Brexit៖ EU និង​អង់គ្លេស​បន្ត​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ខណៈពេល​កាន់តែ​ខើច​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Brexit៖ EU និង​អង់គ្លេស​បន្ត​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ខណៈពេល​កាន់តែ​ខើច​
14, Dec 2020 , 10:40 pm        
រូបភាព
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ស្វាគមន៍ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃអេន មុនជំនួបកន្លងមក។ រូបភាព​ Xinhua
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន ស្វាគមន៍ប្រធានគណៈកម្មការអឺរ៉ុប អឺស៊ុឡា វ៉ុន ដឺ លៃអេន មុនជំនួបកន្លងមក។ រូបភាព​ Xinhua
​ចក្រភព​អង់គ្លេស  និង​សហភាព​អឺរ៉ុប (EU) បាន​យល់ព្រម​បន្ត​កិច្ចចរចា​ដើម្បី​ស្វែងរក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្រោយ​អង់គ្លេស​ចាកចេញ ខណៈ​ភាគី​អង់គ្លេស​បន្ត​ព្រមាន​ថា សេណា​រី​យ៉ូ​ដើរចេញ​ដោយ​គ្មាន​កិច្ចព្រមព្រៀង នៅតែមាន​លទ្ធភាព​ខ្ពស់​។ បើ​គ្មាន​កិច្ចព្រមព្រៀង​ណាមួយ​ទេនោះ ទាំង EU និង​អង់គ្លេស នឹង​ប្រឈមមុខ​វិបត្តិ​ដ៏​ធំ​ក្នុង​ទំនាក់ទំនង​ក្រោយ​ការចាកចេញ (Brexit) ។​

 
 
​ការចរចា​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ស្ដីពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​កំណត់​របៀបរបប​រក​ស៊ី​ក្រោ Breixt នៅតែ​មិនទាន់​លទ្ធផល ខណៈ​ឱសានវាទ​ថ្ងៃទី​១៣ ខែធ្នូ កន្លងផុត​ក្ដី​។ ប៉ុន្តែ​ភាគី​ទាំងពីរ ក៏​បន្ត​ផ្ដល់ឱកាស​ដល់​ការចរចា​ម្ដងទៀត សំដៅ​ស្វែងរក​ឲ្យ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មុន​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០២០​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​រួម នៅ​ថ្ងៃទី ១៣ ខែធ្នូ នាយករដ្ឋមន្ត្រី​អង់គ្លេស បូរី​ស ច​ន​សុន និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប អ្នកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន បាន​និយាយថា មកដល់​ចំណុច​នេះ វា​ជាការ​ទទួលខុសត្រូវ​ដែល​ភាគី​ទាំងពីរ​បន្ត​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​ក្នុងការ​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ​។ 
​អំឡុង​ការជជែក​ពិភាក្សា​តាម​ទូរ​សព្ទ មេដឹកនាំ​ទាំងពីរ ឯកភាពគ្នា​ប្រាប់​ទៅកាន់​មន្ត្រី​ចរចា​ពួកគេ​បន្ត​កិច្ចពិភាក្សា​ក្នុង​ទីក្រុង​ព្រុ​ច​សែ​ល​។​
 
​ទោះបី​យល់ព្រម​ពន្យារពេល​ការចរចា Brexit ក៏ពិតមែន មេដឹកនាំ​ទាំងពីរ​នេះ ពុំ​បញ្ជាក់​រយៈពេល​ជាក់លាក់​ឡើយ​។ ក៏ប៉ុន្តែ ពេលវេលា​ចុងក្រោយ ដែល​អង់គ្លេស នឹង​លែង​តម្រូវ​ឲ្យ​គោរព​ច្បាប់​របស់ EU គឺ​នៅ​ថ្ងៃទី ៣១ ខែធ្នូ ខាងមុខ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកស្រី អឺ​ស៊ុ​ឡា ចាត់ទុក​ការជជែក​ជាមួយ​លោក ច​ន​សុន ថា សំខាន់​និង​មាន​ប្រយោជន៍​។ តែ​លោក ច​ន​សុន បាន​ព្រមាន​ជាថ្មី​ថា សេណា​រី​យ៉ូ​ដែល​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម មានលទ្ធភាព​ខ្ពស់​នឹង​កើតឡើង​។ 
 
«​ខ្ញុំ​ខ្លាច​ថា យើង​នៅមាន​គម្លាត​ឆ្ងាយ​ពី​រឿង​គន្លឹះ​ខ្លះ​»​។ លោក ច​ន​សុន បញ្ជាប់​បែបនេះ មុននឹង​បន្ថែម ទោះជា​បែបនេះ ចក្រភព​អង់គ្លេស នឹងមិន​ដើរចេញ​ពី​តុ​ចរចា​ឡើយ ហើយ​លោក​នៅតែ​គិតថា កិច្ចព្រមព្រៀង​មួយ អាច​កើតឡើង ប្រសិនបើ  EU ចង់​សម្រេច​វា​នោះ​។ ទោះ​មាន ឬ​គ្មាន​កិច្ចព្រមព្រៀង លោក ច​ន​សុន បន្ត​មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត​របស់​ចក្រភព​អង់គ្លេស​។  
 
​ពេលវេលា ក៏​ខិត​កៀក​ហើយ​ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​មួយ មុន​ពេលដែល​ចក្រភព​អង់គ្លេស​ឈប់​គោរព​តាមច្បាប់​ពាណិជ្ជកម្ម​រប​ស់ EU ដែល​នៅសល់តែ​ជាង​២​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​។ ក្នុង​ការចរចា​តឹងសរសៃក​ជាច្រើន​សប្ដាហ៍ ភាគី​ទាំងពីរ បរាជ័យ​ក្នុងការ​ជម្នះ​ឧបសគ្គ​មួយចំនួន ដូចជា ក្បួនច្បាប់​នៃ​ការប្រកួតប្រជែង និង​សិទ្ធិ​ក្នុងការ​នេសាទ​ត្រី​ជាដើម ។​
 
​បើ​គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម អង់គ្លេស នឹង​ត្រូវធ្វើ​ពាណិជ្ជកម្ម​ជាមួយ EU ដោយ​គោរព​តាមច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ហើយ​នេះ​មានន័យថា ការត្រួតពិនិត្យ​នៅ​ច្រកព្រំដែន និង​ពន្ធគយ នឹងត្រូវ​ដាក់​អនុវត្ត​ចំពោះ​ទំនិញ​ដែល​ដឹកជញ្ជូន​រវាង​អង់គ្លេស​និង EU​។ នេះ​មិនមែនជា​អ្វីដែល​ភាគី​ទាំង​ចង់​បានឡើយ​។​
 
​តាមពិតទៅ ចក្រភព​អង់គ្លេស​បាន​ចាក​ចេញពី​ផ្លូវការ​ពី​សហភាព​អឺរ៉ុប តាំងពី​ថ្ងៃទី ៣១ ខែមករា ឆ្នាំ​២០២០ មកម្ល៉េះ​។ ភាគី​ទាំងពីរ ត្រូវការ​ពេលវេលា​ដើម្បី​ចរចា​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ជីវិត​ក្រោយ​ការ​លែងលះ​នេះ ឬ​ហៅថា​ដំណើរការ​អន្តរកាល ពោលគឺ​ជជែក​លើ​វិស័យ​ស្នូល​រាប់​ចាប់តាំងពី​បញ្ហា​សន្តិសុខ និង​ពាណិជ្ជកម្ម​៕ 

Tag:
 UK
  EU
  Brexit
© រក្សាសិទ្ធិដោយ thmeythmey.com