អន្តរជាតិ
បក្ស​កុម្មុយនីស្ត​វៀតណាម បើក​កិច្ចប្រជុំ​រៀបចំ​បញ្ជីមេ​ដឹកនាំ​ថ្មី​ដើម្បី​ត្រៀម​សមាជ​ខែមករា​
14, Dec 2020 , 9:59 pm        
រូបភាព
កិច្ចប្រជុំបក្សកុម្មុយនីស្តវៀតណាមលើកទី១២។ រូបភាព៖ VNA
កិច្ចប្រជុំបក្សកុម្មុយនីស្តវៀតណាមលើកទី១២។ រូបភាព៖ VNA
ដោយ:
​បក្ស​កុម្មុយនីស្ត​វៀតណាម នៅ​ថ្ងៃទី​១៤ ធ្នូ ចាប់ផ្តើម​កិច្ចប្រជុំ​មួយ​សប្តាហ៍ សំដៅ​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ក្នុង​រយៈ​៥​ឆ្នាំ​ទៅមុខទៀត​។ ដ្បិត​ជា​រដ្ឋ​កុម្មុយនីស្ត វៀតណាម​ពុំមាន​ថ្នាក់ដឹកនាំ​កំពូល​ឡើយ ហើយ​អំណាច​ត្រូវ​បែងចែក​រវាង​ប្រធានាធិបតី នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត និង​ប្រធានសភា ខុសពី​អ្នកជិតខាង​ចិន ឬ​កូរ៉េខាងជើង​។​

 
​សម័យប្រជុំ​លើក​ទី​១៤ នៃ​គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​វៀតណាម​អាណត្តិ​ទី​១២ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៤ ខែធ្នូ ដើម្បី​រៀបចំ​របៀបវារៈ និង​សមាសភាព​ថ្នាក់ដឹកនាំ​ប្រទេស​ថ្មី ដែល​ត្រូវ​ជ្រើសរើស​ក្នុង​សមាជ​បក្ស​ខែមករា ឆ្នាំ​២០២១ ។ លោក ង្វៀន ភូ​ជុង ដែលជា​ប្រធានាធិបតី​វៀតណាម និង​ជា​អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម ដឹកនាំ​កិច្ចប្រជុំ​នេះ​។​
 
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​វៀតណាម​លើកឡើងថា កិច្ចប្រជុំ​នេះ​ពិភាក្សា​លើ​ឯកសារ​បុគ្គល​។  ពោលគឺ​សំដៅលើ​ការជ្រើសរើស​ថ្នាក់ដឹកនាំ​សម្រាប់​អាណត្តិ​ថ្មី​។ គេ​រំពឹងថា លោក ង្វៀន អាយុ​៧៦​ឆ្នាំ នឹង​បន្ត​រក្សា​តំណែង​អគ្គលេខាធិការ​បក្ស​រប​ស់លោក​មួយ​អាណត្តិ​ទៀត បើទោះជា​លោក​សុខភាព​មិនសូវ​ល្អ​ក្ដី​។ ចាប់ពី​ឆ្នាំ​២០១៨ លោក ជា​អ្នកនយោបាយ​ក្នុង​បក្ស​ដ៏​មាន​ឥទ្ធិពល ក្រោយ​ដែល​កាន់តំណែង​កំពូល​ទាំងពីរ​។ 
 
​ក្នុង​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម​ក្នុង​ឆ្នាំ​២០១៦ លោក ង្វៀន ភូ​ជុង ជា​អ្នក​ផ្តួចផ្តើម​ក្នុង​ការដក​លោកនាយក​រដ្ឋមន្ត្រី ង្វៀន តាន់​យុង ចេញពី​តំណែង ខណៈ​លោក​ក្លាយជា​គូប្រជែង​សម្រាប់​តំណែង​លេខា​បក្ស​។ 
 
​ក្រៅតែពី​លោក ង្វៀន ភូ​ជុង ជោគវាសនា​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក ដែលជា​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន ក៏​ស្ថិតក្នុង​មន្ទិល​ដែរ​។ លោក ង្វៀន សួន​ហ្វ៊ុ​ក អាយុ​៦៦​ឆ្នាំ ទំនងជា​កាន់តំណែង​មួយ​អាណត្តិ​ទៀត ឬក៏​អាច​ក្លាយជា​លេខា​បក្ស​ផង​។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ង្វៀន សួន​ហ្វុ​ក ដឹកនាំ​វៀតណាម​ឲ្យ​លេចមុខ​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ដូចជា​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អន្តរជាតិ ក៏ដូចជា​ដើរតួនាទី​ក្នុង​តំបន់​អាស៊ាន​ផងដែរ​។​
 
​រដ្ឋមន្ត្រី​នគរបាល​វៀ​ត​ណា​ម តូ ឡាំ ទំនងជា​អាច​ក្លាយជា​ប្រធានាធិបតី​ជំនួស​លោក ង្វៀន ភូ​ជុង ដែល​អាច​នឹង​កាន់តែ​តំណែង​លេខា​បក្ស​តែមួយ​វិញ​។ មិនមែនជា​រឿង​ចម្លែក​ឡើយ បើ​លោក តូ ឡាំ ក្លាយជា​ប្រធានាធិបតី ព្រោះ​អតីត​ប្រធានាធិបតី ជិន ដាយ​គ័ង ក៏​ជា​រដ្ឋមន្ត្រី​សន្តិសុខ មុន​ក្លាយជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៦ រួច​ស្លាប់​នៅ​ឆ្នាំ​២០១៨ នោះ​។ ចំណែក​កៅអី​ប្រធានរដ្ឋសភា ដែល​អង្គុយ​ដោយ​លោកស្រី ង្វៀន ធី គីម ងិន ក៏​អាចមាន​អ្នក​ជំនួស​ដែរ​។ 
 
​លោក Linh Nguyen មកពី​អង្គការ Control Risks អះអាងថា លទ្ធផល​នៃ​សមាជ​បក្ស​កុម្មុយនីស្ត​វៀតណាម​លើក​នេះ ពិបាក​នឹង​ស្មាន​ទុកជាមុន​ណាស់ ខណៈ​ពុំមាន​បេក្ខជន​ណា​ម្នាក់​លេចធ្លោរ​ខ្លាំង​ឡើយ ហើយ​បេក្ខជន​សឹងតែ​ទាំងអស់​សុទ្ធតែជា​មនុស្ស​ចាស់​។ លោក​មើលឃើញថា ការ​ប្រជែង​គ្នា​ក្នុង​ផ្ទៃក្នុង​បក្ស​កាន់តែខ្លាំង នៅពេល​សមាជ​បក្ស​កាន់តែ​ឈាន​កៀក​។ 
 
​ការ​ជ្រើស​រើ​ថ្នាក់ដឹកនាំ​វៀតណាម​ត្រូវធ្វើឡើង​ដោយ​សម្ងាត់ និង​តាមរយៈ​ការមូល​មតិ​គ្នា​ដើម្បី​ជ្រើសរើស​បេក្ខជន​សម្រាប់​តំណែង​សំខាន់​រាប់​តំណែង​ក្នុង​ជួរ​ការិយាល័យ​នយោបាយ​បក្ស​ផងដែរ​។ ក្រោយ​មានការ​មូលមតិ​គ្នា​ក្នុង​បក្ស​រួចហើយ បេក្ខជន​នឹងត្រូវ​បោះឆ្នោត​ជ្រើសរើស​ជា​ផ្លូវការ​ក្នុង​សមាជ​បក្ស​កុម្ម​យ​នី​ស្ត​វៀតណាម ដែល​នឹង​ប្រារព្ធ​ឡើង​ក្នុង​ខែមករា ឆ្នាំ​២០២១៕
 

Tag:
 វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com