អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក បៃ​ឌិន ជ្រើស​គូប្រជែង​ចាស់ Pete Buttigieg ឲ្យ​ធ្វើជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន
16, Dec 2020 , 11:55 am        
រូបភាព
លោក ចូ បៃឌិន និងលោក Pete Buttigieg អំឡុងការតស៊ូមតិក្នុងជួរបក្សប្រជាធិបតេយ្យ កាលពីខែកុម្ភៈ កន្លងទៅ ។ រូបភាព៖ AFP
លោក ចូ បៃឌិន និងលោក Pete Buttigieg អំឡុងការតស៊ូមតិក្នុងជួរបក្សប្រជាធិបតេយ្យ កាលពីខែកុម្ភៈ កន្លងទៅ ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​ជាប់ឆ្នោត ចូ បៃ​ឌិន បានប្រកាស​តែងតាំង​អតីត​គូប្រជែង​ចាស់ លោក Pete Buttigieg ធ្វើជា​បេក្ខភាព​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​អាមេរិក ។ ការតែងតាំង​នេះ ធ្វើ​ឲ្យ​លោក Buttigieg ក្លាយជា​គូប្រជែង​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ​សម្រាប់​បេក្ខភាព​ប្រធានាធិបតី​របស់លោក បៃ​ឌិន ដំបូង​គេ ដែល​ទទួលបាន​តំណែង​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​១៥ ខែធ្នូ លោក ចូ បៃ​ឌិន បានប្រកាសថា លោក​តែងតាំង​លោក Pete Buttigieg សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​ដឹកជញ្ជូន ក៏​ព្រោះតែ​លោក​ពោរពេញ​ដោយ​សមត្ថភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ប្រទាក់ក្រឡា​គ្នា​ខ្លាំង​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ការងារ អាកាសធាតុ និង​សមធម៌​។  
 
​ការតែងតាំង​លោក Buttigieg ដែលមាន​វ័យ ៣៨​ឆ្នាំ ជួយ​លើកស្ទួយ​ប្រជាប្រិយភាព​មួយកម្រិត​ទៀត​ក្នុង​ឆាកនយោបាយ​របស់​អតីត​អភិបាលក្រុង South Bend នៃ​រដ្ឋ Indiana នេះ​។ Buttigeg បានបង្ហាញ​ឥទ្ធិពល​គួរ​ឲ្យ​ភ្ញាក់ផ្អើល កាល​ធ្វើ​បេក្ខជន​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​។ ប្រសិនបើ​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក លោក​ក៏​នឹង​ក្លាយជា​រដ្ឋមន្ត្រី​ដែលជា​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ដោយ​បើកចំហ​ទីមួយ​ផងដែរ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​។ 
 
​នៅ​ក្រសួង​ដឹកជញ្ជូន​អាមេរិក កិច្ចការ​ស្នូល​លោក Buttigieg គឺ​ទទួលខុសត្រូវ​លើ​ផែនការ​ជាច្រើន​របស់លោក បៃ​ឌិន ដែលមាន​គោលដៅ​ជំរុញ​ការចំណាយ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ រួមមាន ការបង្កើត​ស្ថានីយ៍​សាក​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី ៥៥​ម៉ឺន​ទីតាំង និង​បង្កើន​ការចំណាយ​លើផ្លូវ​ដែក​ល្បឿន​លឿន និង​គម្រោង​បៃតង​ផ្សេងទៀត ក៏ដូចជា​បញ្ចុះបញ្ចូល​ស​ភា​អាមេរិក​ឲ្យ​ស្វែងរក​វិធី​សម្រាប់​ការចំណាយ​ថ្មី​ជាដើម​។ 
 
​ជាមួយ​តំណែង​នេះ លោក Buttigieg ក៏​នឹង​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​ក្នុង​វិស័យ​អាកាសចរណ៍ ជាអាទិ៍ ផែនការ​របស់​សភា​ក្នុងការ​ចូលរួម​វិនិច្ឆយ​របៀប​ដែល​រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធ​អាមេរិក​ទទួលស្គាល់​ជា​ផ្លូវការ​យន្តហោះ​ថ្មី​។ ផែនការ​រឹតបន្តឹង​នេះ ធ្វើឡើង​ក្រោយ​ហេតុការណ៍​ធ្លាក់​យន្តហោះ Boeing 737 Max ២​គ្រឿង ដែល​បង្ខំ​ឲ្យ​បញ្ឈរជើង​យន្តហោះ​ធុន​នេះ​២០​ខែ​។ 
 
​លោក Buttigieg ជា​គូប្រជែង​ដ៏​ខ្លាំងក្លា​មួយ មួយ​អំឡុង​ការ​ប្រជែង​ដណ្ដើម​កៅអី​បេក្ខភាព​ប្រធានាធិបតី​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ ដោយ​លោក​បានឈ្នះ​ការបោះឆ្នោត​របស់​អ្នកគាំទ្រ​ក្នុង​រដ្ឋ Iowa ហើយ​លោក​ក៏មាន​ប្រជាប្រិយ​ភាពខ្លាំង​លើ​បណ្ដាញ​សង្គម​។ យ៉ាងណាមិញ ក្រោយ​លោក បៃ​ឌិន ក្លាយជា​បេក្ខជន​នាំមុខ​ក្នុង​ជួរ​បក្ស​ប្រជាធិបតេយ្យ លោក Buttigieg ភ្លាមៗ​នោះ បាន​បោះបង់​ចោលការ​ប្រណាំងប្រជែង​នេះ ហើយ​ប្រកាស​គាំទ្រ​លោក បៃ​ឌិន ជា​សាធារណៈ​។ 
 
​សូមបញ្ជាក់ថា លោក Buttigieg ជា​អតីត​កងទ័ពជើងទឹក​អាមេរិក ដែល​ធ្លាប់​ចូលធ្វើ​សង្គ្រាម​ក្នុងប្រទេស​អា​ហ្វ​ហ្កា​នី​ស្ថាន ក្នុង​ឆ្នាំ​២០១៤ ហើយ​លោក​ក៏​ត្រូវបាន​ពិចារណា​ឲ្យ​ដឹកនាំ​ក្រសួង​កិច្ចការ​អតីតយុទ្ធជន​អាមេរិក​ផងដែរ ប៉ុន្តែ​តំណែង​នេះ បាន​ធ្លាក់​ទៅ​ដល់ដៃ​អតីត​ទីប្រឹក្សា​សេត​វិមាន​អាមេរិក​អាណត្តិ​ប្រធានាធិបតី អូ​បា​ម៉ា លោក Denis McDonough វិញ​។ ដោយ​ម្យ៉ាង​ការតែងតាំង​លោក Buttigieg ក៏​ស្របគ្នា​នឹង​ការតាំង​ចិត្ត​លោក បៃ​ឌិន ដើម្បី​មាន​គណៈរដ្ឋមន្ត្រី​ចម្រុះ​ផងដែរ ៕ 

Tag:
 សហរដ្ឋអាមេរិក​
  ចូ បៃ​ឌិន​
  Pete Buttigieg
© រក្សាសិទ្ធិដោយ thmeythmey.com