កីឡាអន្តរជាតិ
អន្តរជាតិ
Lampard ថា Chelsea ចាញ់ Wolves ដោយសារ​កូនក្រុម​មាន​ប្រកួត​ច្រើន​នៅ​ខែធ្នូ​
16, Dec 2020 , 9:47 am        
រូបភាព
Frank Lampard ខកចិត្ត​នឹង​បរាជ័យ​របស់ Chelsea ក្នុងការ​ប្រកួត Premier League នៅ​រាត្រី​ថ្ងៃទី​១៥ ខែធ្នូ និង​មើលឃើញថា កូនក្រុម​ខ្លួន​ដូចជា​ខ្សោយកម្លាំង​បន្ទាប់ពី​ការ​វាយបក​តាម​ឈ្នះ​របស់ Wolverhampton Wanderers​ នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល ២-១​។​


​នា​ជំនួប​លី​គ​កំពូល​អង់គ្លេស​សប្តាហ៍​ទី​១៣ នៅ​កីឡដ្ឋាន Molineux ក្រុម​ភ្ញៀវ Chelsea ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​មុន​ដែល​សម្រេច​ទី​ដោយ Olivier Giroud នៅ​នាទី​៤៩ បន្ទាប់ពី​បញ្ចប់​តង់​ទី​១​ដោយ​គ្មាន​គ្រាប់​បាល់​។​
 
១៧​នាទី​ក្រោយ​ការនាំ​មុខ ក្រុម​ម្ចាស់ផ្ទះ Wolves អាច​តាម​ស្មើ​វិញ​តាមរយៈ​ការ​ស៊ុត​បាល់​ដ៏​ល្អ​របស់ Daniel Podence​។ ខណៈ​ការប្រកួត​ឈានដល់​នាទី​៩០+៥ ទៅហើយ Pedro Neto បាន​បន្ថែម​គ្រាប់​បាល់​ទី​ពីរ និង​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់​ក្រុម​រហស្សនាម​កញ្ជ្រោង​ដោយ​យកឈ្នះ​តោ​ខៀវ ២-១​។ Wolves ទទួលបាន​៣​ពិន្ទុ​បន្ថែម​ពី​ការប្រកួត​នេះ ដើម្បី​ឡើងទៅ​កាន់​ចំណាត់ថ្នាក់​ទី​១០​ក្នុង​តារាង Premier League ដោយ​រកបាន​ពិន្ទុសរុប​២០​ពិន្ទុ​។​
 
​សម្រាប់ Chelsea នេះ​ជា​បរាជ័យ​លើក​ទី​២​ក្នុងការ​ប្រកួត​ពីរលើក​ចុងក្រោយ បន្ទាប់ពី​ចាញ់ Everton ១-០ កាលពី​សប្តាហ៍​មុន​ដែរ​។ អ្នកចាត់ការ​ទូទៅ Lampard ខកចិត្ត​យ៉ាងខ្លាំង​ខណៈ​លោក​រំពឹងថា​នឹង​ទទួលបាន​៣​ពិន្ទុ​ពី​ជំនួប​នេះ​។​
 
​យ៉ាងណាក៏ដោយ​អ្នកចាត់ការ​សញ្ជាតិ​អង់គ្លេស​រូបនេះ មើលឃើញថា​ប្រហែល​ជ​កូនក្រុម​លោក​ខ្សោយកម្លាំង​ពេក ដ្បិត​មានការ​ប្រកួត​ដល់​ទៅ​៥​លើក​មកហើយ​ក្នុង​ខែធ្នូ​នេះ​។ «​ចាប់ពី​នាទី​៦០​ទៅ ក្រុម​របស់​យើង​ដែល​លេង​បានល្អ​ជាង បែ​ជាមាន​បញ្ហា​កម្លាំង​រហូត​គូប្រជែង​វាយបក​បាន​ដល់​ទៅ​២​គ្រាប់​។ ក្រុម​របស់ខ្ញុំ​ពិតជា​ធ្វើការ​ច្រើន​នៅ​ខែធ្នូ​នេះ​»​។​
Chelsea ទទួលបាន​២២​ពិន្ទុ ពី​ការប្រកួត​១៣​លើក ឈរ​នៅ​លេខ​រៀង​ទី​៥ ក្នុង​តារាង​លី​គ​កំពូល​អង់គ្លេស​។​
 
Man City ឯណោះ​វិញ ក៏​ទទួលបាន​លទ្ធផល​មិន​គាប់ប្រសើរ​ដែរ ក្រោយ​ស្មើ​ក្រុម​បាត​តារាង West Bromwich Albion ១-១​។ គ្រាប់​បាល់​របស់​ក្រុម​ទាំងសងខាង​ធ្វើបាន​ដោយ​កីឡាករ​របស់​មេឃ​ខៀវ​ទាំងអស់ ដោយ Ilkay Gundogan នៅ​នាទី​៣០ និង​គ្រាប់​ចូល​ទី​ខ្លួនឯង​ពី​សំណាក់​ខ្សែការពារ Ruben Dias នៅ​នាទី​៤៣​។ ក្រុម​លោក Pep Guardiola ឡើងទៅ​ឈរ​ចំណាត់ថ្នាក់​ទី​៦ ដោយ​រកបាន​២០​ពិន្ទុ​ពី​ការប្រកួត​១២​លើក​៕
 

Tag:
 Premier League
  Frank Lampard
© រក្សាសិទ្ធិដោយ thmeythmey.com