COVID-19
អន្តរជាតិ
សិង្ហបុរី ក៏ជ្រើសរើសប្រើវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ក្រុមហ៊ុន Pfizer ដែរ នាយករដ្ឋមន្រ្តីសិង្ហបុរី លី សៀនឡុង ថ្លែងសុន្ទរកថាទៅកាន់ប្រជាជននៅថ្ងៃទី១៤ ខែធ្នូ។
× អាជ្ញាធរសុខាភិបាលសិង្ហបុរី បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងដែលអភិវឌ្ឍដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ ការដឹកជញ្ជូនជើងទីមួយ នឹងទៅដល់ទឹកដីសិង្ហបុរីនាចុងខែធ្នូ ។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃទី ១៤ ខែធ្នូ។
ថ្លែងសុន្ទរកថាស្តីពីស្ថានការណ៍កូវីដ-១៩ លោក លី សៀនឡុង និយាយថា អាជ្ញាធរវិទ្យាសាស្រ្តសុខាភិបាលសិង្ហបុរី (HSA) បានសិក្សាយ៉ាងដិតដល់ចំពោះភស្តុតាងបែបវិទ្យាសាស្រ្ត និងទិន្នន័យពិសោធន៍ ពីវ៉ាក់សាំង Pfizer មុននឹងសម្រេចចិត្តអនុញ្ញាតឲ្យប្រើប្រាស់។
វ៉ាក់សាំង Pfizer ត្រូវបានរកឃើញថា មានប្រសិទ្ធភាព ៩៥ភាគរយ ក្នុងការបង្ការជំងឺកូវីដ-១៩ ។ បើតាមលោកនាយករដ្ឋមន្ត្រី លី បេក្ខភាពវ៉ាក់សាំងផ្សេងទៀត ក៏នឹងរំពឹងទៅដល់ប្រទេសសិង្ហបុរី ក្នុងពេលប៉ុន្មានខែខាងមុខផងដែរ ហើយរដ្ឋាភិបាលលោកនឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ពលរដ្ឋសិង្ហបុរីគ្រាប់គ្នា ត្រឹមត្រីមាសទី៣នៃឆ្នាំ២០២១ ប្រសិនបើគ្រប់យ៉ាងដើរតាមផែនការ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី CNA ក្រសួងសុខាភិបាលសិង្ហបុរី បានបង្កើតគណៈកម្មាធិការវេជ្ជបណ្ឌិតមួយ និងអ្នកជំនាញវេជ្ជសាស្រ្តដើម្បីចេញអនុសាសន៍សម្រាប់យុទ្ធសាស្រ្តចាក់វ៉ាក់សាំង។
បើតាមលោក លី គណៈកម្មាធិការនេះ បានដាក់ស្នើថា ប្រជាជនដែលមានវ័យចំណាស់ទាំងអស់ក្នុងប្រទេសសិង្ហបុរី គួរចាក់វ៉ាក់សាំងមុនគេ តែត្រូវធ្វើឡើងតាមលក្ខណៈស្ម័គ្រចិត្ត។ ជាមួយគ្នានេះ លោក លី ក៏សង្កត់ធ្ងន់ថា វ៉ាក់សាំងបង្ការកូវីដ-១៩ នឹងចាក់ជូនពលរដ្ឋសិង្ហបុរីទាំងអស់ដោយឥតគិត
ថ្លៃ។
សិង្ហបុរី ជាប្រទេសទីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ខណៈជាប្រទេសទី ៥ លើពិភពលោក បន្ទាប់ពីអង់គ្លេស បារ៉ែន កាណាដា និងម៉ិកស៊ិក។ អង់គ្លេស ផ្ដើមចាប់មនុស្សដំបូងរបស់ខ្លួនហើយកាលពីសប្ដាហ៍មុន ចំណែកអាមេរិក និងកាណាដា កំពុងញាប់ដៃញាប់ជើងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com