ជាតិ
សេដ្ឋកិច្ច
ជប៉ុន​ផ្តល់ជំនួយ​ជិត​១​លាន​ដុល្លារ ដល់​អង្គការ​២​លើ​ផ្នែក​វះកាត់​កុមារ និង​អប់រំ នៅ​ក្រចេះ និង​កណ្តាល​
15, Dec 2020 , 3:47 pm        
រូបភាព
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង)។​ រូបថត៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា (ឆ្វេង)។​ រូបថត៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន បានសម្រេច​ផ្តល់​ថវិកា​សរុប​៩៦៨,៣៩០​ដុល្លារ ដល់​អង្គការ​ខ្មែរ​ចំនួន​ពីរ ដើម្បី​លើកកម្ពស់​ប្រព័ន្ធ​ថែទាំ​លើ​ផ្នែក​វះកាត់​កុមារ និង​គម្រោង​លើកកម្ពស់​ការអប់រំ​បរិ​យា​ប័ន្ន​សម្រាប់​កុមារ​ពិការ​។  បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុ​ជានា​ថ្ងៃទី​១៤​ធ្នូ ឆ្នាំ​២០២០ ការផ្តល់​នូវ​ថវិកា​ទាំងនេះ គឺជា​ជំនួយឥតសំណង​របស់​ជប៉ុន​ក្នុង​ការចូលរួម​អភិវឌ្ឍ​កម្ពុជា​។

 
​ក្នុងចំណោម​ថវិកា​សរុប​ខាងលើនេះ ជប៉ុន​បាន​ផ្តល់ឱ្យ​អង្គការ​មូលនិធិ​សម្រាប់​ការអភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​(FIDR)​ជិត​៦៩,៥​ម៉ឺន​ដុល្លារ ដើម្បី​អនុវត្ត​គម្រោង​ស​ល្យ​សាស្ត្រ​ថែទាំ​លើ​ផ្នែក​វះកាត់​កុមារ​ប្រចាំ​ខេត្តក្រចេះ និង​ប្រាក់​ជិត​២៧,៤​លាន​ដុល្លារ​ទៀត គឺ​ផ្តល់ឱ្យ​សមាគម​សម្រាប់​ជំនួយ​និង​សង្គ្រោះ​នៃ​ប្រទេស​ជប៉ុន​(AAR Japan) ដើម្បី​អនុវត្ត​គម្រោង​លើកកម្ពស់​ការអប់រំ​បរិ​យា​ប័ន្ន​កុមារ​ពិការ តាមរយៈ​ពង្រឹង​ការអនុវត្ត​ក្នុង​តំបន់​គំរូ និង​ការអភិវឌ្ឍ​ប្រព័ន្ធ​វាយតម្លៃ​ការអប់រំ​បរិ​យា​ប័ន្ន​។  
 
​តាមរយៈ​ជំនួយឥតសំណង​ទាំងនេះ លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ជឿជាក់​នឹង​ជួយ​កែលម្អ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​នីមួយៗ​នៃ​គម្រោង​។ លោក​បន្តថា រដ្ឋាភិបាល​ជប៉ុន​បាន​អនុវត្ត​លើ​កម្មវិធី​ជំនួយឥតសំណង​សម្រាប់​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន​ចាប់​តាំង​ឆ្នាំ​២០០២​មក ដើម្បី​ជួយ​ដល់​គម្រោង​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​អង្គការ នៅក្នុង​ប្រទេស​ឬ​តំបន់​កំពុង​អភិវឌ្ឍ​។ ជាក់ស្តែង នៅក្នុង​ប្រទេស​កម្ពុជា​នេះ​។ 
 
​គិត​មកដល់​បច្ចុប្បន្ន​តាមរយៈ​កម្មវិធី​នេះ ជប៉ុន​បានផ្តល់​ថវិការ​ជាង​៤១​លាន​ដុល្លារ ដល់​១៣០​គម្រោង ដែល​ផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​បោសសម្អាត​មី នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លោក​មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ដោយ​បន្ត​មានប្រសាសន៍​ដូច្នេះ​៖« គម្រោង​នីមួយៗ បាន​ចូលរួមចំណែក​ដោយផ្ទាល់​ក្នុងការ​លើកកម្ពស់​គុណ​ភាព ជីវ​ភាណ​រស់នៅ​របស់​ប្រជាជន​កម្ពុជា​»៕
 

Tag:
 អប់រំ​
  ក្រចេះ​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com