COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ យើងគ្រប់គ្រងព្រឹត្តិការណ៍២៨វិច្ឆិកាបាន តែ​មិន​ទាន់បញ្ចប់ឡើយ
15, Dec 2020 , 9:28 am        
រូបភាព
ដោយ: ថ្មីៗ
ក្នុងការថ្លែងសារពិសេសមួយទៅកាន់ជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពកូវីដ-១៩ ដែលផ្សាយផ្ទាល់ដោយទូរទស្សន៍ជាតិកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា កម្ពុជា គ្រប់គ្រង​បានព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា ប៉ុន្តែ​ករណីនេះ មិន​ទាន់បញ្ចប់ទាំងស្រុងនោះឡើយ។



អត្ថបទទាក់ទង


សម្តេច​បាន​សម្តែងមោទកភាពចំពោះក្រសួងសុខាភិបាល និងមន្ត្រីពាក់ព័ន្ធ ដែលរួមគ្នាគ្រប់គ្រង​ស្ថានការណ៍នេះ នារយៈពេល​១៥កន្លងមកនេះ។ សម្តេចបានអះអាងថា ការគ្រប់គ្រង​ស្ថានការណ៍កូវីដ-១៩ ពិតជាមាន​ការលំបាក​ស្មុគ្រស្មាញ។

បច្ចុប្បន្ន ព្រឹត្តិការណ៍សហគមន៍​២៨វិច្ឆិកា មាន​អ្នកជំងឺ​៤១នាក់ ក្នុងនោះ៣នាក់បានជាសះស្បើយ។ ករណីចុងក្រោយ គឺជាទារកអាយុ​៧ខែម្នាក់ ដែលឃើញវិជ្ជមាន​ក្រោយតេស្តលើកទី៣។ បើតាមសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តាយ​របស់ទារកដែលជាសះស្បើយរួចហើយ ត្រូវបន្ត​នៅមន្ទីរពេទ្យដើម្បី​ថែទាំកូន។

ករណីដែលសម្តេចបញ្ជាក់ថា មិនទាន់បញ្ចប់ទាំងស្រុងនោះ មាន​កត្តាជាច្រើន រួមមាន ១. ការមិនទាន់ដឹងអស់ពីកន្លែងដែលអ្នកជំងឺធ្លាប់ទៅ ដោយពួកគាត់មិនប្រាប់ ឬភ្លេច។ ២. អ្នក​ប៉ះពាល់ផ្ទាល់ ឬប្រយោល មិនហ៊ានបង្ហាញមុខ ដោយខ្លាចគេតម្រូវឲ្យចត្តាឡីស័ក១៤ថ្ងៃ ដែលនេះជាហានីភ័យ។ ៣. អ្នក​ប៉ះពាល់ផ្ទាល់ ឬប្រយោលមួយចំនួន អត់ទាន់ធ្វើតេស្តគ្រប់ចំនួន៣ដង។ ៤. មិន​ដឹងថា អ្នកធ្វើចត្តាឡីស័កត្រឹមត្រូវតាមគោលការណ៍ ឬយ៉ាងណានោះឡើយ និង​៥. រកឃើញ​មិនអស់អ្នកប៉ះពាល់ ដោយសារមាន​ការលាក់លៀម។

ករណីទាំងនេះ ហើយ​ដែលសម្តេចអំពាវនាវ​ដល់ពលរដ្ឋទាំងអស់រក្សាស្ថានភាពដូចសព្វថ្ងៃ ដើម្បីឲ្យ​ប្រាកដថា ព្រឹត្តិការណ៍សហគមន៍​នឹងត្រូវបាន​បញ្ចប់​ផ្លូវការ៕

© រក្សាសិទ្ធិដោយ thmeythmey.com