អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ក្រោយ​ជ័យជម្នះ​ត្រូវបាន​បញ្ជាក់​ជា​ផ្លូវការ លោក បៃ​ឌិន ថា លោក ត្រាំ មិន​គោរព​ឆន្ទៈ​ពលរដ្ឋ​អាមេរិក
15, Dec 2020 , 10:27 am        
រូបភាព
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងសុន្ទរកថានៅថ្ងៃទី ១៤ ខែធ្នូ ក្រោយប្រតិភូបោះឆ្នោតប្រកាសទទួលស្គាល់ជោគជ័យលោកក្នុងការបោះឆ្នោតខែវិច្ឆិកា ។ រូបភាព AFP
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ចូ បៃឌិន ថ្លែងសុន្ទរកថានៅថ្ងៃទី ១៤ ខែធ្នូ ក្រោយប្រតិភូបោះឆ្នោតប្រកាសទទួលស្គាល់ជោគជ័យលោកក្នុងការបោះឆ្នោតខែវិច្ឆិកា ។ រូបភាព AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក ចូ បៃ​ឌិន រិះគន់​លោក​ដូ​ណា​ល់ ត្រាំ និង​សមាជិក​បក្ស​សាធារណរដ្ឋ​លោក​ថា​មិន​គោរព​រដ្ឋធម្មនុញ្ញ និង​ឆន្ទៈ​ពលរដ្ឋ​អាមេរិក ដោយ​មិន​ព្រម​ទទួលស្គាល់​លទ្ធផល​ឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ យ៉ាងណាមិញ លោក បៃ​ឌិន បាន​ប្រាប់​ពលរដ្ឋ​អាមេរិក​ថា ប្រជាធិបតេយ្យ​អាមេរិក​បាន​យកឈ្នះ​កម្លាំង​ប្រឆាំង​នេះ ខណៈ​ប្រតិភូ​បោះឆ្នោត​ទូទាំង​សហរដ្ឋអាមេរិក​បាន​បោះឆ្នោត​ទទួលស្គាល់​ជោគជ័យ​របស់លោក​។

 
​ក្នុង​សុន្ទរកថា​ក្រោយ​ប្រតិភូ​បោះឆ្នោត​ទទួលស្គាល់​ជា​ផ្លូវការ​ជោគជ័យ​របស់លោក​នៅ​ថ្ងៃទី​១៤ ខែធ្នូ  លោក ចូ បៃ​ឌិន គូសបញ្ជាក់ថា លោក​មិន​ធ្លាប់​ឃើញ​ពីមុនមក​ទេ​នូវ​ជំហរ​ដ៏​សែន​អាក្រក់ ដែល​បាន​បដិសេធ​គោរព​ឆន្ទៈ​ពលរដ្ឋ​អាមេរិក នីតិរដ្ឋ និង​រដ្ឋធម្មនុញ្ញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ត្រង់នេះ លោក​ចង់​សំដៅ​ដល់​បណ្ដឹងតវ៉ា​របស់រ​ដ្ឋ Texas ហើយ​គាំទ្រ​ដោយ​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ព្យាយាម​កែប្រែ​លទ្ធផល​ឆ្នោត​ក្នុង​រដ្ឋ​គន្លឹះ​៤ ដែល​លោក​បៃ​ឌិន ឈ្នះ តែ​បណ្ដឹង​នេះ ត្រូវបាន​តុលាការ​កំពូល​អាមេរិក​ផាត់​ចោល​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​។ 
 
​ទោះបីជា​ទង្វើ​លោក​ត្រាំ​ា​គំរាមកំហែង​ដល់​គុណ​តម្លៃ​ស្នូល​នៃ​ប្រជាធិបតេយ្យ​មានការ​ព្រម​ផ្ទេរអំណាច​ដោយ​សន្តិវិធី​ជាដើម លោក​បៃ​ឌិន​អះអាងថា ប្រព័ន្ធ​រដ្ឋាភិបាល​អាមេរិក នៅតែ​ជាប់​រឹងមាំ​។ 
«​អណ្ដាតភ្លើង​នៃ​ប្រជា​ធិ​ប​ត្យេ បាន​ដុត​ឆេះ​ក្នុង​ប្រជាជាតិ​នេះ​ជា​យូរ​មកហើយ​។ ហើយ​ឥឡូវនេះ យើង​ទើប​ដឹងថា​គ្មានអ្វី សូម្បីតែ​ជំងឺ​រាតត្បាត​សកល ឬ​ការរំលោភ​អំណាច អាច​ពន្លត់​វា​បានឡើយ​»​។ លោក បៃ​ឌិន អះអាង​បែបនេះ​ពី​ស្រុកកំណើត​លោក​ផ្ទាល់​នៅ​រដ្ឋ Delaware ។​
 
​ទន្ទឹមនេះ លោក បៃ​ឌិន បាន​បញ្ចេញ​សារ​បង្រួម​បង្រួប​ប្រជាជាតិ​អាមេរិក​យ៉ាង​មាន​ឥទ្ធិពល​មួយ ដោយ​ប្តេជ្ញា​ធ្វើជា​ប្រធានាធិបតី​សម្រាប់​ពលរដ្ឋ​អាមេរិក​គ្រប់រូប​។ លោក សង្កត់ធ្ងន់ថា លោក​នឹង​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​មិន​ត្រឹម​សម្រាប់​ពលរដ្ឋ​អាមេរិក​ដែល​បោះឆ្នោត​ឲ្យ​លោក​ទេ តែ​លោក​ក៏​នឹងធ្វើ​ដូច​ខ្លាំង​គ្នា​សម្រាប់​អ្នក​ដែល​មិនបាន​បោះឆ្នោត​ឲ្យ​លោក​ផងដែរ​។ 
 
​ក្រោយ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​អ​មេ​រិ​ក លោក បៃ​ឌិន វ័យ​៧៨​ឆ្នាំ លើកឡើងថា​៖«​នេះ​ជា​ពេលដែល​បើក​ទំព័រ​ថ្មី ហើយ​ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​យើង​អាច​ធ្វើការ​រួមគ្នា​សម្រាប់​ប្រយោជន៍​ប្រជាជាតិ​យើង​»​។  
 
​សូមបញ្ជាក់ថា លោក បៃ​ឌិន ទទួលបាន​សន្លឹកឆ្នោត​គាំទ្រ​គ្រប់ ២៧០ ពី​ប្រតិភូ​បោះឆ្នោត ដើម្បី​ក្លាយជា​ប្រធានាធិបតី​អាមេរិក បន្ទាប់ពី​រដ្ឋ California បានប្រគល់​ប្រតិភូ​បោះឆ្នោត​ទាំង​៥៥​របស់ខ្លួន​ឲ្យ​ដល់​លោក ចូ បៃ​ឌិន​។ ផ្អែកលើ​លទ្ធផល​បោះឆ្នោត​ខែវិច្ឆិកា លោក បៃ​ឌិន ឈ្នះ​ប្រតិភូ​បោះឆ្នោត​រហូតដល់​៣០៦ ទល់នឹង​របស់លោក​ត្រាំ ២៣២​។ 
 
​បើ​គ្មានអ្វី​ប្រែប្រួល​ទេ លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នា​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០២១ ខណៈ​សមាជិក​គណៈរដ្ឋមន្ត្រី​លោក ក៏​រៀបចំ​ជិត​រួចរាល់​ផងដែរ​។ នៅពេល​ឡើងជា​ប្រធានាធិបតី​ទ​៤៦​អាមេរិក លោក បៃ​ឌិន នឹង​ប្រឈម​បញ្ហា​ចម្បង​មួយចំនួន រាប់​ចាប់តាំងពី ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩, ស្រោចស្រង់​សេដ្ឋកិច្ច​អាមេរិក និង​កសាង​ឡើងវិញ​ទំនាក់ទំនង​ជាមួយ​សម្ព័ន្ធ​មិត្ត ដែល​រង​ខូចខាត​ដោយសារ​គោលនយោបាយ​ឯកតោភាគី​និយម​របស់លោក​ត្រាំ​៕ 

Tag:
 ការបោះឆ្នោត​អាមេរិក​
  ចូ បៃ​ឌិន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com