ជាតិ
សង្គមជាតិ
តុលាការខេត្តកណ្តាល លក់ទ្រព្យសម្បត្តិរោងចក្រ២ ក្នុងតម្លៃជាង១,៧លានដុល្លារ ដើម្បីយកសងកម្មករ
16, Dec 2020 , 1:50 pm        
រូបភាព
អាជ្ញាសាលានៃតុលាការខេត្តកណ្តាល ប្រកាសដាក់លក់ឡាយឡុងជាសាធារណៈនូវចលនទ្រព្យនៃរោងចក្រសម្លៀកបំពាក់ ឌីកនើធី នីតធើរ លីមីតធីត (Dignity Knitter Limited) និង ចលនទ្រព្យនៃរោងចក្រសម្លៀកបំពាក់ អ៊ីខូ បេស ហ្វេកធើរី (ECO BASE FACTORY LTD.) ដែលរោងចក្រទាំង២នេះ ស្ថិតក្នុងភូមិព្រែកតាព្រឹង សង្កាត់សិត្បូ ក្រុងខ្មៅ ខេត្តកណ្តាល។ លោក យឹម កេតធី ជាអាជ្ញាសាលានៃតុលាការខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងស្តីពីការលក់ចលនវត្ថុនៃរោងចក្រទាំង២នេះ។



យោងតាមសេចក្តីជូនដំណឹង ចលនវត្ថុនៃរោងចក្រទាំង២ខាងលើ ត្រូវដាក់លក់ឡាយឡុង ក្នុងតម្លៃអប្បបរមា (តម្លៃទាបបំផុត) ជាង១លាន៧សែនដុល្លារ (១ ៧៧៧ ០០០ ដុល្លារ) ហើយការលក់ នឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ទៅ។ សេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បញ្ជាក់ថា ក្រុមហ៊ុន ឬជនដទៃទៀត ដែលមានបំណងទិញ ត្រូវដាក់ពាក្យចូលរួមដេញថ្លៃទៅតុលាការខេត្តកណ្តាល និងត្រូវដាក់ប្រាក់ធានា១០ភាគរយជាមុន លើសំណើទិញ។

លោក សូ សារិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី១៦ ខែធ្នូនេះថា គោបំណងនៃការលក់ចលនវត្ថុនៃរោងចក្រទាំង២ គឺដើម្បីយកប្រាក់ទៅសងម្ចាស់បំណុល ដោយក្នុងនោះ កម្មករ-កម្មការនី ក៏ជាម្ចាស់បំណុលដែរ។ យ៉ាងណា ក្រៅពីកម្មករ-កម្មការិនី លោក ពុំទាន់ដឹងច្បាស់ឡើយថា ភាគីណាផ្សេងទៀត ដែលជាម្ចាស់បំណុលលើរោងចក្រទាំង២នេះដែរ។

ប្រធានផ្នែករដ្ឋបាលតុលាការខេត្តកណ្តាលរូបនេះ មានប្រសាសន៍ដូច្នេះថា៖«សំណុំរឿង មានច្រើន ពេលសួរភ្លាមអ៊ីចឹង ខ្ញុំ ចាំមិនអស់ទេ [ថា ភាគីណាខ្លះ ជាម្ចាស់បំណុល]។ តែគោលបំណងទី១ គឺកម្មករហ្នឹងហើយ»។

ម្យ៉ាងទៀត លោក ក៏ពុំបានចាំដែរថា មានកម្មករ-កម្មករិនីប៉ុន្មាននាក់ ដែលត្រូវបានចាត់ទុកជាម្ចាស់បំណុល ហើយនឹងត្រូវទទួលបានប្រាក់សំណងពីការលក់ចលនវត្ថុនៃរោងចក្រទាំង២នេះ។ លោក គ្រាន់តែអះអាង រាល់ម្ចាស់បំណុល ដែលចង់បានសំណង គឺត្រូវដាក់ពាក្យទាមទារ។

រោងចក្រទាំង២ខាងលើ មានកម្មករ-កម្មការិនី ជាង១ពាន់នាក់។ កន្លងមក ក្រុមកម្មករ-កម្មការិនីនៃរោងចក្រទាំង២នេះ បាននាំគ្នាទៅតវ៉ា ដើម្បីទាមទារប្រាក់សំណងពីថៅកែ ហើយក៏ធ្លាប់មានកម្មករ-កម្មការនីមួយចំនួន ដេកនៅមុខរោងចក្រដែរ ដើម្បីរង់ចាំដំណោះស្រាយពីថៅកែ។

សារព័ត៌មាន VOD បានចុះផ្សាយពីសម្តីរបស់លោក ស៊ាង យ៉ូត ជាមន្រ្តីផ្នែកច្បាប់នៃសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) នាពេលកន្លងមកថា សំណងសរុប ដែលថៅកែជំពាក់កម្មករ-កម្មការិនី មានជាង១លាន១៦ម៉ឺនដុល្លារ៕

Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com