីណា ក៏សម្រុកនាំចូលស្រុកខ្មែរ ដោយលក់ចេញក្នុងតម្លៃថោកៗ»។
ចំពោះដំណោះស្រាយទប់ទល់នឹងការនាំចូលត្រីពីបរទេស លោក វេង សាខុន បានដាក់កំហិតយ៉ាងម៉ឺងម៉ាត់ថា៖« ចាប់ពីពេលនេះតទៅ រដ្ឋបាលជលផលត្រូវបង្ហាញទិន្នន័យថាថ្ងៃនេះនាំចូលត្រីពីវៀតណាមប៉ុន្មានតោន? ក្នុងនោះ នាំចូលត្រីរស់ប៉ុន្មានតោន, ត្រីឆ្តោប៉ុន្មានតោន ត្រីប្រាប៉ុន្មានតោន...ឲ្យដូចនូវអ្វីដែលយើងកំពុងធ្វើដូចការនាំចូលសត្វផងដែរ»៕