COVID-19
អន្តរជាតិ
កូរ៉េខាងត្បូង បិទ​សាលា​ម្តងទៀត ស្របពេល​ករណី​ឆ្លង​កូ​វីដ​-១៩ កំពុង​កើនឡើង​
14, Dec 2020 , 5:39 pm        
រូបភាព
ពលរដ្ឋកូរ៉េខាងត្បូងផ្សារ Tongin ក្នុងទីក្រុងសេអ៊ូល។ រូបភាព Xinhua
ពលរដ្ឋកូរ៉េខាងត្បូងផ្សារ Tongin ក្នុងទីក្រុងសេអ៊ូល។ រូបភាព Xinhua
​រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ​សាលារៀន​ទាំងអស់​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​សារជាថ្មី ចាប់ពី​ថ្ងៃទី​១៥ ខែធ្នូ រហូតដល់​ដំណាច់ឆ្នាំ​២០២០​។ បទបញ្ជា​ឲ្យ​បិទ​សាលា​នេះ ធ្វើឡើង​ក្នុង​ពី​រលក​ឆ្លង​កូ​វីដ​-១៩ លើក​ទី​៣ កំពុងតែ​ផ្ទុះ​ខ្លាំង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ទីក្រុង​មួយ​នេះ​។​

 
​រលក​ឆ្លង​លើក​ទី​៣ នៃ​កូ​វីដ​-១៩ បាន​វាយប្រហារ​យ៉ាងខ្លាំង​មកលើ​កូរ៉េខាងត្បូង ជាពិសេស​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​ទីក្រុង​។ ធ្លាប់ជា​ប្រទេស​ត្រូវបាន​សរសើរ​ជា​ប្រទេស​ទប់ស្កាត់​ជំងឺឆ្លង​បានល្អ នៅ​ថ្ងៃទី​១៤ ខែធ្នូ កូរ៉េខាងត្បូង រាយការណ៍​ពី​ករណី​ឆ្លង ៧១៨​ករណី ដែល​ចំនួន​នេះ បាន​ធ្លាក់ចុះ​បន្តិច​បើ​ធៀប​នឹង​ថ្ងៃទី​១៣ ខែធ្នូ ដែលមាន​ករណី​ឆ្លង​ជាង ១​ពាន់​ករណី​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ខ្លាំង រដ្ឋាភិបាល​កូរ៉េខាងត្បូង បាន​បញ្ជា​ឲ្យ​បិទ​សាលារៀន​ក្នុង​រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​រហូតដល់​ដំណាច់ឆ្នាំ​២០២០ ដោយ​សិស្ស​ត្រូវ​ប្តូរ​ទៅ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​វិញ​។ ការបិទ​សាលា​នេះ ជា​ចំណាត់ការ​មួយ​របស់​រដ្ឋាភិបាល​កូរ៉េខាងត្បូង ដែល​ត្រៀម​អនុវត្ត​ការរក្សា​គម្លាត​សុវត្ថិភាព​ដំណាក់កាល​ទី​៣ ដែល​ស្ទើរតែ​ជា​ការបិទ​ប្រទេស​តែម្ដង​។ 
 
​ពេលនេះ កូរ៉េខាងត្បូង អនុវត្ត​វិធានការ​រក្សា​គម្លាត​សុវត្ថិភាព​ត្រឹមតែ​ដំណាក់កាល​២,៥​ប៉ុណ្ណោះ ប៉ុន្តែ​វិធានការ​នេះ មិនអាច​ទប់ស្កាត់​ករ​ណី​ឆ្លង​បានល្អ​ឡើយ​។ 
 
«​រដ្ឋាភិបាល នឹងមិន​ស្ទាក់ស្ទើរ​ឡើយ​លើ​ការដំឡើង​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​ទៅ​ដំណាក់កាល​៣ បើសិន​បើ​ក្នុងករណី​ចាំបាច់​»​។ លោកនាយក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង Chung Sye-kyun បានលើកឡើង​បែបនេះ ស្របពេល​រដ្ឋាភិបាល បាន​លើកយក​បញ្ហា​ដំឡើង​វិធាន​រក្សា​គម្លាត​នេះ ទៅ​ជជែក​ជាមួយ​ក្រសួង​ពាក់ព័ន្ធ រដ្ឋាភិបាល​ថ្នាក់​តំបន់ និង​អ្នកជំនាញ​។ 
 
​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​របស់​កូរ៉េខាងត្បូង មាន​ចំនួន ៥​ដំណាក់កាល​។ យ៉ាងណាក៏ដោយ វិធាន​នៅក្នុង​ដំណាក់​ទី​៣ គឺ​មិនទាន់​តឹងរ៉ឹង​ដូច​ការបិទ​ប្រទេស​នៅ​អាមេរិក ឬ​នៅ​អឺរ៉ុប​ឡើយ​។ នៅក្នុង​វិធានរ​ក្សាគ​ម្លា​សុវត្ថិភាព​កម្រិត ៣ រាល់​កីឡា​ទាំងអស់ នឹងត្រូវ​ផ្អាក ចំណែក​ការជួបជុំ អាចមាន​មនុស្ស​ត្រឹមតែ ១០​នាក់​ប៉ុណ្ណោះ​។ ដោយឡែក​វិធាន​ក្នុងដំណាក់កាល ២,៥ វិញ ការជួបជុំ អាចមាន​មនុស្ស​តិចជាង ៥០​នាក់ ចំណែក​កីឡា អាច​លេង​បាន ដោយ​គ្មាន​អ្នកគាំទ្រ​។ 
 
​មុននឹង​សម្រេច​ឲ្យ​អនុវត្ត​វិធាន​រក្សា​គម្លាត​កម្រិត​បី រដ្ឋាភិបាល​ត្រូវតែ​គិតគូរ​ឲ្យ​បាន​ម៉ត់ចត់ ព្រោះ​វា​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ បើតាម​ការលើកឡើងរ​បស់​លោកនាយក​រដ្ឋមន្ត្រី វិធាន​នេះ អាច​ប្រើ​បាន​ក្នុង​ជម្រើស​ចុងក្រោយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​កូរ៉េខាងត្បូង (KDCA) បាន​បញ្ជាក់ថា រដ្ឋាភិបាល មាន​គម្រោង​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង យ៉ាងហោចណាស់​ចំនួន​ពីរ​។ ក្រុមហ៊ុន​ថ្នាំពេទ្យ AstraZeneca នឹង​ដឹកជញ្ជូន​វ៉ាក់សាំង​ខ្លួន​ចាប់ពី​ខែមីនា​។ ជាមួយគ្នា​ដែរ កូរ៉េខាងត្បូង ក៏បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ផ្សេងទៀត ដើម្បី​ទិញ​វ៉ាក់សាំង​ផងដែរ​៕ 

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com