ពេលមានឈ្មោះប្រកួតម្តងៗក្នុងព្រឹត្តិការណ៍ ONE Championship ធ្វើឲ្យកីឡាករ ចាន់ រតនា កាន់តែមមាញឹកខ្លាំងជាមួយការហ្វឹកហាត់។ កីឡាករវ័យ៣៤ឆ្នាំរូបនេះអះអាងថា រូបគេចូលចិត្តហ្វឹកហាត់ជាមួយស្ថានភាពលំបាកខ្លាំងព្រោះអាចធ្វើខ្លួនមានភាពងាយស្រួលក្នុងការប្រកួត និងមានទំនុកចិត្តកាន់តែខ្លាំងក្នុងការយកឈ្នះលើគូប្រកួត។
អ្នកលេងគុនចម្រុះជួរមុខរបស់កម្ពុជាកីឡាករ ចាន់ រតនា ចូលចិត្តការហ្វឹកហាត់ ដែលមានស្ថានភាពលំបាកខ្លាំង ដ្បិតរូបគេយល់ថា ការហ្វឹកហាត់បែបនេះនឹងជួយឲ្យខ្លួនអាចមានភាពងាយស្រួលពេលប្រកួត។ សម្រាប់ រតនា ស៊ូលំបាកលើទីលានហ្វឹកហាត់ជាជាងលំបាកលើទីលានប្រកួត។
កីឡាករ ចាន់ រតនា បានលើកឡើងពីអត្ថប្រយោជន៍ចំពោះការខិតខំហ្វឹកហាត់យ៉ាងដូច្នេះថា៖«ពេលមានឈ្មោះប្រកួត ការហ្វឹកហាត់កាន់តែលំបាក។ ប៉ុន្តែខ្ញុំចង់ហ្វឹកហាត់លំបាក ពេលខ្ញុំហ្វឹកហាត់លំបាកខ្លាំង ខ្ញុំគិតថា ការប្រកួតរបស់ខ្ញុំ នឹងស្រួល ហើយខ្ញុំនឹងមានទំនុកចិត្តខ្លាំងក្នុងការយកឈ្នះគូប្រកួត ពេលខ្ញុំហ្វឹកហាត់លំបាកខ្លាំង»។
ទោះបីខកខានឡើងសង្វៀនប្រកួតជាង១ឆ្នាំដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែម្ចាស់ក្លិបក្បាច់គុន«សិល្បៈ»រូបនេះអះអាងថា រូបគេត្រៀមខ្លួនបានយ៉ាងល្អក្នុងការប្រជែងជាមួយកីឡាករចិន Xie Wei ហើយរំពឹងថា ខ្លួននឹងអាចដណ្តើមជ័យជម្នះជូនជាតិមាតុភូមិ។
កីឡាករ ចាន់ រតនា ដែលកំពុងស្ថិតនៅលើទឹកដីសិង្ហបុរីបាននិយាយថា រូបគេបានហ្វឹកហាត់ពង្រឹងសមត្ថភាពអស់រយៈពេលជាច្រើនខែមកហើយ ដើម្បីត្រៀមជួយជាមួយកីឡាករចិនដែលមានវ័យប្អូនខ្លួនប្រមាណ១០ឆ្នាំខាងលើ។ រតនា បានចំណាយពេលចន្លោះពី៣ទៅ៤ម៉ោងក្នុងមួយថ្ងៃ លើការហ្វឹកហាត់ជាមួយគ្រូបង្វឹកផ្សេងៗគ្នា។
អ្នកលេងគុនខ្មែរដ៏មានប្រជាប្រិយភាពរបស់កម្ពុជារូបនេះ ត្រូវតទល់ជាមួយកីឡាករ Xie Wei ក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះ ONE: Collision Course ដែលធ្វើឡើងនៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅកីឡដ្ឋាន Singapore Indoor Stadium ក្នុងប្រទេសសិង្ហបុរី។
មិត្តរួមអាជីពក្នុងវិស័យគុនចម្រុះរួមមានកីឡាការិនី នៅ ស្រីពៅ និងកីឡាករ ខុន ស៊ីចាន់ រួមជាមួយគ្រូបង្វឹក សុទ្ធតែបានបង្ហាញការជឿជាក់លើកីឡាករ ចាន់ រតនា ក្នុងការយកឈ្នះលើកីឡាករចិន Xie Wei។ ជ័យជម្នះលើកនេះ វាមានសារសំខាន់ណាស់សម្រាប់ រតនា ដ្បិតវាអាចជួយឲ្យរូបគេឈានទៅប្រកួតដណ្តើមខ្សែក្រវាត់ ប្រចាំព្រឹត្តិការណ៍ដ៏ធំនៅតំបន់អាស៊ីមួយនេះ។ ជាពិសេស ជួយស្តារមុខមាត់ និងកែប្រែកំណត់ត្រាអាក្រក់ ដែលរូបគេធ្លាប់ចាញ់កីឡាករចិនពីរប្រកួតកន្លងមក។
បើនិយាយពីបទពិសោធកីឡាករ ចាន់ រតនា ធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ONE Championship ចំនួន១០លើក ក្នុងនោះទទួលបានជ័យជម្នះ៧លើក និងចាញ់៣។ តែក្នុងបរាជ័យទាំងបីលើក រតនា ចាញ់កីឡាករចិនពីរលើក។ ចំណែកកីឡាករ Xie Wei ធ្លាប់ឆ្លងកាត់ការប្រកួតចំនួន៨លើក ឈ្នះ៥ និងចាញ់៣៕