COVID-19
ជាតិ
សម្តេច ហ៊ុន សែន៖ កម្ពុជាទិញវ៉ាក់សាំងដែលអង្គការសុខភាពពិភពលោកទទួលស្គាល់ប៉ុណ្ណោះ
15, Dec 2020 , 11:18 am        
រូបភាព
ដោយ: ថ្មីៗ
តើកម្ពុជានឹងទិញវ៉ាក់សាំងកូវីដ-១៩ ពី​ប្រទេសណា? សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ក្នុងសារពិសេសតាមទូរទស្សន៍ជាតិថា កម្ពុជាកំពុងពិចារណា​លើ​ករណីនេះ បើនឹង​ទិញតែវ៉ាក់សាំងណា​ដែលអង្គការសុខភាពពិភពលោក (WHO)។



ក្នុងនាមជាសមាជិកកម្មវិធី COVAX របស់ WHO កម្ពុជានឹងទទួល​បាន​វ៉ាក់សាំង​២០ភាគរយ ឬសម្រាប់៣.២លាននាក់​នៃចំនួន​ប្រជាជន​សរុប។ COVAX ជាគំនិតផ្តួចផ្តើម​មួយរវាងបណ្តារដ្ឋាភិបាលប្រទេសអ្នកមាន អង្គការអន្តរជាតិ និងក្រុមហ៊ុនឱសថ ដើម្បីចែកចាយវ៉ាក់សាំងដោយស្មើភាព​សម្រាប់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ ដែលក្នុងនោះមាន​កម្ពុជាផងដែរ។

បើតាមសម្តេច COVAX នឹង​ទិញវ៉ាក់សាំងដែល WHO ទទួលស្គាល់ប៉ុណ្ណោះ ហើយ​កម្ពុជា​ក៏ធ្វើតាមហ្នឹងផងដែរ។ ជាសមាជិក COVAX កម្ពុជានឹងត្រូវចេញថវិកាបដិភាគ​៥ភាគរយ ដែលក្នុងនោះ​មាន​៣.២លាននាក់សម្រាប់​៦.៤លានដូស។

ទោះបីជាយ៉ាងណាក៏ដោយ COVAX នឹងផ្តល់ឲ្យ​៣ភាគរយសម្រាប់ដំណាក់កាលដំបូងប៉ុណ្ណោះ ហេតុដូច្នេះទើបសម្តេចបញ្ជាទៅ​លោក អូន ពន្ធមុនីរតន៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​លោក ម៉ម ប៊ុនហេង ឲ្យចុះបញ្ជីតាម COVAX ដើម្បីទិញវ៉ាក់សាំង ១លានដូសបន្ថែមទៀត។

តើវ៉ាក់សាំងមកដល់នៅពេលណា? គ្មានចម្លើយនោះឡើយ ប៉ុន្តែសម្តេចបានអះអាងថា កម្ពុជានឹងមិនយកពលរដ្ឋខ្លួនទៅសាកល្បងសម្រាប់ការតេស្តវ៉ាក់សាំងឲ្យប្រទេសណានោះឡើយ ដោយកម្ពុជាសុខចិត្ត​រង់ចាំ​រហូតដល់មាន​វ៉ាក់សាំងដែលទទួលស្គាល់ជាផ្លូវការ។

សម្តេចបាន​បញ្ជាក់ថា ពលរដ្ឋដែលមានអាយុ​ចាប់ពី១៥ឆ្នាំឡើងទៅ១៣លាននាក់ នឹងទទួលបាន​វ៉ាក់សាំង (២៦លានដូស)។ បច្ចុប្បន្ន សម្តេចមិនទាន់ដឹង​ពីតម្លៃវ៉ាក់សាំងនោះឡើយ តែបច្ចុប្បន្ន កម្ពុជាមាន៥៣៨លាន​ដុល្លារអាមេរិកក្នុងដៃ រួមទាំង​៤៨លានដុល្លារអាមេរិកបន្ថែមទៀតពីចលនាសប្បុរសជន៕

© រក្សាសិទ្ធិដោយ thmeythmey.com