ជាតិ
ឧតុនិយម​៖ កម្ពុជា​ចុះ​ត្រជាក់​ដល់ ១៧ និង​១៨ អង្សា ពីថ្ងៃ​ទី​១៦-២២​ធ្នូ​
16, Dec 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖  អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​រយៈពេល​១​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី​១៦-២២ ខែធ្នូ ដោយសារ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​ចុះក្រោម ជាមួយនិង​ខ្យល់មូសុង​ឦសាន​បង្កើនល្បឿន​បក់​មកលើ​ប្រទេស​កម្ពុជា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។ សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ធនធានទឹក​បញ្ជាក់ថា បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន នឹង​ចុះ​ត្រជាក់​ដល់​១៧​អង្សា ខណៈ​និង​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នឹង​ចុះ​ត្រជាក់​ដល់​១៨​អង្សា​។ ចំណែក​ខេត្ត​ជាប់​សមុទ្រ​ក៏​ចុះ​ត្រជាក់​ដល់​២០​អង្សា​ដែរ​។ ក្រៅពី​អាកាសធាតុ​ត្រជាក់ តំបន់​ខ្លះ នៅមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ ទៅ​មធ្យម​ផងដែរ​។ 

 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥​ធ្នូ​នេះ បាន​ជូនដំណឹង​ថា ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​ចុះក្រោម ជាមួយនិង​ខ្យល់មូសុង​ឦសាន​បង្កើនល្បឿន​បក់​មកលើ​ប្រទេស​កម្ពុជា​។ ស្ថានភាព​នេះ នឹងធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​រយៈពេល​១​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី​១៦-២២ ខែធ្នូ​។  
 
​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល មាន​សីតុណ្ហភាព​អប្បបរមា​ពី​២០-២៤​អង្សារ​សេ និង​អតិបរមា ពី​២៨-៣០ អង្សារ​សេ​។ រីឯ នៅ​ថ្ងៃទី​១៥-១៦ ខែធ្នូ នៅ​បណ្ដា​រាជធានី​ខេត្ត​មួយចំនួន​នៅ​ប៉ែក​ខាងក្រោម នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម ។ ហើយ​នៅ​ថ្ងៃទី ២១-២២ មាន​សីតុណ្ហភាព អប្បបរមា ពី​២១-២២​អង្សារ​សេ និង​អតិបរមា ២៥-២៨ អង្សារ​សេ​។ 
 
​ចំណែកឯ នៅ​បណ្ដា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា ពី​២០-២២​អង្សារ​សេ អតិបរមា​ពី​២៨-៣០​អង្សារ​សេ​។ នៅ​ថ្ងៃទី ២០-២២ ខែធ្នូ មាន​សីតុណ្ហភាព​អប្បបរមា ពី​១៧-២០ អង្សារ​សេ និង​អតិបរមា ពី​២៥-២៨ អង្សារ​សេ​។ 
 
​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​ពី ២០-២២ អង្សារ​សេ និង​អតិបរមា ពី​២៨-៣០ អង្សារ​សេ​។ រីឯ ថ្ងៃទី​១៥-១៦ ខែធ្នូ នឹងមាន​ភ្លៀង​ក្នុង​កម្រិត​ខ្សោយ​ទៅ​មធ្យម​។ ថ្ងៃទី​២០-២២ ខែធ្នូ មាន​សីតុណ្ហភាព អប្បបរមា​ពី​២០-២២ អង្សារ​សេ និង​អតិបរមា ពី​២៦-២៩ អង្សារ​សេ​។ 
 
​ជាមួយគ្នានេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​សាធារណជន ពិសេស​កងទ័ព​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ត្រូវ​យកចិត្តទុកដាក់ ថែរក្សា​សុខភាព​ចំពោះ​ធាតុអាកាស​ត្រជាក់​៕ 
 

Tag:
 អាកាសធាតុ​
 ​ត្រជាក់​
 ​ឧតុនិយម​
 ​ធនធានទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com