COVID-19
អន្តរជាតិ
កូ​វីដ​-១៩៖ កូរ៉េខាងត្បូង ព្រមាន​ពី​ការ​រឹតបន្តឹង​កាន់តែខ្លាំង បើ​ប្រជាជន​មិន​គោរព​វិធានការ​រដ្ឋាភិបាល​
15, Dec 2020 , 11:59 pm        
រូបភាព
ទិដ្ឋភាពផ្សារ Myeongdong ដែលមិនសូវមានមនុស្សក្នុងទីក្រុងសេអ៊ូល។ រូបភាព Xinhua
ទិដ្ឋភាពផ្សារ Myeongdong ដែលមិនសូវមានមនុស្សក្នុងទីក្រុងសេអ៊ូល។ រូបភាព Xinhua
​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង លោក Chung Sye-kyun នៅ​ថ្ងៃទី​១៥ ខែធ្នូ បានស្នើ​ឲ្យ​ប្រជាជន​គោរព​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​ឲ្យ​បាន​ត្រឹមត្រូវ បើ​ពួកគេ​មិន​ចង់​ឲ្យ​រដ្ឋាភិបាល​រឹតត្បិត​កាន់តែខ្លាំង​ជាង​មុខ​។ ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង​បែបនេះ ធ្វើឡើង​ស្របពេល​ករណី​ឆ្លង​កូ​វីដ​-១៩ កំពុងតែ​រាតត្បាត​ខ្លាំង​នៅក្នុង​ប្រទេស ជាពិសេស​ទីក្រុង​សេ​អ៊ូ​ល​។

 
​កូរ៉េខាងត្បូង ចាប់ពី​ដើមខែ​ធ្នូ​មក រាយការណ៍​ពី​ការកើនឡើង​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ជាពិសេស​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ​។ ករណី​ឆ្លង​នៅ​ថ្ងៃទី​១៥ ខែធ្នូ មាន​ចំនួន ៨៨០​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ១៣​នាក់​។ តួលេខ​សរុប កូរ៉េខាងត្បូង មាន​កូ​វីដ​-១៩ ចំនួន ៤៤៣៦៤​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៦០០​នាក់​។ នេះ​បើតាម​ទីភ្នាក់ងារ​ទប់ស្កាត់ និង​គ្រប់គ្រង​ជំងឺឆ្លង​។ 
 
​នៅក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ស្តីពី​ការដោះស្រាយ​កូ​វីដ​-១៩ ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍ លោក Chung Sye-kyun នាយករដ្ឋមន្ត្រី​កូរ៉េខាងត្បូង បាន​លើកឡើងថា នៅពេល​ប្រជាជន​មួយចំនួន​មិនបាន​គោរព​វិធាន​រក្សា​គម្លាត ឬ​វិធាន​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩ ប្រជាជន​ខ្លះ បាន​បន្ថែម​បន្ទុក​ថែមទៀត តាមរយៈ​ការឆ្លង​វីរុស ដោយ​គ្មាន​ការប្រុងប្រយ័ត្ន និង​គ្មាន​ការទទួលខុសត្រូវ​។ 
 
«​សូម​គិតពី​ទម្ងន់ និង​ផលប៉ះពាល់​នៃ​វិធាន​រក្សា​គម្លាត​កម្រិត​៣»​។ ប្រមុខ​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានលើកឡើង​បែបនេះ ដោយ​សំដៅ​កម្រិត​នៃ​ការអនុវត្ត​វិធានការ​កាន់តែ​តឹងតែង​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។ លោក​បន្ថែមថា រដ្ឋាភិបាល កំពុង​ពិនិត្យ​លើ​ការអនុវត្ត​របស់​ប្រជាជន​លើ​វិធាន​រក្សា​គម្លាត​ក្នុងពេល​បច្ចុប្បន្ន​។ 
 
​ពេលនេះ កូរ៉េខាងត្បូង កំពុង​អនុវត្ត​វិធាន​រក្សា​គម្លាត ២,៥ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ដែលជា​កន្លែង​ឆ្លង​កូ​វីដ​-១៩ ខ្លាំង ដោយ​អនុញ្ញាត​ឲ្យ​ប្រជាជន​ជួបជុំគ្នា​ក្រោម ៥០​នាក់ ការលេង​កីឡា​ដោយ​គ្មាន​អ្នកគាំទ្រ ភោជនីយដ្ឋាន និង​កន្លែង​លក់​កាហ្វេ អាច​បើក​សម្រាប់​អ្នក​យកទៅ​បរិភោគ​ខាងក្រៅ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល កំពុង​ស្ទាក់ស្ទើរ ក្នុងការ​ដំឡើង​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​ទៅ​កម្រិត​៣ ដោយសារតែ​វា​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លាំង​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ព្រោះ​វា​ស្ទើរនឹង​ស្មើ​ទៅនឹង​ការបិទ​ទីក្រុង​ទៅហើយ​។ លោកនាយក​រដ្ឋមន្ត្រី បានចាត់ទុក​វិធាន​ដំណាក់កាល​ទី​៣ នេះ​ថា ជា​រឿង​គ្រោះថ្នាក់​ដ៏​ខ្លាំង​។​
 
​បើសិន​បើ​វិធាន​រក្សា​គម្លាត​សុវត្ថិភាព​ដំណាក់កាល​៣ ត្រូវអនុវត្ត​មែន​នោះ រាល់​ការជួបប្រជុំ អាចធ្វើ​ឡើង​ត្រឹម​មនុស្ស ១០​នាក់​ប៉ុណ្ណោះ ហើយ​អាជីវកម្ម​មិនចាំបាច់​មួយចំនួន​ត្រូវ​បិទ ចំណែក​កីឡា​វិញ​ក៏​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកគាំទ្រ​ដែរ​។ ទន្ទឹមនេះ ប្រជាជន​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​ស្នាក់​នៅផ្ទះ​បណ្តោះអាសន្ន ចំណែក​ការងារ​មិនចាំបាច់​មួយចំនួន ត្រូវធ្វើ​ពី​ផ្ទះ​។ 
 
​ក្រៅពី​ការកើនឡើង​ករណី​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល តំបន់​ផ្សេងទៀត​នៅ​កូរ៉េខាងត្បូង​ក៏មាន​ករណី​ឆ្លង​កើនឡើង​ផងដែរ ក្នុងនោះ​មានដូចជា​ទីក្រុង​ប៊ូសាន​, ទីក្រុង Daegu, ខេត្ត South Gyeongsang, ខេត្ត South Chungcheong និង​តំបន់​ផ្សេងទៀត​។​
 
​ក្នុងការ​ផ្ទុះ​កូ​វីដ​-១៩ លើក​នេះ អាជ្ញាធរ​សុខាភិបាល​កូរ៉េខាងត្បូង បាន​រិះគន់​យ៉ាងខ្លាំង​លើ​ប្រជាជន​កូរ៉េខាងត្បូង និង​អាជីវកម្ម​មួយចំនួន ដែល​មិន​គោរព​វិធាន​ទប់ស្កាត់​របស់​រដ្ឋាភិបាល​។ ព្រះវិហារ​សាសនា​មួយចំនួន នៅតែមាន​ការជួបជុំ​មនុស្ស​ដោយផ្ទាល់ ហើយ​អាជីវកម្ម​ខ្លះ នៅតែ​បន្ត​បើក​រហូតដល់​លើស​ម៉ោង​៩ បើទោះបីជា​រដ្ឋាភិបាល​បាន​ហាមឃាត់​ក៏ដោយ​។ 
 
​ក្នុង​កិច្ចប្រជុំ​ខាងលើនេះ លោកនាយក​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង ក៏បាន​បញ្ជាក់​ផងដែរ កូរ៉េខាងត្បូង នឹង​ទទួលបាន​វ៉ាក់សាំង នៅក្នុង​ត្រីមាស​ទីមួយ នៃ​ឆ្នាំ​២០២១ ៕

Tag:
 កូរ៉េខាងត្បូង​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com