សង្គមអន្តរជាតិ​
អន្តរជាតិ
ទីបំផុត លោក ពូ​ទីន អបអរ​លោក បៃ​ឌិន ផ្លូវការ​ហើយ​!
15, Dec 2020 , 4:10 pm        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន ចាប់ដៃលោក ចូ បៃឌិន កាលពីឆ្នាំ២០១១។ រូបភាព AFP
លោក វ៉្លាឌីមៀ ពូទីន ចាប់ដៃលោក ចូ បៃឌិន កាលពីឆ្នាំ២០១១។ រូបភាព AFP
​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អបអរ​លោក ចូ បៃ​ឌិន ដែល​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​។ នេះ​បើតាម​សេចក្ដីប្រកាស​របស់​វិមាន​ក្រេ​ម​ឡាំង​នៅ​ថ្ងៃទី​១៥ ខែធ្នូ​។ ការ​សាទរ​របស់លោក ពូ​ទីន ធ្វើឡើង​ជាង​មួយខែ​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា ដែល​លោក បៃ​ឌិន ផ្ដួល​ប្រធានាធិបតី​បច្ចុប្បន្ន ដូ​ណា​ល់ ត្រាំ ។ លោក ពូ​ទីន ប្រកាស​ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​អាមេរិក​ថ្មី​។​

 
​មេដឹកនាំ​រុស្ស៊ី ពិតជា​រង់ចាំ​ដល់​ជ័យជម្នះ​របស់លោក ចូ បៃ​ឌិន ត្រូវបាន​បញ្ជាក់ ទើប​ផ្ញើ​សារ​អបអរ​មែន​។ នៅ​ថ្ងៃទី​១៤ ខែធ្នូ លោក បៃ​ឌិន ត្រូវបាន​ប្រតិភូ​តំណាង​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធានាធិបតី​អាមេរិក ជាង​មួយខែ​ក្រោយ​លោក​ផ្ដួល​លោក ដូ​ណា​ល់ ត្រាំ រួចមក​។ 
 
​មិនបាន​ប៉ុន្មាន​ម៉ោង​ក្រោយមក វិមាន​ប្រធានាធិបតី​រុស្ស៊ី ក៏​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការអបអរ​របស់លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ទៅកាន់​លោក ចូ បៃ​ឌិន ។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ ទន្ទឹមនឹង​ការអបអរ វិមាន​ក្រេ​ម​ឡាំង​បន្តថា លោក ពូ​ទីន ក៏​ត្រៀម​ជាស្រេច​ដើម្បី​កិច្ចសហការ​ទ្វេភាគី និង​ត្រៀម​ទាក់ទង​លោក បៃ​ឌិន ផងដែរ​។ 
 
«​លោក  ពូ​ទីន ជូន​ប្រធានាធិបតី​ជាប់ឆ្នោត​ឲ្យ​ទទួលជោគជ័យ​គ្រប់​ភារកិច្ច និង​បង្ហាញ​ការប្ដេជ្ញាចិត្តថា រុស្ស៊ី និង​អាមេរិក ដែលមាន​ការទទួលខុសត្រូវ​រួមគ្នា​លើ​សន្តិសុខ និង​ស្ថិរភាព​សាកល ទោះជា​មានការ​ខ្វែងគំនិត​គ្នា អាច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពិភពលោក​។​» វិមាន​ក្រេ​ម​ឡាំង​បញ្ជាក់​បែបនេះ​។ 
 
​តាមពិតទៅ មេដឹកនាំ​ជាច្រើន ពិសេស​ប្រទេស​សម្ពន្ធមិត្ត​អាមេរិក បាន​សាទរ​លោក បៃ​ឌិន ភ្លាមៗ​ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​រាយការណ៍​ពី​ជ័យជម្នះ​របស់លោក​។ ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង រង់ចាំ​ដល់ពេល​លោក បៃ​ឌិន ឈ្នះ​ចំនួន​ប្រតិភូ​គ្រប់គ្រាន់ ទើប​សាទរ​ដែរ​។ កន្លងទៅ វិមាន​ក្រេ​ម​ឡាំង​ក៏​បញ្ជាក់ថា លោក ពូ​ទីន នឹង​រង់ចាំ​ដល់​លទ្ធផល​ផ្លូវការ​សិន ទើប​សាទរ​។ 
 
​លោក បៃ​ឌិន នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា​។ ទំនាក់ទំនង​ជាមួយ​រុស្ស៊ី ទំនងជា​ស្ថិតក្នុង​បញ្ជី​អាទិភាព​នៃ​គោលនយោបាយ​ការបរទេស​របស់លោក បៃ​ឌិន ផងដែរ​៕
 
 
 
 

Tag:
 អាមេរិក​
  រុស្ស៊ី​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ចូ បៃ​ឌិន
© រក្សាសិទ្ធិដោយ thmeythmey.com