ជាតិ
សង្គមជាតិ
មេ​សហជីព ស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការកំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករសំណង់​
14, Dec 2020 , 10:59 pm        
រូបភាព
កម្មករសំណង់ជនជាតិចិននិងខ្មែរតវ៉ាឲ្យថៅកែបើកប្រាក់ឈ្នួល (រូបដោយ កញ្ញា ឡាយ សុភាវតី)
កម្មករសំណង់ជនជាតិចិននិងខ្មែរតវ៉ាឲ្យថៅកែបើកប្រាក់ឈ្នួល (រូបដោយ កញ្ញា ឡាយ សុភាវតី)
​ភ្នំពេញ​៖ ២​ឆ្នាំ​ហើយ ការសិក្សា​ស្ដីពី​ការកំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករសំណង់​នេះ មិនទាន់​ឃើញ​មាន​លទ្ធផល​ផ្លូវការ​នៅឡើយ​។ មេ​សហជីព​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស្នើ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ការកំណត់​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករសំណង់ ។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅតែ​អះអាងថា ខ្លួន​កំពុង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​។


​អគ្គលេខាធិការ​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​លោក យ៉ាន់ ធី បាន​បញ្ជាក់ថា សំណើ​របស់ខ្លួន​នេះ ក្នុង​គោលបំណង​ឲ្យ​កម្មករ​ទទួលបាន​ប្រាក់​ឈ្នួល​គោល​ច្បាស់លាស់ ដោយ​គ្មាន​ការកេងប្រវ័ញ្ច ។ ជាពិសេស​ទទួលបាន​ប្រាក់​ឈ្នួល​ស្មើភាព​គ្នា រវាង​កម្មករ​បរទេស និង​ពលរដ្ឋ​ខ្មែរ​។ 
 
​ថ្លែង​ក្នុង​វេទិកា​សិទ្ធិមនុស្ស ក្រោយ​ប្រធានបទ សិទ្ធមនុស្ស​ក្នុង​វិស័យ​សំណង់ កាលពី​ថ្ងៃទី​១៣ ធ្នូ លោក យ៉ាន់ ធី បាន​លើកឡើងថា​៖ «​ស្នើ​ឲ្យ​រដ្ឋាភិបាល​គិតគូ ការកំណត់​ប្រាក់​ឈ្នួល​គោល​ក្នុង​វិស័យ​សំណង់ ដោយយោង​តាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​ម​ន្រី្ត​បាន​និយាយ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៨ នៅ​កំពង់ស្ពឺ​ពេល​ជួប​កម្មករ គឺ​និយាយ​ឲ្យ​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ​ហ្នឹង ពិនិត្យ​ពិចារណា​ក្នុងការ​កំណត់​ប្រាក់​ឈ្នួល​គោល ក្នុង​វិស័យ​សំណង់​និង​វិស័យ​ដទៃ​ផ្សេងទៀត​។ អ៊ីចឹង​មកដល់ពេលនេះ​២​ឆ្នាំ​ហើយ ស្នើ​ឲ្យ​ពិនិត្យ​ហ្នឹង​កុំ​ទុក​យូរពេក ហើយ​គួរតែ​គិតគូ​ទៅក្នុង​វិស័យ​សំណង់​នេះ​»​។ 
 
​ជាមួយគ្នានេះ​លោក យ៉ាន់ ធី ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ គិតគូរ​ពី​ការតាក់តែង​ច្បាប់ ស្ដីអំពី​សុខភាព សុវត្ថិភាព ដើម្បី​ការពារ​ដល់​កម្មករសំណង់ និង​ពង្រីក​វិសាលភាព​នៃ​វិស័យ​គាំពារ​សង្គម ដល់​កម្មករ​ក្នុង​វិស័យ​សំណង់​។ សម្រាប់​លោក យ៉ាន់​ធី រដ្ឋាភិបាល​គួរ​ពិនិត្យឡើងវិញ ដោយ​ចេញ​សេចក្ដីប្រកាស​ឬ​ច្បាប់ សម្រាប់​ត្រួតពិនិត្យ​ក្រុមហ៊ុន​ម៉ៅការ​សំណង់ កុំ​ឲ្យ​មានការ​ម៉ៅការ​តៗ​គ្នាច្រើន ក្នុង​គម្រោង​សាងសង់ ។ លោក​អះអាងថា ក្រុមហ៊ុន​ម៉ៅការ​សំណង់​ច្រើន​ក្នុង​ទីតាំង​ឬ​គម្រោង​ខ្លះ គឺមាន​ភាពស្មុកស្មាញ ពិបាក​រក​អ្នកទទួលខុសត្រូវ នៅពេល​មាន​ហេតុការណ៍​ណាមួយ​កើតឡើង ឬ​ប៉ះពាល់​ដល់ក​ម្មករ​។ 
 
​កន្លងមក​សម្ដេច ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត បាន​បញ្ជា​ឲ្យ​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ធ្វើការ​សិក្សា​លើក​ករណី​លើ​ប្រាក់​ឈ្នួល​គោល​របស់​កម្មករសំណង់​នេះ កាលពី​ឆ្នាំ​២០១៨​។​
 
​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ប្រព័ន្ធ​Telegram នៅ​ថ្ងៃទី​១៤ ធ្នូ​ថា ក្រសួង​កំពុង​សិក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​សំណង់​។ លោក អះអាង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​សិក្សា​ជាមួយ​ដៃគូ និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​ការពង្រីក​វិសាលភាព​ប្រាក់​ឈ្នួល​អប្បបរមា​ទៅ​ផ្នែក​សំណង់​»​។ 
 
​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​នេះដែរ​ថា លោក សូ ឆ្លូញ អនុប្រធាន​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​ថ្លែងថា ការសិក្សា​របស់​ក្រសួង​ប្រើប្រាស់​ពេលវេលា​យូរ ហើយ​មិនទាន់​ឃើញ​មាន​លទ្ធផល​។ តែ​យ៉ាងណា​សហជីព​លោក រីករាយ​នឹងចូលរួម​សហការ​ជាមួយ​ក្រសួង ដើម្បី​ប្រយោជន៍​រួម​របស់​កម្មករ​។ 
 
«​កន្លងមក​កាលពី​២០១៩ ខាង​ខ្ញុំ​បាន​ជួប​រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ សាកសួរ​ជុំវិញ​ការសិក្សា​នេះដែរ លោក​ប្រាប់ថា​កំពុង​សិក្សា ហើយ​យើង​មិនដឹង​ទេ​ថា ដំណើរការ​ដល់​ណា​ហើយ អ៊ីចឹង​បាន​ឆ្នាំនេះ យើង​ស្នើ​ឲ្យ​រដ្ឋ​និង​ក្រសួង​ព​ន្លឿ​ន ព្រោះ​ការកំណត់​ប្រាក់​ឈ្នួល​គោល​នេះ ផ្ដល់​ផលប្រយោជន៍​ដល់​កម្មករ​ច្រើនណាស់ គឺ​គ្មាន​ការ​គេង​ប្រវ័ញ្ច​ប្រាក់​ឈ្នួល ហើយ​បុរស​ស្រី្ត ជនបរទេស និង​ពលរដ្ឋ​ខ្មែរ នឹង​ទទួលបាន​ប្រាក់​ស្មើគ្នា ខណៈដែល​បំពេញការងារ​ដូចគ្នា​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សូ ឆ្នូ​ញ​។ 
 
​សូមជម្រាបថា ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០២០​នេះ គម្រោង​សាងសង់​នៅ​កម្ពុជា មាន​ជាង​៣៧០០​គម្រោង និង​មាន​ទំហំ​ទឹកប្រាក់​ជិត​៦​ពាន់​លាន​ដុល្លារ​៕

Tag:
 វិស័យ​សំណង់​
  សហជីព​
© រក្សាសិទ្ធិដោយ thmeythmey.com