COVID-19
ជាតិ
សង្គមជាតិ
ឆ្នាំនេះអាចមិនប្រឡងបាក់ឌុប! នាយករដ្ឋមន្រ្តី ឲ្យរដ្ឋមន្រ្តីអប់រំ ពិចារណាយកពិន្ទុឆមាសសម្រេចថាជាប់ឬធ្លាក់
15, Dec 2020 , 10:36 am        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះ ប្រហែលជាគ្មានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះទេ ដោយជំនួសមកវិញនូវការយកពិន្ទុប្រឡងឆមាសប្រចាំឆ្នាំរបស់សិស្ស ដើម្បីវាយតម្លៃថា ជាប់ឬធ្លាក់។ នេះជាយោបល់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលផ្តល់ទៅកាន់លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ តាមរយៈការផ្សាយផ្ទាល់ចេញពីភូមិគ្រឹះរបស់ខ្លួន នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។



សម្តេចនាយករដ្ឋមន្រ្តី ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍និងតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៥ ខែធ្នូនេះ គឺដើម្បីផ្ញើសារទៅកាន់ជនរួមជាតិ ពីស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា។ ចំពោះការពិចារណាឲ្យយកពិន្ទុប្រចាំឆមាស សម្រេចឲ្យសិស្សជាប់បាក់ឌុបឬធ្លាក់នេះ ក៏ព្រោះតែសម្តេចនាយករដ្ឋមន្រ្តី យល់ថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា មិនទាន់មានភាពច្បាស់លាស់។

តាមការគ្រោងទុក ការប្រឡងបាក់ឌុប នឹងរៀបចំឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ តែប្រមុខរដ្ឋាភិបាល វាយតម្លៃថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មិនទាន់អាចបញ្ចប់ឲ្យបាននៅមុនថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នោះទេ។ ប្រមុខរដ្ឋាភិបាល សន្និដ្ឋានថា ព្រឹត្តិការណ៍នេះ អាចនឹងបញ្ចប់នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ឯណោះ។ ម្យ៉ាងទៀត មេដឹកនាំរូបនេះ ក៏បារម្ភដែរពីការឆ្លងជំងឺកូវីដ-១៩ទៅគ្រូឬសិស្ស បើរៀបចំឲ្យមានការប្រឡងបាក់ឌុបមែននោះ ខណៈកម្ពុជា មិនទាន់មានវ៉ាក់សាំងការពារនៅឡើយ។

មេដឹកនាំកម្ពុជា មានប្រសាសន៍ថា៖«សូមឲ្យក្រសួង [អប់រំ] ពិចារណទៅលើលទ្ធភាពនៃការវាយតម្លៃ [ពិន្ទុឆមាស] ជំនួសឲ្យការប្រឡង ដោយការយកការប្រឡងឆមាសរបស់បេក្ខជនម្នាក់ៗដើម្បីកំណត់ថា ជាប់ឬធ្លាក់។ [...] យើង ត្រូវទទួលយកនូវហេតុការណ៍ពិតប្រាកដ...»។

សម្តេចប្រមុខរដ្ឋាភិបាល នៅផ្តល់យោបល់ទៅក្រសួងអប់រំទៀត ឲ្យប្រញាប់ចាប់ផ្តើមវាយតម្លៃលើពិន្ទុប្រឡងឆមាស ពីពេលនេះភ្លាមតែម្តងទៅ ដើម្បីឲ្យសិស្សឆាប់បានដឹងថា ជាប់ឬធ្លាក់។ សម្តេច បន្ថែមថា នៅពេលសិស្សដឹងពីលទ្ធផលជាប់ឬធ្លាក់ហើយ ពួកគេ នឹងអាចសម្រេចចិត្តពីការចូលរៀនបន្តនៅមហាវិទ្យាល័យ ដូច្នេះ មិនគួរធ្វើឲ្យពួកគេ  អូសបន្លាយពេលវេសាឬមិនអាចសម្រេចចិត្តបាន ដោយសារតែការមិនដឹងពីលទ្ធផលជាប់ឬធ្លាក់នោះទេ៕

Tag:
 COVID-19
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com