COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
បិទ​រដូវ​កាល F1៖ Hamilton ដែល​ទើប​ជា COVID-19 បាន​លេខ​៣ ឯ Verstappen បញ្ចប់​ទី​មុនគេ
15, Dec 2020 , 9:24 am        
រូបភាព
​កីឡាករ Max Verstappen បាន​យកឈ្នះ​ការប្រណាំង​រថយន្ត Formula One ក្នុង​ទីលាន​ចុងក្រោយ​រដូវ​កាល​នេះ​ក្នុង​កម្មវិធី Abu Dhabi Grand Prix ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​។ Lewis Hamilton ដែល​អាក់ខាន​ជំនួប​មុន​ដោយសារ​ឆ្លង COVID-19 បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​៣​។​


​នា​ការប្រណាំង​រថយន្ត​លំដាប់​ពិភពលោក​ក្នុង​ទីលាន​ទី​១៧ និង​ជាទី​លាន​ផ្តាច់ព្រ័ត្រ នៅ​ថ្ងៃទី​១៣ ខែធ្នូ កីឡាករ​ហូ​ឡង់ Verstappen ដែល​បើកបរ​ឲ្យ​ក្រុម Red Bull បា​នស​ម្រ​ច​ទី​មុនគេ​ដោយ​ប្រើ​ថេរវេលា ១​ម៉ោង ៣៦​នាទី និង​២៨​វិនាទី​។ កីឡាករ​ដែល​ទទួលបាន​លេខ​២​និង​លេខ​៣​សុទ្ធតែ​មកពី​ក្រុម​ប្រណាំង Mercedes ដែល​បើក​ដោយ Valtteri Bottas និង Lewis Hamilton​។ 
 
​នេះ​ជាការ​ឈ្នះ​ការប្រណាំង​លើក​ទី​២ របស់ Verstappen រដូវ​កាល​នេះ និង​ជាការ​ឈ្នះ​លើក​ទី​១០ ក្នុង​អាជីព​របស់គេ​។ អ្នក​ប្រណាំង​វ័យ​២៣​ឆ្នាំ​រូបនេះ ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​តារាង​ពិន្ទុ F1 ដោយ​រកបាន​២១៤​ពិន្ទុ​ពី​ការប្រកួត​១៧​លើក តាម​ពីក្រោយ Bottas ៩​ពិន្ទុ និង Hamilton ចំនួន​១៣៣​ពិន្ទុ​។​
 
​ដោយឡែក​អ្នក​ប្រណាំង​សញ្ជាតិ​អង់គ្លេស​ដែល​ក្លាយជា​ជើងឯក​ទៅហើយនោះ បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៣ បើ​ទោះ​រូបគេ​ទើប​ត្រឡប់​ចូល​ទីលានប្រណាំង​វិញ​ក្រោយ​ឆ្លង​ជំងឺ COVID-19​។ ដោយសារ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក Hamilton បាន​អវត្តមាន​១​ប្រកួត​មុន​ជំនួប​នេះ ដោយ George Russell ជា​អ្នកបើក​ជំនួស​។​
 
​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត F1 រដូវ​កាល​ឆ្នាំ​២០២០​នេះ បានបញ្ចប់​ដោយ​ជោគជ័យ​បើ​ទោះ​មានការ​រំខាន​ពី​ជំងឺ​រាតត្បាត​សកល​ក៏ដោយ​។ កីឡាករ​ដែល​រកបាន​ចំណាត់ថ្នាក់​ពី​លេខ​១​ដល់​លេខ​១០​មាន Hamilton (៣៤៧​ពិន្ទុ​), Valtteri Bottas (២២៣​ពិន្ទុ​), Max Verstappen (២១៤​ពិន្ទុ​), Sergio Perez (១២៥​ពិន្ទុ​), Daniel Ricciardo (១១៩​ពិន្ទុ​), Carlos Sainz (១០៥​ពិន្ទុ​), Alexander Albon (៣១០៥​ពិន្ទុ​), Charles Leclerc (៩៧​ពិន្ទុ​), Lando Norris (៧៥​ពិន្ទុ​) និង Pierre Gasly (៧៥​ពិន្ទុ​)៕

Tag:
 Formula One
© រក្សាសិទ្ធិដោយ thmeythmey.com