សង្គមអន្តរជាតិ​
អន្តរជាតិ
អាមេរិក ដាក់ទណ្ឌកម្ម​តួ​ក​គី​ដែលជា​សមាជិក​ណា​តូ ព្រោះ​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ពី​រុស្ស៊ី​
15, Dec 2020 , 8:29 pm        
រូបភាព
រថយន្តដឹកប្រព័ន្ធការពារមីស៊ីល S-400 ទៅដល់មូលដ្ឋានទ័ព Murted ក្នុងរដ្ឋធានីអង់ការ៉ា។ រូបភាព Xinhua
រថយន្តដឹកប្រព័ន្ធការពារមីស៊ីល S-400 ទៅដល់មូលដ្ឋានទ័ព Murted ក្នុងរដ្ឋធានីអង់ការ៉ា។ រូបភាព Xinhua
ដោយ:
​រដ្ឋបាល​អាមេរិក​នៅ​ថ្ងៃទី​១៤ ធ្នូ បានសម្រេច​ដាក់ទណ្ឌកម្ម​លើ​តួ​ក​គី​ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ចំពោះ​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-400 ពី​រុស្ស៊ី​។ អាមេរិក ធ្លាប់​ព្រមាន​តួ​ក​គី​ជា​ច្រើនដង​រួចមកហើយ ចំពោះ​ការទិញ​នេះ​។ កាលពី​ខែកក្កដា ឆ្នាំ​២០១៩ អាមេរិក​បាន​បណ្តេញ​តួ​ក​គី​ចេញពី​កម្មវិធី​អភិវឌ្ឍ​យន្តហោះ​ចម្បាំង F-35 រួចស្រេច​ហើយ​។​

 
​ទីបំផុត អាមេរិក​សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​ប្រឆាំង​តួ​ក​គី​ចំពោះ​ការទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដ៏​មាន​ឥទ្ធិពល S-400 ពី​រុស្ស៊ី​។ កាលពី​ឆ្នាំ​២០១៧ តួ​ក​គី​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស​S-400​ពី​រុស្ស៊ី​ក្នុងតម្លៃ​២,៥​ពាន់​លាន​ដុល្លារ​។ តួ​ក​គី ក៏បាន​ធ្វើតេស្ត​មី​ស៊ី​ល​នេះ​កាលពី​ខែតុលា​ផងដែរ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AP ។​
 
​ការដាក់ទណ្ឌកម្ម​ដោយ​អាមេរិក​នេះ​ធ្វើឡើង​ក្រោម​ច្បាប់ CAATSA ដែល​ដាក់ពិន័យ​ចំពោះ​ការជួញដូរ​អាវុធ​ណា​ដែល​ប៉ះពាល់​ដល់​ប្រយោជន៍​អាមេរិក​។ ទណ្ឌកម្ម​អាមេរិក នេះ​សំដៅ​ទៅលើ​ឧស្សាហកម្ម​យោធា​តួ​ក​គី ដោយ​ហាម​មិន​ឲ្យ​ផ្តល់​អាជ្ញាប័ណ្ណ​នាំចេញ កម្ចី និង​ឥណទាន​ទៅកាន់​ទីភ្នាក់ងារ​ផ្គត់ផ្គង់​អាវុធ​របស់​តួ​ក​គី​។ ដូចគ្នានេះដែរ មន្ត្រី​បួនរូប​ដែល​បម្រើការ​ក្នុង​ទីភ្នាក់ងារ​នេះ ត្រូវបាន​ហាមឃាត់​មិន​ឲ្យ​ចូល​ទឹកដី​អាមេរិក និង​បង្កក​ទ្រព្យសម្បត្តិ​ផងដែរ​។​
 
«​ការទិញ​ប្រព័ន្ធ​មី​ស៊ី​ល​S-400 នឹង​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បច្ចេកវិទ្យា​យោធា និង​ទាហាន​របស់​អាមេរិក ក៏ដូចជា​ផ្តល់ប្រាក់​ដល់​វិស័យ​ការពារជាតិ​រុស្ស៊ី និង​បើកផ្លូវ​ឲ្យ​រុស្ស៊ី​ចូលក្នុង​កងទ័ព និង​ឧស្សាហកម្ម​ការពារជាតិ​តួ​ក​គី​»​។ នេះ​ជាការ​លើកឡើង​របស់លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក​តាមរយៈ​សេចក្តីថ្លែងការណ៍​ថ្ងៃទី​១៤ ខែធ្នូ​។ លោក​ក៏​ទទូច​ផងដែរ​ឲ្យ​តួ​ក​គី​ដោះស្រាយ​បញ្ហា S-400 ។​
 
​តួ​ក​គី បាន​ប្រតិកម្ម​នឹង​ទណ្ឌកម្ម​របស់​អាមេរិក ដោយ​ថ្កោលទោស និង​ទាត់ចោល​ការដាក់ទណ្ឌកម្ម​នេះ​។ សេចក្តីថ្លែងការណ៍​រប​ស់​ក្រសួងការបរទេស​តួ​ក​គី​បាន​លើកឡើងថា តួ​ក​គី​នឹង​ចាត់​វិធា​នា​ការប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​របស់​អាមេរិក ក៏ដូចជា​ធ្វើការ​ឆ្លើយតប​វិញ​ឲ្យ​បាន​សមស្រប​។ យ៉ាងណាក្តី តួ​ក​គី​អះអាងថា​ខ្លួន ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការសន្ទនា និង​ការទូត​។​
 
​ចំណែក​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov អះអាងថា ការដាក់ទណ្ឌកម្ម​នេះ​ជា​ភស្តុតាង​បង្ហាញ​ពី​ភាព​ក្រអឺតក្រទម​របស់​អាមេរិក ហើយនឹង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​អា​មេ​រិ​លើ​ឆាក​អន្តរជាតិ​។​លោ​កថា​ទណ្ឌ​កម្មនេះ បង្ហាញ​បន្ថែមទៀត​ពី​វិធានការ​គំរាម ឯកតោភាគី និង​ខុសច្បាប់ ដែល​អាមេរិក​បាន​អនុវត្ត​ជាច្រើន​ទសវត្សរ៍​មកហើយ​។​
 
​កាលពី​ខែវិច្ឆិកា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក​Hulusi Akar បាន​អះអាងថា តួ​ក​គី​ត្រៀមខ្លួន​ក្នុងការ​ពិភាក្សា​ជាមួយ​អាមេរិក​ចំពោះ​ការធ្វើការ​រួមគ្នា​លើ​ប្រព័ន្ធ​មី​ស៊ី​ល S-400 និង​យន្តហោះ​ចម្បាំង​F-35s​។​គ្រានោះ​អាមេរិក​មិន​ខ្វល់​ពី​ការលើកឡើង​នេះ ដោយ​រដ្ឋមន្ត្រីការបរទេស​អាម​រិ​ក​បដិសេធ​មិន​ជួប​ជាមួយ​មន្ត្រី​តួ​ក​គី​ឡើយ​។​
 
​ទាក់ទង​រឿង​ទិញ S-40០ នេះ តួ​ក​គី​អះអាងថា ខ្លួន​បង្ខំចិត្ត​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស ពី​រុស្ស៊ី ដោយសារតែ​អាមេរិក​មិន​ព្រម​លក់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស Patriot មក​ឲ្យ​ខ្លួន​។ តួ​ក​គី ក៏​អះអាង​ផងដែរ​ថា​ទណ្ឌកម្ម​អាមេរិក​មកលើ​ខ្លួន​គឺ​ប្រើ​ស្តង់ដារ​ពីរ ព្រោះ​ក្រិ​ក​ដែលជា​សមាជិក​ណា​តូ ក៏​ប្រើប្រាស់​មី​ស៊ី​ល​ផលិត​ដោយ​រុស្ស៊ី​ដែរ​៕
 
 

Tag:
 រុស្ស៊ី​
 ​អាមេរិក​
  តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com