សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ចាប់ផ្ដើម​យុទ្ធនាការ​វ៉ាក់សាំង​កូ​វីដ​-១៩ ខណៈ​អ្នក​ស្លាប់មាន​៣០​ម៉ឺន​នាក់​ហើយ​
14, Dec 2020 , 11:29 pm        
រូបភាព
បុគ្គលិកក្រុមហ៊ុន Pfizer រៀបចំទុកដាក់វ់ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដើម្បីត្រៀមដឹកចេញពីរោងចក្រផលិតវ៉ាក់សាំងខ្លួន នៅរដ្ឋ Michigan ។ រូបពី AFP
បុគ្គលិកក្រុមហ៊ុន Pfizer រៀបចំទុកដាក់វ់ាក់សាំងកូវីដ-១៩ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ ដើម្បីត្រៀមដឹកចេញពីរោងចក្រផលិតវ៉ាក់សាំងខ្លួន នៅរដ្ឋ Michigan ។ រូបពី AFP
ដោយ:
​អាមេរិក បានចាប់ផ្ដើម​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩​លើកដំបូង​របស់ខ្លួន ទៅ​ចែកចាយ​នៅ​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​១៣ ខែធ្នូ ខណៈ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​ក្នុងប្រទេស​នេះ​ឡើងដល់ ៣០​ម៉ឺន​នាក់​។ ការចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ទីមួយ រំពឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១៤ ខែធ្នូ​តែម្ដង​។



 
៤៨​ម៉ោង​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer អាមេរិក កំពុង​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក ដោយ​ចាប់ផ្ដើម​ពី​ការដឹក​ចែកចាយ​ពួកវា​នៅតាម​បណ្ដា​មណ្ឌល​សុខភាព​នៅ​ជុំវិញ​សហរដ្ឋអាមេរិក​។ ការចាក់​វ៉ាក់សាំង រំពឹង​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី ១៤ ខែធ្នូ (​ម៉ោង​នៅ​អាមេរិក​) ដោយ​បុគ្គលិក​សុខាភិបាល​និង​មនុស្ស​ចាស់​ជា​ក្រុមមនុស្ស​អាទិភាព​។ 
 
«​នេះ​គឺ​ថ្ងៃជា​ប្រវត្តិសាស្ត្រ​មួយ​»​។ លោក Richard W. Smith ដែលជា​អ្នកគ្រប់គ្រង​ប្រតិបត្តិការ​ដឹកជញ្ជូន​វ៉ាក់សាំង​កូ​វីដ​-១៩​ក្នុង​សហរដ្ឋអាមេរិក​សម្រាប់​ក្រុមហ៊ុន​ដឹកជញ្ជូន FedEx Express បញ្ជាក់​បែបនេះ​។ បើតាម​ចុះ​ទីភ្នាក់ងារ​ព័ត៌មាន AP ក្រុមហ៊ុន FedEx Express ទទួលខុសត្រូវ​ដឹក​វ៉ាក់សាំង​ដំបូង​ប្រមាណ​៦៣០​ប្រអប់​ពីរ​ដ្ឋ Tennessee, Michigan និង Kentucky ទៅ​ចែកចាយ​ទូទាំងប្រទេស​។ ក្រុមហ៊ុន​ដឹកជញ្ជូន United Parcel Service ក៏មាន​ចំណែក​ខ្លះ​ផងដែរ​។​
 
​ការដឹកជញ្ជូន​វ៉ាក់សាំង​តាមរយៈ​រថយន្ត​ធុន​ធំ​និង​យន្តហោះ​នេះ គឺ​បំពាក់​បច្ចេកវិទ្យា GPS តាមដាន ដើម្បី​ធានា​សុវត្ថិភាព ហើយ​ការដឹក​ជញ្ជូនជើង​ទីមួយ​នេះ ប៉ាន់​ស្មានថា ដឹក​វ៉ាក់សាំង​សរុប​៣​លាន​ដូ​ស​។ បើតាម​សម្ដី​មន្ត្រី​សហព័ន្ធ​អាមេរិក ការដឹកជញ្ជូន​វ៉ាក់សាំង Pfizer ជើង​ដំបូង​នេះ នឹងត្រូវ​បែងចែក​តាម​ដំណាក់កាល ពោលគឺ​ដឹក​ទៅដល់​មណ្ឌល​ចែកចាយ​១៤៥​ទីតាំងនៅ​ថ្ងៃទី ១៤ ខែធ្នូ​, មណ្ឌល​ចែកចាយ​៤២៥​ទីតាំង​ផ្សេងទៀត​នៅ​ថ្ងៃទី​បន្ទាប់ និង​សេសសល់​៦៦​ទីតាំង​នា​ថ្ងៃទី​១៦​ខែធ្នូ​។ 
 
​ខណៈ​វ៉ាក់សាំង​នេះ ត្រូវ​រក្សា​នៅ​សីតុណ្ហភាព​ទាប​ខ្លាំង រហូតដល់ ៧០ អង្សា​សេ​ក្រោម​សូន្យ​នោះ ល្បឿន​នៃ​ការដឹកជញ្ជូន គឺមាន​សារសំខាន់​សម្រាប់​វ៉ាក់សាំង​នេះ​។ គេ​សង្កេតឃើញ បុគ្គលិក​នៅ​ក្រុមហ៊ុន Pfizer ញាប់ដៃ​ញាប់ជើង​រៀបចំ​ទុកដាក់​វ៉ាក់សាំង​ទាំងនេះ​ដោយ​ប្រុងប្រយ័ត្ន​បំផុត​នៅក្នុង​ប្រអប់​។ ក្រោយ​វិច​ខ្ចប់​រួច ពួកគេ ប្រើ​ឧបករណ៍​ស្កេ​ន និង​ដាក់​ប្រអប់​វ៉ាក់សាំង​ទាំងនេះ​ក្នុង​ប្រអប់​ត្រជាក់​មួយទៀត ដែល​ដាក់​ពេញ​ទៅដោយ​ទឹកកក​ស្ងួត​។ 
 
​សូមបញ្ជាក់ថា វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ដែល​បង្ហាញថា មាន​ប្រសិទ្ធភាព ៩៥​ភាគរយ​បង្ការ​ជំងឺ​កូ​វីដ​-១៩​។ រដ្ឋាភិបាល​អាមេរិក បាន​បញ្ជា​ទិញ​វ៉ាក់សាំង Pfizer ១០០​លាន​ដូ​ស គ្រប់គ្រាន់​សម្រាប់​ចាក់​មនុស្ស​៥០​លាន​នាក់ ហើយ​ពិចារណា​ទិញ​បន្ថែមទៀត​។ ពលរដ្ឋ​អាមេរិក​១០០​លាន​នាក់ ឬ​៣០​ភាគរយ​នៃ​ប្រជាជន​សរុប រំពឹង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​រួចរាល់​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២១​ខាងមុខ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com