ជាតិ
ការលក់​តាម​អន​ឡាញ បាន​ផ្លាស់​ប្ដូរជីវិត​លោក មឿ​ន ចាន់ណា ក្រោយ​ពិការភាព
15, Dec 2020 , 8:59 am        
រូបភាព
លោក ធឿន ចាន់ណា ប្រកបរបរលក់ស្បែកជើង កាបូប នាឡិកា តាមអនឡាញ
លោក ធឿន ចាន់ណា ប្រកបរបរលក់ស្បែកជើង កាបូប នាឡិកា តាមអនឡាញ
​ភ្នំពេញ​៖ មាន​វ័យ​២៦​ឆ្នាំ លោក មឿ​ន ចាន់ណា បាន​ចាប់យក​មុខរបរ​លក់​ទំនិញ​តាម​អន​ឡាញ ក្រោយពី​ជីវិត​ធ្លាក់ខ្លួន​ពិការ​។ ត្រូវកា​ត់ដៃ​ទាំងពីរ ត្រឹម​ក្រោម​កែងដៃ​បន្តិច ព្រោះតែ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង ក្នុងពេល​បំពេញការងារ​ជា​ជាងផ្សារដែក ពេលនេះ​ជីវិត​របស់លោក ចាន់ណា បាន​ផ្លាស់ប្ដូរ​ជាថ្មី​។​



​ក៏​ធ្លាប់​បាក់​ទឹកចិត្ត មិនអាច​ទទួលយកបាន​នូវ​រឿង​ដែល​បាន​កើតឡើង និង​លែង​ចង់​រស់​បន្ត ព្រោះតែ​ការបាត់​បង់ដៃ​ទាំងពីរ​កាលពី​៤​ឆ្នាំមុន លោក មឿន ចាន់ណា ពេលនេះ​បាន​ជួប​បទពិសោធ​ជីវិត​ថ្មី ហើយ​អាច​នឹង​ប្រសើរ​ជាង​កាលពី​មិនទាន់​ពិការ​ផង​។​


 
​ងើប​ចេញពី​ភាព​បាក់​ទឹកចិត្ត​កាលពី​ជាង​២​ឆ្នាំមុន បុរស​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ធំ​រូបនេះ ចាប់ផ្ដើម​លក់​ផលិតផល ស្បែកជើង នាឡិកា កាបូប និង​ខ្សែក្រវ៉ាត់ ជាដើម នៅតាម​អន​ឡាញ​។ ទទួលបាន​ប្រាក់​ក្បាលកាក់​ពី​ក្រុមហ៊ុន លោក ចាន់ណា អាច​រកចំណូលបាន​ប្រមាណ​២០​ដុល្លារ​អាមេរិក ក្នុង​មួយថ្ងៃ ខណៈពេល​ប្រទេស​កម្ពុជា​ក៏ដូចជា​ពិភពលោក កំពុង​ជួប​វិបត្តិ​កូ​វីដ​-១៩​នេះ​។ ទោះជា​យ៉ាងណា ថ្ងៃ​ខ្លះ លោក​ក៏​រក​ចំណូល​មិនបាន​សោះ​ដែរ​។ 
 
​ប៉ុន្តែ​បើ​និយាយ​ពីមួយ​ឆ្នាំមុន គឺ​នៅ​ឆ្នាំ​២០១៩ យ៉ាងហោចណាស់ លោក ចាន់ណា អាច​រកចំណូលបាន​ចន្លោះ​ពី​៥០​ដុល្លារ​អាមេរិក ទៅ​១០០​ដុល្លារ​អាមេរិក​ដែរ​នៅក្នុង​មួយថ្ងៃ​។​
​បាន​រៀន​ត្រឹម​ថ្នាក់​ទី​៨ លោក ចាន់ណា ដែល​បច្ចុប្បន្ន​មានកូន​ប្រុស​ម្នាក់​អាយុ​មួយខែ​កន្លះ ត្រូវ​បើក​ម៉ូតូ​ដឹកទំនិញ​ឱ្យ​ភ្ញៀវ​ដោយ​ខ្លួនឯង​។ ដ្បិតតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ​ដូច​សព្វថ្ងៃនេះ​ក៏ពិតមែន ប៉ុន្តែ​បុរស​ដែល​ធ្លាប់​ធ្វើជា​កម្មករ​ប្រើ​កម្លាំង​រូបនេះ អះអាងថា សម្រាប់​លោក​ការប្រកប​របរ​រកស៊ី​ដោយ​ខ្លួនឯង វា​ប្រសើរ​ជាង​ធ្វើការ​ឱ្យគេ​។ 


 
​ជួល​បន្ទប់​នៅ​រាជធានី​ភ្នំពេញ ក្នុងតម្លៃ​៥០​ដុល្លារ​អាមេរិក លោក មឿ​ន ចាន់ណា ដែល​ទទួលបាន​ការណែនាំ​ឱ្យ​បង្កើត​មុខរបរ​លក់​តាម​អន​ឡាញ​ដោយ​ខ្លួនឯង ពី​អង្គការ​មួយ បាន​ពន្យល់​បន្ថែម​ដូច្នេះ​៖«​ចន្លោះពេល​ព្យា​យា​ល​ជំងឺ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន ពេលនោះ​ខ្ញុំ​បាក់​ទឹកចិត្ត ខ្ញុំ​មិនអាច​ទទួលយកបាន ថ្ងៃ​ណា​ក៏​ខ្ញុំ​នៅតែ​គិតថា​ខ្លួនឯង​នៅតែមាន​ដៃ ចាប់​កាន់​អ្វី​ក៏បាន​។ ខ្ញុំ​ធ្លាប់​គិត​ខ្លី ខ្ញុំ​ធ្លាប់​ឈប់​ចង់​រស់​ទៀត​។ ប៉ុន្តែ​ក្រោយមក​មួយឆ្នាំ​កន្លះ ខ្ញុំ​ក៏​ចាប់ផ្ដើម​ជីវិត​ថ្មី ខ្ញុំ​ចាប់ផ្ដើម​ស្វែងរក​ការងារ​ធ្វើ​។ ដំបូង​ឡើយ​ខ្ញុំ​លក់​គ្រឿងសំអាង និង​ម្សៅ ប៉ុន្តែ​មាន​បងប្អូន​ប្រាប់​ខ្ញុំ​ថា​ប្រុស​បែបនេះ លក់​ម្សៅ​មិនសូវ​ដាច់​ទេ ព្រោះ​មិនបាន​តុបតែង​ខ្លួន​។ ក្រោយមក​ខ្ញុំ​លក់​កាបូប ស្បែកជើង និង​នាឡិកា​វិញ​។ រកស៊ី​ដោយ​ខ្លួនឯង អាច​រកចំណូលបាន​ស្រួល​ជាង​ធ្វើការ​ឱ្យគេ ព្រោះ​មិនមាន​សម្ពាធ​»​។ 
 
​ធ្លាប់ជា​មនុស្ស​មាន​អវយវៈ​គ្រប់គ្រាន់ ប្រែ​ទៅជា​ពិការ លោក មឿ​ន ចាន់ណា លើកទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​គ្រប់រូប ទោះ​ពិការ​ពី​កំណើត ឬ​ពិការ​ដោយ​គ្រោះ​ចៃដន្យ​ណាមួយ​ក៏ដោយ ត្រូវតែ​តស៊ូ​ក្នុង​ជីវិត មិនត្រូវ​បាក់​ទឹកចិត្ត ត្រូវតែមាន​ក្ដីសង្ឃឹម ដើម្បី​សម្រេច​ឆន្ទៈ​របស់ខ្លួន​។ 
 
​ពេលខ្លះ​អ្នក​អាច​បាត់បង់​អ្វីមួយ​ពី​ក្នុង​ជីវិត​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​អាច​ផ្ដល់​អ្វី​ថ្មី​មួយទៀត​មកវិញ ដែល​អាចធ្វើឱ្យ​ជីវិត​របស់​អ្នក​ល្អប្រសើរ​ជាង​មុន ក៏​ថា​បាន​៕ 
 
 
 

Tag:
 មុខរបរ​
  អាជីវកម្ម​
  អន​ឡាញ​
 
© រក្សាសិទ្ធិដោយ thmeythmey.com