COVID-19
ជាតិ
នាយករដ្ឋមន្ត្រី ថា មិនបាន​អង្គាសប្រាក់ សម្រាប់​ទ្រទ្រង់​ជាតិ​ឡើយ​
15, Dec 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋាភិបាល មិនបាន​រ៉ៃអង្គាសប្រាក់ ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​ជា​លេស​យកប្រាក់​សម្រាប់​ប្រើប្រាស់​ទ្រទ្រង់​រដ្ឋ​ឡើយ​។ នេះ​ជា​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ឆ្លើយតប​អ្នក​រិះគន់​លើ​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ថា រដ្ឋ​អង្គាសប្រាក់ ដើម្បី​បើកប្រាក់​ឲ្យ​មន្ត្រីរាជការ​។​


​សម្ដេច ហ៊ុន សែន ចាត់ទុក​ការរិះគន់​នេះ ជាការ​មើលស្រាល​លើ​រដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​ប្រទេស ក្នុង​បរិបទ​កូ​វីដ​-១៩ រាតត្បាត​។ ឆ្លើយតប​អ្នក​រិះគន់​លើ​ការទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ថវិកា​ជាង​៤០ ដែលជា​វិភាគទាន​របស់​សប្បុរស​នេះ គឺ​មិនអាច​យកទៅ​ផ្គត់ផ្គង់ និង​ទ្រទ្រង់​រដ្ឋ​បានឡើយ ខណៈ​រដ្ឋាភិបាល​ចំណាយ​ថវិកា​២០០​លាន​ដុល្លារ​ក្នុង​មួយខែ សម្រាប់​បើកប្រាក់​ខែ​ឲ្យ​មន្ត្រីរាជការ​។​
 
​មិនតែប៉ុណ្ណោះ​សម្ដេច ហ៊ុន សែន អះអាងថា សម្ដេច​មិនបាន​រ៉ៃអង្គាសប្រាក់​ពី​ពលរដ្ឋ សម្រាប់​ទិញ​វ៉ាក់សាំង​ឡើយ ប៉ុន្តែ​ពលរដ្ឋ​ទេ ដែលមាន​សមានចិត្ត​ចូលរួម​ថវិកា​ជាមួយ​រដ្ឋាភិបាល​។ «​អ្នកឯង​រិះគន់​ខ្ញុំ ដូច​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ប្រមាថ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​…»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ។​
 
​ថ្លែង​ក្នុង​សន្និសីទកាសែត តាមរយៈ​ការផ្សាយ​ផ្ទាល់​ពី​ទូរទស្សន៍​ជាតិ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៥ ធ្នូ​នេះ សម្ដេច ហ៊ុន សែន បាន​រំឭកថា សម្ដេច​បាន​បញ្ជា​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស សម្រាប់​យកមក​ព្យាបាល​ពលរដ្ឋ​៥០​ម៉ឺន​នាក់ នៅ​ជំហាន​ដំបូង ដោយ​មិនបាន​រ៉ៃ​ប្រាក់​ពី​ពលរដ្ឋ​ឡើយ​។ ប៉ុន្តែ​ក្រោយ​ការប្រកាស​នេះ ស្រាប់តែ​សប្បុរសជន ជាពិសេស​ឧកញ៉ា បាន​ចូល​ថវិកា​ជា​បន្តបន្ទាប់ រហូតដល់​មាន​ចលនា​ជាតិ​ចូល​វិភាគទាន​ទិញ​វ៉ាក់សាំង ពី​អង្គ​ព្រះមហាក្សត្រ មន្ត្រីរាជការ ព្រះសង្ឃ និង​ពលរដ្ឋ​ទូទាំងប្រទេស​នេះ​។ 
 
​ដោយសារ​ឃើញ​ចលនា​ជាតិ​បែបនេះ ទើប​សម្ដេច សម្រេច​ប្រកាស​គណនី​ធនាគារ​របស់​មន្ត្រី​នៅ​ទី​ស្តី​គណៈរដ្ឋមន្ត្រី​ឲ្យ​សាធារណជន អាច​ចូលរួម​តាម​សទ្ធា សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩​។ បើតាម​ប្រមុខ​រដ្ឋាភិបាល សប្បុរសជន បាន​ចូលរួម​វិភាគទាន​៤៨​លាន​ដុល្លារ​ហើយ សម្រាប់​ទិញ​វ៉ាក់សាំង​នេះ​។​
 
​ក្រៅ​ប្រកា​សទិញ​វ៉ាក់សាំង​១​លាន​ដូ​ស​នេះ កម្ពុជា ក៏​នឹង​ទទួលបាន​វ៉ាក់សាំង​២០​ភាគរយ ឬ​សម្រាប់​៣.២​លាន​នាក់​នៃ​ចំនួន​ប្រជាជន​សរុប ពី​កម្មវិធី COVAX ។ ក្នុងនាម​ជា​សមាជិក COVAX កម្ពុជា​នឹងត្រូវ​ចេញ​ថវិកាបដិភាគ​៥​ភាគរយ សម្រាប់​វ៉ាក់សាំង​៦.៤​លាន​ដូ​ស ដើម្បី​យកមកប្រើ​ប្រាស់​លើ​ប្រជាជន ៣.២​លាន​នាក់​។ ប៉ុន្តែ​កម្មវិធី COVAX នេះ អាចមាន​លទ្ធភាព​ផ្តល់​វ៉ាក់សាំង​៣​ភាគរយ​ឲ្យ​កម្ពុជា សម្រាប់​ដំណាក់កាល​ដំបូង​ប៉ុណ្ណោះ​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​។​
 
​សម្តេច​បាន​បញ្ជាក់ថា ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើងទៅ​១៣​លាន​នាក់ នឹង​ទទួលបាន​វ៉ាក់សាំង (២៦​លាន​ដូ​ស​)​។ បច្ចុប្បន្ន សម្តេច​មិនទាន់​ដឹង​ពី​តម្លៃ​វ៉ាក់សាំង​នោះឡើយ តែ​បច្ចុប្បន្ន កម្ពុ​ជាមាន​៥៣៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ដៃ រួមទាំង​៤៨​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ពី​ចលនា​សប្បុរសជន​។​
 
COVAX ជា​គំនិត​ផ្តួចផ្តើម​មួយ​រវាង​បណ្តា​រដ្ឋាភិបាល​ប្រទេស​អ្នកមាន អង្គការ​អន្តរជាតិ និង​ក្រុមហ៊ុន​ឱសថ ដើម្បី​ចែកចាយ​វ៉ាក់សាំង​ដោយ​ស្មើភាព​សម្រាប់​ប្រទេស​ក្រីក្រ និង​កំពុងអភិវឌ្ឍន៍ ដែល​ក្នុងនោះ​មាន​កម្ពុជា​ផងដែរ​៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com