ជាតិ
ក្រសួងកសិកម្ម​៖ ផល​ស្រូវវស្សា​ឆ្នាំនេះ នឹង​បាន​ជាង​៨.៥​លាន​តោន
15, Dec 2020 , 7:59 am        
រូបភាព
ការស្ដារដំណាំស្រូវរបស់កសិករ (រូបភាព៖ វេង សាខុន)
ការស្ដារដំណាំស្រូវរបស់កសិករ (រូបភាព៖ វេង សាខុន)
ដោយ:
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប៉ាន់​ស្មានថា ផល​ស្រូវវស្សា​ឆ្នាំ​២០២០​នេះ អាចមាន​ជាង​៨.៥​លាន​តោន ។ ចំនួន​នេះ​កើន​លើស​ឆ្នាំមុន ដែលមាន​ជាង​៨.២​លាន​តោន ដែល​ស្មើនឹង​ជាង​៣០​ម៉ឺន​តោន​។ ក្រៅពី​ប៉ាន់ស្មាន​បរិមាណ​ផល​ស្រូវ​រដូវវស្សា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ការងារ​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ ក៏​សម្រេចបាន​ជាង ៨៩​ភាគរយ​ហើយ​ដែរ គិត​ត្រឹម​ថ្ងៃទី​១០ ធ្នូ​។​

 
​ខណៈដែល​ប្រជាកសិករ​មួយចំនួនធំ កំពុង​មមាញឹក នឹង​ការប្រមូល​ផល​ស្រូវវស្សា​របស់ខ្លួន នៅ​ថ្ងៃទី​១១ ធ្នូ​នេះ លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ចេញ​តួលេខ​ប៉ាន់ស្មាន​អំពី​ទិន្នផល​ស្រូវវស្សា សម្រាប់​ឆ្នាំ​២០២០​នេះ​។ 
 
​លោក វេ​ង សាខុន បាន​សរសេរ​នៅលើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា បរិមាណ​ផល​ស្រូវ​រដូវវស្សា អាច​ទទួលបាន​ប្រមាណ ៨ ៥៩៦ ៨៧៧ តោន​។  លោក សរសេរ​បញ្ជាក់​លម្អិត​ដូច្នេះ​៖«​បន្ទាប់ពី​បាន​ពិភាក្សា និង​ផ្ទៀងផ្ទាត់​ទិន្នន័យ ជាមួយ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី​/ ខេត្ត នៅ​ជំហាន​ទី​១​មក ការប៉ាន់ស្មាន​ជាបឋម នៃ​បរិមាណ​ផល​ស្រូវ​រដូវវស្សា​ឆ្នាំ​២០២០ នេះ នឹង​អាច​ទទួល​បានជា​មធ្យម​ចំនួន ៣ ១២២​គីឡូ​ក្រោម ក្នុង​មួយ​ហិកតា  ឬ​ប្រមាណ​ប្រមាណ ៨ ៥៩៦ ៨៧៧ តោន​»​។​


 
​ទិន្នផល​នេះ កើន​លើស​បរិមាណ​ស្រូវ​រដូវវស្សា កាលពី​ឆ្នាំ​២០១៩ ជាង​៣០​ម៉ឺន​តោ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​។ 
 
​ក្រៅពី​បង្ហាញ​ការ​ព្យាករ​បរិមាណ​ផល​ស្រូវ​រដូវវស្សា លោក​រដ្ឋមន្ត្រី​វេ​ង សា​ខុ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ថ្ងៃទី​១០ ធ្នូ ការងារ​ស្តារ​ដំណាំ​ស្រូវ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​នោះ សម្រេចបាន​ជាង​៨៩​ភាគរយ​ហើយ នៅក្នុង​រាជធានី​-​ខេត្ត ទាំង​១៩ ដែល​រងគ្រោះ​។ 
 
​ដ្បិតតែ​ការងារ​ស្តារ​ដំណាំ​ស្រូវ​មិនទាន់​បញ្ចប់​ជា​ស្ថាពរ ប៉ុន្តែ​កន្លងមក លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ប៉ាង វណ្ណា​សេដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបន្ទាយមានជ័យ ធ្លាប់បាន​ពន្យល់​ប្រាប់​សារព័ត៌មាន​ThmeyThmey25  ថា​ស្រូវ​ដែល​បាន​ជន់​លិច​ហាក់​មានការ​លូតលាស់​ល្អ ក្រោយ​ទឹក​ស្រក​ទៅវិញ​។ មន្ត្រី​ទាំង​២​រូប សន្និដ្ឋាន​ដូចគ្នា​ថា ទិន្នផល​ស្រូវ​ក៏​ប្រហាក់ប្រហែល កើន​ជាង​ឆ្នាំមុន​បន្តិច​ដែរ ដូច្នេះ លោក​មិន​បារម្ភ​ពី​ការធ្លាក់ចុះ​ទិន្នផល​ស្រូវ​នោះទេ​។​
 
​បើតាម​លោក វេ​ង សាខុន ទឹកជំនន់​បានធ្វើ​ឲ្យ​ប៉ះ​ផ្ទៃដី​ដំណាំ​ស្រូវ​ប្រមាណ ៣០​ម៉ឺន​ហិកតា ក្នុងនោះ​មានតែ​ផ្ទៃដី​ដាំ​ស្រូវ​ប្រមាណ​១២​ម៉ឺន​ហិកតា បាន​ខូច​ទាំងស្រុង ខណៈ​ស្រូវ​ជិត​១៨​ម៉ឺន​ហិកតា​ត្រូវបាន​សង្គ្រោះ , និង​ប្រមាណ ៥​ម៉ឺន​ហិកតា នៅ​អាច​ស្តារឡើងវិញ​បាន​។​
 
​សូម​រំឭកថា ដើម្បី​ស្តារ​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ ដែល​រង​ផលប៉ះពាល់​ក្រសួងកសិកម្ម បាន​ចែក​ពូជស្រូវ​ចំនួន ៦,៤៣៤​តោន និង​ពូជ​បន្លែ​ជិត ៥៦​ម៉ឺន​កញ្ចប់ ទៅដល់​កសិករ​។ ក្រៅពី​ដំណាំ​កសិកម្ម គ្រោះទឹកជំនន់​កន្លងមក ក៏បាន​បណ្តាល​ឲ្យ​មនុស្ស​៤៤​នាក់ បាត់បង់​ជីវិត​ផងដែរ​៕
 

Tag:
 ដំណាំ​ស្រូវ
© រក្សាសិទ្ធិដោយ thmeythmey.com