សង្គមអន្តរជាតិ​
អន្តរជាតិ
គិលានុបដ្ឋាយិកា​ផ្នែក​សង្គ្រោះបន្ទាន់ ជា​មនុស្ស​ដំបូង​នៅ​អាមេរិក​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩
15, Dec 2020 , 11:56 am        
រូបភាព
គិលានុបដ្ឋាយិកា Sandra Lindsay ជាមនុស្សដំបូងនៅអាមេរិក ដែលចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបភាព AFP
គិលានុបដ្ឋាយិកា Sandra Lindsay ជាមនុស្សដំបូងនៅអាមេរិក ដែលចាក់វ៉ាក់សាំងកូវីដ-១៩ ។ រូបភាព AFP
ដោយ:
​គិលានុបដ្ឋាយិកា​ប្រចាំ​បន្ទប់សង្គ្រោះបន្ទាន់ (ICU) ម្នាក់ ក្នុង​ទីក្រុង ញូវយ៉ក ក្លាយជា​មនុស្ស​ទីមួយ​ក្នុង​សហ​រដ​ដ្ឋ​អាមេរិក ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​របស់​ក្រុមហ៊ុន Pfizer-BioNTech នៅ​ថ្ងៃទី ១៤ ខែធ្នូ​។ អ្នកគ្រូ​ពេទ្យ បានចាត់ទុក​ការចាប់ផ្ដើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នៅ​ទូទាំងប្រទេស​នេះ​ជាស​ញ្ញា​មួយ​ថា ការ​ជាសះស្បើយ កំពុង​មកដល់ ខណៈ​អ្នកស្លាប់​ដោយសារ​កូ​វីដ​-១៩​នៅ​អាមេរិក ឡើងដល់​៣០​ម៉ឺន​នាក់​។

 
 
​គិលានុបដ្ឋាយិកា Sandra Lindsay ដែល​ធ្លាប់​មើលថែ និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាច្រើន ត្រូវបាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ នៅ​មណ្ឌល​សុខភាព Long Island Jewish ក្នុង​ទីក្រុង​ញូវយ៉ក​។ ការចាក់​វ៉ាក់សាំង​នេះ ត្រូវ​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម ហើយក៏​ទទួល​បានការ​ទះដៃ​សាទរ​ផងដែរ ក្នុងនោះ​ក៏មាន​វត្តមាន​អភិបាលរដ្ឋ​ញូវយ៉ក លោក Andrew Cuomo ។​
 
«​ខ្ញុំ​អត់​មាន​អារម្មណ៍​ប្លែក​អ្វី​ឡើយ ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​»​។ គិលានុបដ្ឋាយិកា Lindsay បញ្ជាក់​បែបនេះ មុននឹង​បន្ថែមថា នាង​ពោរពេញ​ដោយ​ក្តីសង្ឃឹម​ថ្ងៃនេះ ហើយ​មាន​អារម្មណ៍​ថា ការ​ជាសះស្បើយ កំពុង​មកដល់​។  
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters គិលានុបដ្ឋាយិកា Lindsay ក៏​សង្ឃឹមថា ការចាក់​វ៉ាក់សាំង​នេះ ជា​ចំណុច​ចាប់ផ្ដើម​នៃ​អវសាន​របស់​ពេលវេលា​ដ៏​ឈឺចាប់​ក្រៃលែង​ក្នុង​ប្រ​វិត្ត​សាស្ត្រ​អាមេរិក​។ «​ខ្ញុំ​ចង់​បណ្ដុះ​ទំនុកចិត្ត​សាធារណៈ​ថា វ៉ាក់សាំង​នេះ​មាន​សុវត្ថិភាព​»​។ អ្នក​គ្រូពេទ្យ​បញ្ជាក់បន្ថែម​បែបនេះ​។​
 
​លោក​អភិបាល Cuomo បាន​បង្ហោះ​រូបភាព​អ្នកគ្រូ​ពេទ្យ Lindsay នៅពេល​វេជ្ជបណ្ឌិត​ម្នាក់​ចាក់​វ៉ាក់សាំង​ឲ្យ​នាង​។ លោក​បានសរសេរថា នាង​ជា​ពលរដ្ឋ​អាមេរិក​ទីមួយ​ដែល​ចាក់​វ៉ាក់សាំង ហើយ​ហៅ Lindsay ជា​វីរនារី​ម្នាក់​។ ប៉ុន្មាន​នាទី​ក្រោយ Lindsay ចាក់​វ៉ាក់សាំង​រួច ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ Twitter ដូច្នេះ​ថា​៖«​វ៉ាក់សាំង​ដំបូង​ត្រូវបាន​ចាក់​។ អបអរសាទរ សហរដ្ឋអាមេរិក​។ អបអរសាទរ​ពិភពលោក​»​។​
 
​វ៉ាក់សាំង ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Pfizer សហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ត្រូវបាន​អនុម័ត​ឲ្យ​ប្រើប្រាស់​បន្ទាន់​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ក្រោយ​លទ្ធផល​ពិសោធន៍​បង្ហាញថា មាន​ប្រសិទ្ធភាព ៩៥​ភាគរយ​ក្នុងការ​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។ 
 
​វ៉ាក់សាំង​ជិត​៣​លាន​ដូ​ស​ដំបូង កាលពី​ថ្ងៃ​១៣ ខែធ្នូ ត្រូវបាន​ចាប់ផ្ដើម​ដឹកជញ្ជូន​ទៅ​ចែកចាយ​នៅតាម​បណ្ដា​សុខភាព​ទូទាំង​សហរដ្ឋអាមេរិក ។ ការដឹកជញ្ជូន​វ៉ាក់សាំង Pfizer ជើង​ដំបូង​នេះ នឹងត្រូវ​បែងចែក​តាម​ដំណាក់កាល ពោលគឺ​ដឹក​ទៅដល់​មណ្ឌល​ចែកចាយ​១៤៥​ទីតាំងនៅ​ថ្ងៃទី ១៤ ខែធ្នូ​, មណ្ឌល​ចែកចាយ​៤២៥​ទីតាំង​ផ្សេងទៀត​នៅ​ថ្ងៃទី​បន្ទាប់ និង​សេសសល់​៦៦​ទីតាំង​នា​ថ្ងៃទី​១៦​ខែធ្នូ​។ 
 
​សូមបញ្ជាក់ថា មណ្ឌល​សុខភាព Long Island Jewish ជា​មន្ទីរពេទ្យ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​ជាច្រើន​ដទៃទៀត​ទូទាំង​អាមេរិក ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ទីតាំង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩ ដំបូង​គេ​។ ហើយ​ពលរដ្ឋ​អាមេរិក​១០០​លាន​នាក់ ឬ​៣០​ភាគរយ​នៃ​ប្រជាជន​សរុប រំពឹង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩​រួចរាល់​ត្រឹម​ចុងខែ​មីនា ឆ្នាំ​២០២១​ខាងមុខ​៕
 
 
 
 

Tag:
 ​សហរដ្ឋអាមេរិក​
  កូ​វីដ​-១៩
  Pfizer
© រក្សាសិទ្ធិដោយ thmeythmey.com